GMAC ថ្កោលទោស​បាតុករ​នៅ​ខេត្តស្វាយរៀង និង​ចាត់​ទុ​ថា​ជា​ក្រុម​ជ្រុលនិយម​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានចេញ​លិខិត​ថ្កោលទោស​ចំពោះ​កម្មករ ដែល​បានទាមទារ​ដំឡើង​ប្រាក់​ឈ្នួល កាលពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២១ ខែធ្នូ​នេះ ។ លិខិត​នោះ បានចាត់ទុក​កម្មករ​មួយចំនួន​ថា ជា​ក្រុម​ជ្រុលនិយម​។

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ហៅ​ក្រុមកម្មករ ដែល​បាន​ប្រើ​អំពើហិង្សា ដោយ​ការ​វាយបំផ្លាញ​រោងចក្រ និង​ញុះញង់​ដល់​កម្មករ​ដទៃទៀត ថា​ជា​ក្រុម​ជ្រុលនិយម​។ ទង្វើ​បែបនេះ គឺជា​ការគំរាមកំហែង​ផ្នែក​សន្តិសុខ ដល់​កម្មករនិយោជិត​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ផ្សេងទៀត ដែល​កំពុង​បំពេញការងារ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេ​ហាត​ធេ​ន និង​តាយសេង នៅក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង​។ នេះ​បើតាម​លិខិត​ថ្កោល​ទោល​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​ចុះ​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ។​

​ខ្លឹមសារ​លិខិត​នោះបាន​បន្តថា រោងចក្រ​សរុប​ចំនួន ៤៥ ដែល​បាន​ផលិត​សម្លៀកបំពាក់ ស្បែកជើង កង់ ឆត្រ អំពូល​ភ្លើង និង​ផលិតផល​ដទៃទៀត ដែល​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ បាន​រង​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ដូចជា​ការខូចខាត​ទ្រព្យសម្បត្តិ ការខូចខាត​ផ្នែក​ផលិតកម្ម​ទាំងស្រុង ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ភាពយឺតយ៉ាវ ដល់​ការបញ្ជូន​ផលិតផល​ដល់​អ្នកបញ្ជា​ទិញ​។​

​លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ទទួលស្គាល់ថា កម្មករ​មួយចំនួន​ពិតជា​បាន​ប្រើ​ដុំថ្ម​គប់​រោងចក្រ​មែន តែ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​រោងចក្រ​នោះទេ​។ ស្រប​ពេ​នេះ​ដែល លោក បាន​ក៏​ស្នើ​ដល់​កម្មករ​ទាំងនោះ ឲ្យ​តវ៉ា​ទាមទារ​ដោយ​សន្តិវិធី និង​ចៀសវាង​ដាច់ខាត​ការប្រើ​អំពើហិង្សា​។

​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​រូបនេះ​បាន​បន្ថែមទៀតថា ដើម្បី​បញ្ឈប់​ការទាមទារ សមត្ថកិច្ច​គួរតែ​ដោះលែង​កម្មករ​ទាំង​៣០​នោះ ចំណែកឯ​ភាគី​និយោជក ត្រូវតែ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​កម្មការិនី​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា បើ​ចង់​បញ្ឈប់​ការតវ៉ា សមត្ថកិច្ច​គួរតែ​ដោះលែង​ពួកគេ ហើយ​ខាង​រោងចក្រ​ត្រូវតែ​ដោះស្រាយ​នូវ​អ្វីដែល​កម្មករ​ទាមទារ​»​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេ​ហាត​ធេ​ន និង​តាយសេង ស្ថិតក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង បាននាំគ្នា​តវ៉ា និង​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ប្រាក់​ឈ្នួល​អប្បបរមា ១៤០ ដុល្លារ ដែល​ក្រុមប្រឹក្សា​ការងារ​អនុម័ត កាលពីដើម​ខែតុលា ឆ្នាំ​២០១៥ កន្លងមក​។ នៅ​ថ្ងៃទី​២១ ខែធ្នូ​នេះ បាតុករ​ជាង​៣០​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដោយសារតែ ការបិទផ្លូវ រុញ​ទ្វារ និង​ប្រើ​ដុំថ្ម​គប់​រោងចក្រ​៕