​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​

​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​

ឆ្នាំ​២០១៥​នេះ​មាន​ព្រឹត្តិការណ៍​បាល់ទាត់​ជា​ច្រើន​ទាំង​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​បាន​កើត​ឡើង​នៅ​ក្នុង​វិស័យ​បាល់ទាត់កម្ពុជា​ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​ដូច​ជា​​ ក្រុម​កម្ពុជា​បាន​ឆ្លង​ផុត​ជុំ​ទី​មួយ​នៃ​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ ក្រុមយក្ស​ជប៉ុន​បាន​មក​ប្រកួត​​​នៅ​កម្ពុជា និង​ក្រុម​បឹងកេត​អង្គរ​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Toyota Mekong Club Championship ជា​ដើម។  Sabay សូម​សង្ខេប​យក​ព្រឹត្តិការណ៍​សំខាន់ៗ​​ប្រចាំ​ឆ្នាំ​ចំនួន​​១០​​រឿង​សម្រាប់​វិ័យ​បាល់ទាត់​កម្ពុជា។

 

​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​

ស្វាយរៀង​ជា​ជើង​ឯក Hun Sen Cup 2015

១- Hun Sen Cup
ពាន​បាល់ទាត់​សម្តេច​ ហ៊ុន សែន​ បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​២១ មករា ដល់​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៥។ ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​ និង​បឹងកេត​អង្គរ​​បាន​ធ្លាក់​ត្រឹម​វគ្គ​១/៤​ដោយ​ក្រុម​ស្វាយរៀង និង​ណាហ្គា​វើល។ ជា​លទ្ធផល​ក្រុម​ជើង​ឯក​បាន​​ទៅ​ក្រុម​ខេត្ត​ស្វាយរៀង​ បន្ទាប់​ពី​ឈ្នះ​ណាហ្គាវើល​២-១​ ទាំង​ចម្រូង​ចម្រាស។ លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​៨០​លាន​រៀន​ និង​លេខ​ពីរ​ទទួល​បាន​៦០​លាន​រៀក​ ខណៈ​លេខ​៣​ត្រាយ​អាស៊ី​បាន​៤០​លាន​រៀល​ ហើយ​ក្រុម​ប៉ូលិស​បាន​ពាន​ Fair Play។ គ្រូ​ល្អ​បាន​ សុំ វ៉ាន់ដេត​ អ្នក​ចាំ​ទី​ល្អ​ អាំង​ សុវណ្ណារ៉ាត់​ និង​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ ប្រាក់ មុន្នីឧត្តម។

 

​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​កីឡាករ​កម្ពុជា​អបអរ​ពេល​ស៊ុត​ចូល​ម៉ាកាវ

២- កម្ពុជា vs ម៉ាកាវ
ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជម្រុះ​ World Cup​ ជើង​ទី​មួយ​ ជុំ​ទី​មួយ​ប្រចាំ​តំបន់​អាស៊ី​ ក្នុង​ដី​របស់​ខ្លួន​ដោយ​ទទួល​ភ្ញៀវ​ក្រុម​ជម្រើស​ជាតិ​ម៉ាកាវ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥​នៅ​កីឡដ្ឋាន​ស្តាត​ចាស់​ដែល​ជា​លទ្ធផល​ក្រុម​កម្ពុជា​​ទទួល​បាន​ជ័យជម្នះ​លើ​ម៉ាកាវ​៣-០។ ៣​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ ចាន់ វឌ្ឍនាកា ពីរ​គ្រាប់​ (នាទី​៦៤​ និង​៨២​) និង ឃួន ឡាបូរ៉ាវី ១​គ្រាប់​នៅ​ទី​៩០+៣។ ចំពោះ​ការ​ប្រកួត​ជើង​ទី​២​នៅ​ទឹក​ដី​ម៉ាកាវ​នៅ​ថ្ងៃ​ទី​១៧​ មីនា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ស្មើ​នឹង​ម៉ាកាវ​ដោយ​លទ្ធផល​១-១។ ១​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ ធារី ចន្ថាប៊ីន នៅ​នាទី​២៨។ សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​កម្ពុជា​ឈ្នះ​ម៉ាកាវ​៤-១ និង​បន្ត​ទៅ​ជុំ​ទី​ពីរ។

 

​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​ អ្នក​គាំទ្រ​ពេល​កម្ពុជា​ប្រកួត​នឹង​សិង្ហបុរី

៣- កម្ពុជា vs សិង្ហបុរី
ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ ជុំ​ទី​ពីរ​ ប្រចាំ​តំបន់​អាស៊ី​ ជើង​ទី​១​ ក្រុម​កម្ពុជា​បាន​ទទួល​ភ្ញៀវ​សិង្ហបុរី​នៅ​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ នៅ​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ជា​លទ្ធផល​ ម្ចាស់​ផ្ទះ​កម្ពុជា​បាន​​ចាញ់​ក្រុម​សិង្ហបុរី​ ៤-០។ ការ​ប្រកួត​នេះ​ហើយ​ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ និង​គាំទ្រ​កីឡាករ​របស់​ខ្លួន​ច្រើន​បំផុត​ បើ​ប្រៀប​ធៀប​នឹង​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ផ្សេង​ទៀត​ប្រចាំ​តំបន់​អាស៊ី។

 ​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​ក្រុម​សន្តិសុខ​ពេល​​កម្ពុជា​ប្រកួត​នឹង​ជប៉ុន

 ៤- កម្ពុជា vs ជប៉ុន
ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទាត់​ពិភព​លោក​ដែល​ក្រុម​កម្ពុជា​ទទួល​ភ្ញៀវ​នៅ​ពហុកីឡដ្ឋាន​ជាតិ​សុទ្ធ​តែ​ជា​ការ​ប្រកួត​សំខាន់​ៗ​ទាំង​អស់​ ប៉ុន្តែ​ការ​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ​​បាន​​ក្លាយ​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​អ្នក​និយម​តាម​ដាន​វិស័យ​កីឡា​កម្ពុជា បើ​ទោះ​ជា​ការ​ប្រកួត​នេះ​មាន​អ្នក​គាំទ្រ​ចូល​មើល​តិច​ជាង​ពេល​ប្រកួត​ជា​មួយ​សិង្ហបុរី​ក៏​ដោយ។ គ្រូ​បង្វឹក​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​​​​​បាន​កោះ​ហៅ​តារា​ឆ្នើម​ៗ​ទាំង​អស់​មក​ពី​តំបន់​អឺរ៉ុប​ និង​ជា​ក្រុម​យក្ស​ប្រចាំ​នៅ​ទ្វីប​អាស៊ី។ ពួក​គេ​​បាន​មក​ដល់​ទឹក​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​កម្រិត​បាល់ទាត់​ខ្សោយ​នៅ​ឡើយ ប៉ុន្តែ​​ទោះ​យ៉ាង​ណា ការ​ប្រកួត​នេះ​​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​បាន​ឈ្នះ​កម្ពុជា​តែ២-០ ប៉ុណ្ណោះ និង​បាន​ក្លាយ​ជា​ការ​ប្រវត្តិ​មួយ​សម្រាប់​កម្ពុជា។

 

​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​ក្រុម U22 កម្ពុជា​ពេល​ប្រកួត​ឈ្នះ​ហ្វីលីពីន​នៅ​ប្រទេស​ថៃ

 

