ការ​ធ្វើ​នំ​បញ្ចុក​របស់​អ្នក​ខេត្ត កំពង់ស្ពឺ


ការ​ធ្វើ​នំ​បញ្ចុក​របស់​អ្នក​ខេត្ត កំពង់ស្ពឺ

ការ​ធ្វើ​នំ​បញ្ចុក​របស់​អ្នក​ខេត្ត កំពង់ស្ពឺ

 

 

យើង​ធ្លាប់​បាន​ញ៉ាំ​នំ​បញ្ចុក​ ដោយ​មាន​​រសជាតិ​ផ្សេងៗ​ជាច្រើន ដូចជា សម្លប្រហើ សម្ល​ការី សម្លណាមយ៉ា ទឹកត្រី​ផ្អែម និង​របៀប​ញ៉ាំ​ផ្សេងៗ​ទៀត ដោយ​ប្រិយមិត្ត​មួយ​ចំនួន​មិន​ធ្លាប់​ដឹង​ និង​ស្គាល់​ពី​របៀប​ធ្វើ​សរសៃ​នំ​បញ្ចុក​ទេ។

 
ការ​ធ្វើ​នំ​បញ្ចុក​របស់​អ្នក​ខេត្ត កំពង់ស្ពឺ

 

ដូចនេះ​យើង​នឹង​ទៅ​ជួប​ជា​មួយ លោក ហ៊ន ជាគ្រួសារ​មួយ​​ដែល​​ជំនាញ​ខាង​ធ្វើ​នំបញ្ចុក​យូរ​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។ ​ការ​ធ្វើ​ដំណើរ​ចេញ​ពី​រាជធានី​ភ្នំពេញ​ប្រមាណ50គីឡូម៉ែត្រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ4 ហួស​ទី​រួម​ខេត្ត​កំពង់​ស្ពឺ​ ប្រហែល​3​គីឡូម៉ែត្រ យើង​​នឹង​បាន​ឃើញ​ស្ពាន​មួយ​ឆ្លងកាត់​ស្ទឹង​ព្រែក​ត្នោត បន្ទាប់​មក​ងាក​​មក​មើល​ខាង​ស្ដាំដៃ លោក​អ្នក​នឹង​បាន​ឃើញ​ភូមិ​មួយ​ដែល​មាន​អ្នក​ភូមិ​ធ្វើ​នំ​បញ្ចុក។ នៅ​ក្នុង​ភូមិ គឺ​ដើម​ឡើយ​មាន​ធ្វើ​នំ​បញ្ចុក​ច្រើន​ តែ​ឥឡូវ​ភូមិ​ រំលោង គឺ​មាន​នៅ​សល់តែ​ប្រជាជន​ប្រមាណ2ទៅ 3 គ្រួសារ នៅ​បន្ដ​ប្រកប​របបរ​ធ្វើ​នំបញ្ចុក បន្ទាប់ពី​ការ​ធ្វើស្រែ​របស់ពួកគាត់។​

 

លោក ហ៊ន ស្ថិត​ ក្នុងវ័យ45ឆ្នាំ​បាននិយាយ​ថា ការ​ធ្វើ​នំ​បញ្ចុក​នេះ គឺ​ខ្ញុំ​បាន​រៀន​ធ្វើ​ត​ពី​ឪពុក-ម្ដាយ​ និង​ធ្វើ​តាំង​ពី​ដូន​តា​មក​ម្ល៉េះ ដោយ​របៀប​ធ្វើ​នំ​បញ្ចុក​នេះ​បាន​ជួយ​ផ្ដល់​ប្រាក់​ចំណូល​មួយ​ចំណែក​សម្រាប់​គ្រួសារ​លោក​ ហ៊ន​ដែរ។ អ្នក​ជំនាញ​ធ្វើ​នំ​បញ្ចុក​ខ្មែរ​រូប​នេះ បន្ដ​ថា ដោយ​ការ​ធ្វើ​នំ​បញ្ចុក​ត្រូវ​ការ​កម្លាំង​ច្រើន និង​មាន​ច្រើន​ដំណាក់​កាល​។

 

ទាក់ទង​​នឹង​​របៀប​​ធ្វើ​​នំ​​បញ្ចុក​ លោក ហ៊ន បាន​​បង្ហើប​​ប្រាប់​ថា អង្ករ​១​គីឡូ​ក្រាម អាច​ធ្វើ​​នំ​​បញ្ចុក​​បាន​​ចំនួន ២ គីឡូ ហើយ​​ដំណាក់​កាល​​នៃ​ការ​ធ្វើ​នំ​បញ្ចុក​មាន៖

 

១-ត្រាំអង្ករ ១យប់
២-លាងអង្ករដែលត្រាំរួច ហើយយកទៅកិន
៣-បន្ទាប់ពីកិនរួចត្រូវច្រកក្នុងថង់ស្រណាត់ សង្កត់ទុក ១យប់
៤-យក​ដុំម្សៅ​ដែល​សង្កត់​រួចហើយ​ទៅ​ស្ងោរ ៣៥ នាទី
៥-រួចយក​ទៅ​វ៉ៃ​លាយ​ទឹក​អោយ​ទន់ល្មម
៦-យក​ដាក់​ក្នុង​ប៉ែន រួច​រោយ​នៅក្នុង​ទឹក​កំពុងពុះ
៧-ដួស​សរសៃ​នំយក​ទៅ​លាង​ទឹក​ត្រជាក់
៨-ទើប​ចាប់​ជា​ចង្វាយ ទើប​ជា​ការស្រេច

 

ការ​ធ្វើ​នំ​បញ្ចុក​របស់​អ្នក​ខេត្ត កំពង់ស្ពឺ

 

ការ​ធ្វើ​នំ​បញ្ចុក​របស់​អ្នក​ខេត្ត កំពង់ស្ពឺ

 

ការ​ធ្វើ​នំ​បញ្ចុក​របស់​អ្នក​ខេត្ត កំពង់ស្ពឺ

 

ការ​ធ្វើ​នំ​បញ្ចុក​របស់​អ្នក​ខេត្ត កំពង់ស្ពឺ

 

ជា​ចុង​ក្រោយ​លោក​ ហ៊ន បាន​និយាយថា “ខ្ញុំ​នឹង​មិន​បោះ​ប​ង់ការ​ធ្វើ​នំ​បញ្ចុក​នេះ​ទេ ព្រោះ​លោក​ចង់​រក្សា​ប្រពៃណី​នៃ​ការ​ធ្វើ​នំ​បញ្ចុក​នេះ​អោយ​បាន​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ផងដែរ បើ​ទោះ​បីជា​បច្ចុប្បន្ន​មាន​សិប្បកម្ម​ទំនើប​ជាច្រើន​កំពុង​ផលិត​នំ​បញ្ចុក​ដោយ​ម៉ាស៊ីន​ក៏ដោយ”៕

 

អត្ថបទ៖ ព្រំដែន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!