បុគ្គលិកធនាគារភូមិ សាខាក្រុងសួងម្នាក់ត្រូវចោរស្ទាក់ប្លន់ យកអស់ទ្រព្យសម្បត្តិ មួយចំនួន

ត្បូងឃ្មុំ៖ ស្ត្រីឈ្មោះ ជី សារ៉ី អាយុ២៨ឆ្នាំ ជាបុគ្គលឹកធនាគារភូមិ សាខាក្រុងសួង ត្រូវបានក្រុមចោរ មានគ្នា ២នាក់ ស្ទាក់វាយប្លន់យកទ្រព្យសម្បត្តិអស់មួយចំនួនទៅបាត់ ខណៈស្ត្រីរងគ្រោះ កំពុងជិះម៉ូតូត្រឡប់មកផ្ទះវិញ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច ក្នុងចំការកៅស៊ូ ស្ថិតក្នុងឃុំល្ងៀង
ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ក្រុមចោរមានគ្នាពីរនាក់ បានស្ទាក់វាយនិងប្លន់ស្ត្រីរងគ្រោះយកអស់ទ្រព្យសម្បត្តិមួយចំនួន មានដូចជា លុយដុល្លា ចំនួន៤០០ដុល្លា លុយរៀលចំនួន១០ម៉ឺនរៀល ខ្សែក ប្លាកទីន ១ខ្សែទម្ងន់៣៩ហ៊ុន ចិញ្ជៀនប្លាកទីន១វង់ទម្ងន់១៥ហ៊ុន ទូរស័ព្ទម៉ាកសាំសុង១គ្រឿង
កាតទូរស័ព្ទប្រព័ន្ធ០៩៧តម្លៃ១ដុល្លា ចំនួន១០០សន្លឹក និងពន្ធម៉ូតូចំនួន៣សន្លឹក ផងដែរ។

មន្ត្រីនគរបាលឲ្យដឹងទៀតថា ខណៈស្ត្រីរងគ្រោះចេញពីធ្វើការ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ តែម្នាក់ឯង ។លុះមកដល់ចំណុចកើតហេតុ មានជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿងដែរម៉ាកហុងដា សេ១២៥ បានយកមែកឈើ ដើមកៅស៊ូ វាយទៅត្រូវចំក្បាលស្ត្រីរងគ្រោះ រងរបួសយ៉ាងដំណំ រួចទើប
ពួកចោរ បានដោះគ្រឿងអលង្ការ និងយកទ្រព្យសម្បត្តិមួយចំនួននោះជិះម៉ូតូចាកចេញទៅ។

ក្រោយកើតហេតុ ទើបស្ត្រីរងគ្រោះ បានប្រើទូរស័ព្ទមួយគ្រឿងទៀតហៅ សាច់ញាតិ និងមិត្តភ័ក្តឲ្យមកកន្លែងកើតហេតុ ទើបមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ។ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមជនសង្ស័យមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេ៕