លោក​កឹម​សុខា តែងតាំង​ក្រុមការងារ ២ ក្រុម ដើម្បី​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

ភ្នំពេញ: លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានចេញ​លិខិត​ពីរ កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ជូន​សម្តេច​តេ​ជោ ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ លិខិត​នោះ មួយ ស្តីពី ការចាត់តាំង​សមាសភាព​ក្រុមការងារ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពិនិត្យ​លទ្ធភាព ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា ដែលមាន​សមាសភាព ៦ រូប ដឹកនាំ​ដោយ​លោក ប៉ុល ហំ​ម និង​លិខិត​មួយទៀត ស្តីពី សមាសភាព​គណៈកម្មកា​រ​ចំពោះ​កិច្ច ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព ដែលមាន​សមាសភាព ៥​រូប ដឹកនាំ​ដោយ​លោក សុន ឆ័យ​។​

​លិខិត​របស់លោក កឹម​សុខា ដែល​ចម្លងជូន​សម្តេច​ក្រឡាហោម សខេង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា ការចាត់តាំង​សមាសភាព​ក្រុមការងារ​ទាំងពីរ​នេះ បានធ្វើ​ឡើង ដោយ​យោងតាម​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ និង​យោងតាម​សេចក្តីថ្លែងការណ៍​រួម​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥​។​

​សមាសភាព​ក្រុមការងារ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពិនិត្យ​លទ្ធផល ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៦ រូប រួមមាន​៖ ១-​លោក ប៉ុល ហំ​ម ប្រធាន ២-​លោក យឹម សុវណ្ណ អនុប្រធាន ៣-​លោក អ៊ូ ច័ន្ទ​ឫទ្ធិ អនុប្រធាន ៤-​លោក អេង ឆៃអ៊ាង សមាជិក ៥-​លោក ម៉ៅ មុនី​វណ្ណ សមាជិក និង​៦-​លោក ហូរ វ៉ាន់ សមាជិក​។

​ចំណែក​សមាសភាព​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព ដែល​លោក​កឹម​សុខា ជម្រាបជូន​សម្តេច​ហ៊ុនសែន រួមមាន​៖ ១-​លោក សុន​ឆ័យ ប្រធាន ២-​លោកស្រី កែ សុវណ្ណ​រតន៍ អនុប្រធាន ៣-​លោក អ៊ូ ច័ន្ទ​ឫទ្ធិ អនុប្រធាន ៤-​លោក គឹម​សួរ ភី​រិ​ទ្ធ សមាជិក និង​៥-​លោក កែវ ភិរម្យ សមាជិក​។​

​រហូតដល់​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​មកដល់​គណបក្ស​ប្រជាជន​កម្ពុជា នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​លោក​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​រៀបចំ​ការងារ​តែងតាំង​សមាសភាព​ក្រុមការងារ​ទាំងពីរ​នោះ​ហើយ​។​

​លោក សុខ ឥ​សាន្ត បាន​គូសបញ្ជាក់ថា "​ខ្ញុំ​មិនទាន់​ដឹង​ករណីនេះ​ទេ​។ តែ​ខ្ញុំ​ដឹងថា គណៈកម្មការ​ចំពោះ​កិច្ច ក៏ដូចជា​គណៈកម្មការ​ចម្រុះ ដើម្បី​លើក​កម្រិត​នៃ​វប្បធម៌​សន្ទនា​នេះ យើង​កំពុងតែ​រៀបចំ​។ យើង​កំពុងតែ​រៀបចំ​ហើយ នឹង​ចេញ​សេចក្តីសម្រេច​ឆាប់ៗ​នេះហើយ ( សមាសភាព​ក្រុមការងារ​ទាំងពីរ​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា )​។ នៅ​មិនទាន់​ដឹង​ពី​សមាសភាព​ទេ គ្រាន់តែ​ដឹងថា រៀបចំ​ហើយ​។ ចាំ​ចេញ​សេចក្តីសម្រេច ចាំ​ដឹង​តែម្តងទៅ ព្រោះ​ឥឡូវ​មិនទាន់​ជា​ផ្លូវការ​"​។

​លោក សុខ ឥ​សាន្ត បន្តថា "​យើង​កំពុង​រៀបចំ ហើយ​អាច​ចេញ​ឆាប់ៗ​នឹង​ហើយ ពីព្រោះ​យោងតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង ថ្ងៃ​១០ ខែ​១២ គឺ​គណបក្ស ( ប្រជាជន​កម្ពុជា ) កំពុងតែ​យកចិត្តទុកដាក់​ក្នុងការ​រៀបចំ ( សមាសភាព​គណៈកម្មកា​រ និង​ក្រុមការងារ​ទាំងពីរ )"៕

លោក​កឹម​សុខា តែងតាំង​ក្រុមការងារ ២ ក្រុម ដើម្បី​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

លោក​កឹម​សុខា តែងតាំង​ក្រុមការងារ ២ ក្រុម ដើម្បី​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា