​ទិដ្ឋភាព​ពិសេស នៃ​ភូមិ​ជនជាតិ​តៃ តាម​ព្រំដែន​

ភ្នំពេញ: បន្ទាប់ពី​ទស្សនកិច្ច រយៈពេល​២​ថ្ងៃ នៅ​ទីក្រុង​គុន​មី​ញ ក្រុម​សំភាសន៍​នៃ សារព័ត៌មាន មកពី​១០​ប្រទេស នៃ​អាស៊ី​អ​គ្នេ​យ៍ និង​អាស៊ី​ខាងត្បូង បានមក​ដល់​រដ្ឋ​ស្វយ័ត​ដឺ​ហុង នៃ​ខេត្ត​យូ​ន​ណាន ដែលជា​រដ្ឋ​ស្វយ័ត ដោយ​ជនជាតិ​តៃ និង​ជនជាតិ​ឈាង​ផូ​។ ស្រា​អង្ករ​ដ៏​ផ្អែម របាំ​ដ៏​កក់ក្តៅ ទេសភាព​ធម្មជាតិ​ស្រស់ស្អាត និង​វប្បធម៌​ជនជាតិភាគតិច​ដ៏​ពិសេស ធ្វើអោយ​យើង មានការ​ចាប់អារម្មណ៍ យ៉ាងខ្លាំង​ណាស់​។​

​រដ្ឋ​ដឺ​ហុង គឺ​ស្ថិតនៅ​ភូមិភាគ​និរតី ប្រទេស​ចិន វា​ទល់នឹង​ប្រទេស​ភូមា គឺជា​តំបន់​មួយ ដែលមាន​ជនជាតិ​ជាច្រើន​។ ថ្ងៃទី​៣​ខែមិថុនា យើង​បាន​មកដល់ ទីក្រុង​រូ​យ​លី រដ្ឋ​ដឺ​ហុង ។ ទីក្រុង​រូ​យ​លី ទល់នឹង​ទីក្រុង​មូ​សឺ ប្រទេស​ភូមា ដែលជា​ច្រក​ថ្នាក់ជាតិ ប្រទេស​ភូមា ។ ទីក្រុង​រូ​យ​លី មាន​សណ្ឋាន​ដី​ស្មើ​ធេង មាន​លក្ខខណ្ឌ​ចរាចរណ៍​ល្អ​ណាស់ ហើយ​មាន​ពាណិជ្ជកម្ម​រុងរឿង គឺជា​“​ទ្វារធំ​មាស​” បើកចំហ​ចំពោះ​អាស៊ី​អ​គ្នេ​យ៍ និង​អាស៊ី​ខាងត្បូង នៅ​ភូមិភាគ​និរតី ប្រទេស​ចិន​។​

​ក្រុម​សំភាសន៍​យើង បាន​ទស្សនា​តំបន់​ទេសចរណ៍ “​ភូមិ​មួយ​មាន​ប្រទេស​២” និង​ភូមិ​ហាន់​សា ដែលជា​ភូមិ​ទេសចរណ៍ មាន​លក្ខណៈពិសេស ខាង​វប្បធម៌​ជនជាតិភាគតិច​មួយ​។ “​ភូមិ​មួយ​មាន​ប្រទេស​២” គឺជា​ភូមិ​មួយ​ដែល​ខ្សែ​ព្រំដែន ចិន​-​ភូមា បាន​ឆ្លងកាត់​ភូមិ​នេះ អ្នកស្រុក​នៃ​ភូមិ​នេះ បាន​ណែនាំ​ថា ផ្លែ​ត្រសក់​ដែល​ដាំ នៅ​ប្រទេស​ចិន បានកើត​ត្រសក់ នៅ​ប្រទេស​ភូមា​។ មាន់​ប្រទេស​ភូមា មក​ពង​នៅ​ប្រទេស​ចិន និង​ក្របី​ចិន ទៅ​ផឹកទឹក នៅ​ប្រទេស​ភូមា គឺជា​ការធម្មតា​ហើយ​។​

​នៅក្បែរ​ខ្សែ​ព្រំដែន ជិត​នឹង​ភូមិ​យាន​ជី​ង មាន​បណ្ណាល័យ​មួយ ឈ្មោះ “​បណ្ណាល័យ​ទ្វារ​ជាតិ​” ដែល​បង្កើតឡើង នៅ​ខែធ្នូ ឆ្នាំ​២០១៤ គឺជា​បណ្ណាល័យ​មួយ ដែល​ផ្តល់​សៀវភៅ ជា​ភាសា​ចិន ភូមា ថៃ និង​សៀវភៅ អំពី​ចំណេះវិជ្ជា​កសិកម្ម ដោយ​មិន​គិតលុយ​។ សព្វថ្ងៃនេះ “​បណ្ណាល័យ​ទ្វារ​ជាតិ​” មាន​សៀវភៅ ៧៦០ ប្រភេទ និង​ចំនួន​ជាង ២៤.០០០ ច្បាប់ នៅមាន​ផលិតផល​អូ​ឌី​យ៉ូ និង​វីដេអូ​អេ​ឡិច​ត្រូ និង ៧៨ ប្រភេទ និង​ចំនួន​ជាង ៩០០ សន្លឹក រាល់ៗ​ថ្ងៃ មាន​មនុស្ស​ជាង ៦០ នាក់ មក​ខ្ចី​សៀវភៅ ពី​បណ្ណាល័យ​នេះ​។

​នៅក្នុង “​ភូមិ​មួយ​មាន​ប្រទេស​២” យើង​មិន​បានឃើញ​ជម្លោះ និង​ប៉ះទង្គិច​គ្នា ឃើញតែ​ការរស់នៅ ដ៏​មាន​ភាព​សុខដុម និង​សប្បាយរីករាយ របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។
​មាន​អ្នកកាសែត​ភូមា​ម្នាក់ បាន​និយាយ​ភាសា​ភូមា មិន​ឈប់ឈរ ជា​មូ​យ​នឹង​មនុស្ស​ភូមា នៅ​កន្លែង​នោះ​។ លោក​បាន​និយាយថា​៖ “​កន្លែង​នេះ ពិតជា​ដូចជា​ស្រុកកំណើត ខ្ញុំ​ណាស់​”​។​

​ចូលទៅក្នុង​ភូមិ​ហាន់​សា យើង​បានឃើញ​ផ្ទះ ប្រពៃណី​ជនជាតិ​តៃ ជាច្រើន នៅមុខ​ផ្ទះ​ទាំងនេះ សុទ្ធ​តែមាន​ពាងទឹក​មួយ សំរាប់​ផ្តល់​ទឹក​អោយ​អ្នកដំណើរ ពាងទឹក​ទាំងនេះ បានធ្វើអោយ​យើង ស្គាល់​ដល់​សេចក្តី​រាក់ទាក់ នៃ​ជនជាតិ​តៃ​។
​លោក យ៉ួ​សាំង លោកគ្រូ​បង្រៀន​របាំ​ក្ងោក​ម្នាក់ ដែលមាន​អាយុ ៧៨ ឆ្នាំ​ហើយ បានរៀបចំ​ការសម្តែង របាំ​ក្ងោក​ជាមួយនឹង​កូនសិស្ស របស់លោក ដើម្បី​ទទួល​ស្វាគមន៍​យើង​។ ជាមួយនឹង​សំឡេង “​ផុង​ផុង​” នៃ​ស្គរ​ជើងដំរី លោកគ្រូ យ៉ួ​សាំង បានចាប់ផ្តើម​រាំ​របាំ​ក្ងោក ការ​ហើរ​ឡើង លេង​ប្រដេញ​គ្នា ផឹកទឹក ស៊ីចុក បើក​កន្ទុយ ...... ការសម្តែង​រស់​រវើក ធ្វើអោយ​យើង រំភើបចិត្ត​ណាស់ ។​

​លោកគ្រូ យ៉ួ​សាំង បាន​ណែនាំ​ថា លោក​បាន​រាំ​របាំ​ក្ងោក ជាង​៤០​ឆ្នាំ​ហើយ តាំងពី​ឆ្នាំ​១៩៧៥ មក​។ ដើម្បី​លើក​ខ្ពស់​នូវ​កំរិត​រាំ​របស់ខ្លួន លោកគ្រូ យ៉ួ​សាំង បាន​ចិញ្ចឹមសត្វ​ក្ងោក នៅផ្ទះ​ខ្លួន ហើយ​សង្កេតមើល ឥរិយាបថ​របស់ ក្ងោក​ទាំងនេះ ដើម្បី​បញ្ចូល​ទៅក្នុង ការសម្តែង​របស់ខ្លួន​។

​មាន​មន្ត្រី​នៃ​ការិយាល័យ​ឃោសនា រដ្ឋ​ដឺ​ហុង​ម្នាក់ បាន​ណែនាំ​ថា របាំ​ក្ងោ​នេះ គឺ​បង្រៀន​តែ​បុរស​ទេ តាម​ប្រពៃណី​ជនជាតិ​តៃ ។ របាំ​ក្ងោក​នៃ​លោកគ្រូ យ៉ួ​សាំង គឺ​បន្ត​ពី​របាំ​ក្ងោក​បូរាណ​។ លោក​ក៏ត្រូវ​ជ្រើសរើស ជា​អ្នក​បន្ត​នៃ​របាំ​ក្ងោក ដែលជា​បេ​តិក​ភ័​ណ្ឌ វប្បធម៌​អរូបី​ថ្នាក់​ជាតិចិន​។​

​ក្រោយពី​ការសម្តែង នៃ​របាំ​ក្ងោក ក្រុម​សំភាសន៍​យើង បាន​ថតរូប​ជាមួយនឹង អ្នក​សម្តែង​ទាំងអស់ រួច​យើង​បាន​លាចាក​ពី ភូមិ​ហាន់​សា ដែលជា​ភូមិ​ជនជាតិ​តៃ ដ៏​ស្រស់ស្អាត នៅ​ភូមិភាគ​និរតី​ចិន​នេះ ដោយ​ស្ទាក់ស្ទើរ​៕V/S

(​អត្ថបទ​នេះ ត្រូវបាន​ចេញផ្សាយ​នៅក្នុង «​អន្ដរជាតិ​ដេលី​» នៃ​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃទី​៩​ខែមិថុនា )

​ទិដ្ឋភាព​ពិសេស នៃ​ភូមិ​ជនជាតិ​តៃ តាម​ព្រំដែន​