៥- U-22 កម្ពុជា ក្នុង​ពាន 2016 AFC U-23 Championship 2015
ក្រុម​បាល់ទាត់​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ​បាន​ចូល​រួម​ប្រកួត​ជម្រុះ​ក្នុង​ពូល​ G នៃ​យុទ្ធនាការ​ 2016 AFC U-23 Championship នៅ​ប្រទេស​ថៃ។ ប្រកួត​លើក​ទី​មួយ​ថ្ងៃ​​ទី​២៧​ មីនា ចាញ់​ម្ចាស់​ផ្ទះ​ ថៃ​២-១ ដែល​មួយ​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ទាត់​បាល់​ហ្វ្រីឃីក​របស់​ ប្រាក់ មុន្នីឧត្តម។ ប្រកួត​លើក​ទី​ពីរ​ថ្ងៃ​ទី​២៩​ មីនា​ កម្ពុជា​ចាញ់​កូរ៉េ​ខាង​ជើង​៤-១ ដែល​មួយ​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ សារី ម៉ាត់​ណូរ៉ូទីន។ ប្រកួត​លើក​ទី​៣​ ថ្ងៃ​ទី​៣១ មីនា​ កម្ពុជា ឈ្នះ​​ ហ្វីលីពីន​ ​៣-១។ ៣​គ្រាប់​របស់​កម្ពុជា​រក​បាន​នៅ​តង់​ទី​មួយ​ដោយ​ ចាន់ វឌ្ឍនាកា​២​គ្រាប់​ និង​ ស៊ើយ​ វិសាល​រក​បាន​១​គ្រាប់។

 ​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​ក្រុម U-23 កម្ពុជា​ពេល​​ឈ្នះ​ហ្វីលីពីន ៣-១ នៅ​ស៊ីហ្គេម​

៦-U23 កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ស៊ីហ្គេម
ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​មិន​សម្រេច​គោល​ដៅ​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ឡើយ​ បន្ទាប់​ពី​ធ្លាក់​នៅ​វគ្គ​ជម្រុះ​តាមពូល។ ប្រកួត​ទី​១ កម្ពុជា​ឈ្នះ​ហ្វីលីពីន​ ៣-១, ប្រកួត​លើក​ទី​២​ ចាញ់​ឥណ្ឌូណេស៊ី​ ៦-១, លើក​ទី​៣​ ចាញ់​សិង្ហបុរី​ ៣-១ និង​ចុង​ក្រោយ​ស្មើ​មីយ៉ាន់ម៉ា​ ៣-៣។

 ​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​ក្រុម​ U-16 កម្ពុជា​ពេល​ប្រកួត​នឹង U-16 អូស្ត្រាលី

៧- U-16 កម្ពុជា​ក្នុង​ពាន​ AFF U16 Championship 2015
កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ពាន AFF U16 Championship 2015 ដែល​មាន​ប្រទេស​ចំនួន​១១​ចូល​រួម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​២៧​ កក្កដា​ ដល់​៩​សីហា។ ៤​ប្រកួត​របស់​កម្ពុជា​ឈ្នះ​ហ្វីលីពីន ១-០, ចាញ់​អូស្ត្រាលី ៤-០, ស្មើ​សិង្ហបុរី​០-០​ និង​ចាញ់ មីយ៉ាន់ម៉ា​ ៣-០។ ជើង​ឯក​បាន​ទៅ​ក្រុម​យុវជន​​ថៃ​ បន្ទាប់​ពី​ឈ្នះ​មីយ៉ាន់ម៉ា​៣-០។ លេខ​៣​​បាន​ទៅ​អូស្ត្រាលី និង​ក្រុម​ Fair Play ក្រុម​មីយ៉ាន់ម៉ា។

 

​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​ ក្រុម U-19 កម្ពុជា​ថត​រូប​រួម​គ្នា​មុន​ចេញ​ទៅ​ប្រទេស​ឡាវ

 ៨- U-19 កម្ពុជា ក្នុង​ពាន AFF U19 Championship 2015
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​បាន​ចេញ​ទៅ​ប្រកួត​ជើង​ឯក​យុវជន​អាស៊ាន​អាយុ​ក្រោម​១៩​ឆ្នាំ​នៅ​ប្រទេស​ឡាវ ប៉ុន្តែ​បាន​ធ្លាក់​​នៅ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល។ នៅ​​ថ្ងៃ​ទី​២២ ខែសីហា​ ក្រុម U-19 កម្ពុជា​បាន​​ស្មើ​​នឹង​ក្រុម​ម្ចាស់​ផ្ទះ​​ឡាវ ០-០, ថ្ងៃ​​ទី​២៤ កម្ពុជា​ឈ្នះ​ក្រុម​ប៊្រុយណេ ៥-១, ថ្ងៃ​ទី​២៨ កម្ពុជា ​ឈ្នះ​ ហ្វីលីពីន​ ១-០​ និង​ថ្ងៃ​ទី​៣០ កម្ពុជា ចាញ់​ ថៃ ៦-០ ។ ព្រឹត្តិការណ៍​នេះ ក្រុម​យុវជន​ U-19 ថៃ​ជា​ម្ចាស់​ជើង​ឯក។

