ចិន ជំរុញអាមេរិក ឲ្យឈប់បញ្ជូន នាវាចម្បាំង ទៅកាន់ សមុទ្រចិន ខាងត្បូងទៀត

ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានជំរុញដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់បញ្ជូន យន្ដហោះ និងនាវាចម្បាំង ទៅជិតកោះសិប្បនិម្មិតបស់ក្រុងប៉េកាំង ស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា នៅកិច្ច សន្ទនា តាមទូរស័ព្ទជាមួយនឹង រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃឺរី លោក វ៉ាង បានប្រកាសពី “ជំហរយ៉ាងឱឡារិក” របស់ចិន និងបានប្រាប់ទៅលោក ឃឺរី បន្ថែមទៀតថា អាមេរិកគួរបញ្ឈប់ការលក់ សព្ពាវុធទៅឲ្យតៃវ៉ាន់ទៀត។

ដោយឡែកសេចក្ដីថ្លែងការណ៍ បានដកស្រង់សម្ដីរបស់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង បន្ដ ទៀតថា “ស្របពេលអាមេរិក និងចិន កំពុងស្វែងរកកិច្ចសហការទ្វេភាគី នោះអាមេរិក គួរតែគោរពដល់ចំណាប់ អារម្មណ៍ និងការព្រួយបារម្ភរបស់ភាគីចិនដែរ ហើយត្រូវបានបញ្ឈប់ការតំឡើងសាច់ដុំ លើផ្នែកប្រដាប់ អាវុធថែមទៀត”។

កិច្ចសន្ទនានេះធ្វើឡើង ក្រោយពីអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក ប្រភេទ B-52 ទៅកាន់ តំបន់មានជម្លោះ និងមានការហោះហើរដោយអចេតនា ជុំវិញកោះសិប្បនិម្មិត ដែលជារបស់ចិនទៀត ផង។ ប៉ុន្ដែលោក ឃឺរី បានលើកឡើងថា អាមេរិក តែងតែត្រៀមផ្លាស់ប្ដូរទស្សនៈពាក់ព័ន្ធអាចនឹង បំផ្លាញ កិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិក៕

ចិន ជំរុញអាមេរិក ឲ្យឈប់បញ្ជូន នាវាចម្បាំង ទៅកាន់ សមុទ្រចិន ខាងត្បូងទៀត