រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កោះប្រជុំ​ជាមួយ​ប្រធាន​តុលាការ ព្រះរាជអាជ្ញា​មកពី​តុលាការ​ទូទាំងប្រទេស ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច​

ភ្នំពេញ: ​លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ត្រូវ​ជួបប្រជុំ​ជាមួយនឹង​ប្រធាន​តុលាការ ព្រះរាជអាជ្ញា មកពី​តុលាការ​ទូទាំងប្រទេស ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច ដើម្បី​និយាយ​ពី​ការងារ​ពង្រឹង​សន្តិសុខ​សាធារណៈ បង្ការ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​។ កិច្ចប្រជុំ នឹងធ្វើ​ឡើង នៅ​ម៉ោង ៨ និង ៣០ នាទី ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​នេះ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌​។​

​ក្នុង​លិខិត ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ លោក​អង្គ​វង្ស វ​ឌ្ឍា​នា បាន​ជម្រាបជូន​ប្រធាន​សាលាដំបូង​រាជធានី​ខេត្ត និង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត​ទូទាំងប្រទេស ដើម្បី​ចូលរួម​កិច្ចប្រជុំ ស្តីពី កិច្ចសហការ​អនុវត្ត​ច្បាប់ រវាង​តុលាការ អយ្យការ និង​នគរបាល​យុត្តិធម៌ ក្នុង​ការងារ​ពង្រឹង​សន្តិសុខ​សាធារណៈ បង្ការ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​។ កិច្ចប្រជុំ​រួម​នោះ នឹងធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​យុត្តិធម៌ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង ៨ និង ៣០​នាទី ដល់​ម៉ោង ១១ និង ៣០ នាទី​ព្រឹក​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏បាន​ជួបប្រជុំ​ជាមួយ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត ទូទាំងប្រទេស ដើម្បី​ពិនិត្យ​ការងារ​របស់​ស្ថាប័ន​អយ្យការ​របស់​តុលាការ​។ រដ្ឋមន្ត្រី បាន​តម្រូវ​ឲ្យ​ព្រះរាជអាជ្ញា ប្រមូល​ទិន្នន័យ និង​រាយការណ៍​ជូន​អង្គប្រជុំ​អំពី​ចំនួន​សំណុំរឿង​ពាក់ព័ន្ធ​នឹង​អំពើ​លួច ឆក់ និង​ប្លន់ ដែល​កំពុង​ស្ថិតក្នុង​ចំណាត់ការ​អយ្យការ និង​តុលាការ ដែល​បាន​ចាត់ការ​រួច និង​ដែល​ទណ្ឌិត ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​។

​ក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏បាន​តម្រូវ​ឲ្យ​ព្រះរាជអាជ្ញា ត្រូវធ្វើ​កិច្ចសហការ​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច ដើម្បី​ជៀសវាង​ការដោះលែង​ជនល្មើស ជា​ចោរប្លន់ និង​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​បណ្តាល​ឲ្យ​កើតមាន​អំពើ​ប្លន់ កក្រើក​ឡើងវិញ នៅ​ស្ទើរ​ទូទាំងប្រទេស នាពេល​ថ្មីៗ​នេះ​៕​