សមត្ថកិច្ច​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ​នៅ​ស្ថានីយ​បូមទឹក​បឹង​ទំពុន ផ្អើល​ប្រជាពលរដ្ឋ​​ទាំង​យប់

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ​ម៉ោង​១០ និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ធ្នូ ២០១៥ សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ​គាស់​ផ្ទះ​ម្នាក់​នៅ​ចំណុច​ស្ថានីយ​បូមទឹក​បឹង​ទំពុន តាម​បណ្ដោយ​ផ្លូវ​៣៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បន្ទាប់​ពី​ចាប់​ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​បាន​ម្នាក់ ឯ​ម្នាក់​ទៀត​លោត​ចូល​ទៅ​ក្នុង​លូ​ទឹក​ស្អុយ​ម្តុំ​ទីនោះ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បានមាន​​ឈ្មោះ ជី មុំ អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​សំបុក​ចាម សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ទំពុន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​កំពុង​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ក៏​ប្រទះ​ឃើញ​មុខសញ្ញា​ចាស់​ដែល​ជំនាញ​ខាង​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ពេល​យប់​ជា​ញឹកញាប់​២​នាក់ ហើយ​ប្រហែលជា​បម្រុង​ធ្វើ​សកម្មភាព​​គាត់​ផ្ទះ​ប្រជាពលរដ្ឋ​ទៀតផង​ សមត្ថកិច្ច​ក៏​តាម​ស្ទាក់​ចាប់​បាន​ម្នាក់ ឯ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន ហើយ​លោត​ចូល​លូ​ទឹក​ស្អុយ​បាត់​តែ​ម្តង ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ឡោម​ព័ទ្ធ​ដើម្បី​ចាប់​ជនសង្ស័យ​ម្នាក់​ទៀត​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ក្រោយ​ពី​ចាប់ខ្លួន​បាន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