មនុស្ស​ចំនួន​៩១​នាក់​កំពុង​បាត់​ខ្លួន​បន្ទាប់​ពី​មាន​ការបាក់​ដី​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន

មនុស្ស​ចំនួន​៩១​នាក់​កំពុង​បាត់​ខ្លួន​បន្ទាប់​ពី​មាន​ការបាក់​ដី​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន

ក្រុម​ជួយ​សង្គ្រោះ​កំពុង​រុក​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ក្នុង​ចំណោម​គំណរ​នៃ​អគារបែក​បាក់ ក្នុង​ខេត្ត​ Guangdong កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥។​

អាជ្ញាធរ​ចិន​និយាយ​ថា​ ឥឡូវ​នេះ​មាន​មនុស្ស​ចំនួន​៩១​នាក់​កំពុង​បាត់​ខ្លួន​បន្ទាប់​ពី​មាន​ការបាក់​ដី​ដ៏​ធំ​មួយ​ ដែល​បាន​កប់​សួន​ឧស្សាហកម្ម​មួយ​នៅ​ទីក្រុង​ Shenzhen ក្នុង​ខេត្ត​ Guangdong កាល​ពី​ថ្ងៃ​អាទិត្យ។

សាក្សី​និយាយ​ថា​ មាន​ដី​ភក់​យ៉ាង​ច្រើន​បាន​ហូរ​មក​រុំព័ទ្ធ​សួន​ឧស្សាហកម្ម​នោះ​ ហើយ​បាន​កម្ទេច​ឬ​បំផ្លិច​បំផ្លាញ​អាគារ​ចំនួន​៣៣​ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​រោងចក្រ​ចំនួន​១៤​ អគារ​ការិយាល័យ​ចំនួន​២ និង​អន្តេវាសិកដ្ឋាន​ចំនួន​៣​ផង​ដែរ។ មន្ត្រី​ផ្នែក​សង្គ្រោះ​បន្ទាន់​ចំនួន​១៥០០​នាក់​កំពុង​តែ​ព្យាយាម​ស្វែងរក​និង​ជួយ​សង្រ្គោះ​ជនរងគ្រោះ​ នៅ​ក្នុង​កម្ទេច​បាក់បែក​ដែល​មាន​ទំហំ​៥ម៉ឺន​ម៉ែត្រ​ការ៉េ​នោះ។
 

ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួរ​របស់​ចិនបាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​បាន​បាត់​ខ្លួន​នោះ​រួម​មាន​បុរស​ចំនួន​៥៩​នាក់​និង​ស្រ្តី​ចំនួន​៣២​នាក់​។ ហើយ​មនុស្ស​ប្រមាណ​ចំនួន​៩០០​នាក់​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​កន្លែង​កើតហេតុ​មុន​ពេល​មាន​ការបាក់ដី​នោះ។ ​

សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយក្រសួង​ដី​និង​ធនធាន​បាន​ឲ្យ​ដឹង​ថា គំនរ​នៃ​សំណល់​ពី​ការសាងសង់​និង​ភក់​ដែល​មាន​កំពស់​១០០​ម៉ែត្រ​ដែល​ត្រូវ​បាន​គេ​រក្សា​នៅ​កន្លែង​គាស់​ថ្ម​ចំណាស់​មួយ​កន្លែង ​បាន​បែកធ្លាយ​បន្ទាប់​ពី​មាន​ព្យុះ​ភ្លៀង​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់​។ ការបាក់ដី​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​ការផ្ទុះ​នៅ​ក្បែរ​បំពង់​ហ្គាស​ធម្មជាតិ​មួយ​ដែល​ជា​របស់​ក្រុមហ៊ុន​ផលិត​ប្រេង​និង​ហ្គាស​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ចិនគឺ​ក្រុមហ៊ុន PetroChina៕