 ​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​ក្រុម​ភ្នំពេញ​ក្រោន​ជា​ជើង​ឯក MCL 2015

៩- មិត្តហ្វូន​ខេមបូឌាន​លីក
លីក​បាល់​ទាត់​កំពូល​កម្ពុជា​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ ដែល​ក្រុម​ភ្នំពេញ​ក្រោន​ក្លាយ​ជា​ជើង​ឯក​ ណាហ្គាវើល​ជើង​ឯក​រង លេខ​៣​បាន​ទៅ​បឹងកេត​អង្គរ​ និង​លេខ​៤​បាន​ទៅ​Cambodian Tiger។ គ្រូ​បង្វឹក​ល្អ​បាន​ទៅ​លោក​ ប្រាក់​ សុវណ្ណារ៉ា​ ខណៈ​ អ្នក​ចាំ​ទី​ល្អ​បាន​ទៅ កែវ សុខសិលា ហើយ​ម្ចាស់​​​ម្ចាស់​ស្បែក​ជើង​មាស​ និង​ជា​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល​បាន​ទៅ ចាន់ វឌ្ឍនាកា។ ការ​ប្រកួត​​លីក​ឆ្នាំ​នេះ​ជា​ផែន​ការ​ដ៏​សំខាន់​មួយ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ដោយ​សារ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី។

 ​ព្រឹត្តិការណ៍​បាល់ទាត់​១០រឿង​សំខាន់​ៗ​​​​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​​​ឆ្នាំ​២០១៥​អ្នក​គាំទ្រ​ពេល​បឹងកេត​ប្រកួត​នឹង​ក្រុម Yangon United

១០-Toyota Mekong Club Championship 2015
ក្រុម​បាល់ទាត់​បឹងកេត​អង្គរ​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល​ ២-០ លើ​ក្រុម​ Lao Toyota FC នៅ​ប្រទេស​ឡាវ​កាល​ពី​ថ្ងៃ​ទី១​ ខែ​វិច្ឆិកា​ នៃ​ពាន​រង្វាន់​ Toyota Mekong Club Championship 2015។ ២​គ្រាប់​បឹងកេត​រក​បាន​កីឡាករ​ឆ្នើម​វ័យ​ក្មេង​ ចាន់ វឌ្ឍនាកា។ ប្រកួត​លើក​ទី​២ កម្ពុជា​ឈ្នះ​ជើង​ឯក​មីយ៉ាន់ម៉ា​ Yangon United ៣-០។ ៣​គ្រាប់​របស់​បឹងកេត​រក​បាន​ដោយ​ Omogba ​២​គ្រាប់​ និង​Agayi Samuel​ ១​គ្រាប់។ ប្រកួត​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ បឹងកេត​បាន​ទម្លាក់​ជើង​ឯក​វៀតណាម​ Becamex Binh Doung ដោយ​លទ្ធផល​៣-២។ ៣​គ្រាប់​របស់​បឹងកេត​រក​បាន​​ដោយ​ ចាន់ វឌ្ឍនាកា​ទាំង​៣​គ្រាប់។ ចំពោះ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ បឹងកេត​ចាញ់​ជើង​ឯក​ថៃ​ Buriram United ១-០ ដោយ​គ្រាប់​បាល់​ប៉េណាល់ទី។ Buriram ជា​ជើង​ឯក​ ខណៈ​បឹងកេត​ជា​ជើង​ឯក​រក​ ហើយ​ចាន់ វឌ្ឍនាកា ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​