​ដោះលែង​កម្មករ​៥៨​នាក់​ដែល​ធ្វើបាតុកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុង​បាវិត

ខេត្តស្វាយរៀង​៖​កម្មករ​៥៨​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង​ក្រុង​បាវិត​ត្រូវបាន​ដោះលែង​ទៅវិញ​អស់ហើយ ជាមួយ​ការផ្តល់​បាយ​មួយកញ្ចប់ និង​ទឹក​សុទ្ធ​មួយ​ដប​ផងដែរ បន្ទាប់ពី​ពួកគេ​សន្យា​ឈប់​បង្ក​អំពើហិង្សា​នៅ​អំឡុងពេល​ធ្វើបាតុកម្ម កាលពី​ល្ងាច​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២១​នោះ​។​

​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹងថា កម្មករ​ទាំងនេះ​ត្រូវបាន​យក​ខេត្ត​ដើម្បី​ធ្វើការ​អប់រំ ក៏ដូចជា​ធ្វើ​កិច្ចសន្យា ហើយ​ពួកគេ​ក៏បាន​ទទួលកំហុស និង​ប្តេជ្ញា​លែង​ប្រព្រឹត្ត​អំពើ​បែបនេះ​ទៀតហើយ ។ រហូតមក​ពេលនេះ​កម្មករ​ទាំងនោះ​ត្រូវបាន​ដោះលែង​ឲ្យ​ត្រលប់​ទៅផ្ទះ​វិញ អស់ហើយ ហើយក៏​មិនមាន​ការដាក់ទោសទណ្ឌ​ទៅដល់​ពួកគេ​អ្វី​ផងដែរ ដោយ​គ្រាន់តែ​អប់រំ និង​ធ្វើ​កិច្ចសន្យា​តែប៉ុណ្ណោះ ។ លោក​បន្ថែមថា បើសិនជា​គ្មាន​ការទប់ស្កាត់​ទាន់ពេលវេលា​ទេនោះ រោងចក្រ​អាច​នឹងត្រូវ​វាយបំផ្លាញ​គ្មាន​សល់ ។​

​    ​នៅក្នុង ការធ្វើ​បាតុកម្ម​នេះ​គេ​ឃើញ​មាន​កម្មករ​មួយចំនួន​បាន​កាន់​ដុំថ្ម និង​ដំបង​បម្រុង​ប្រើ​ហិង្សា វាយ និង​គប់​បំផ្លាញ​សម្ភារៈ​ទ្រព្យសម្បត្តិ​នៅក្នុង​រោងចក្រ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​បាញ់​ទឹក​បំបែក និង​ឃាត់ខ្លួន​៥៨​នាក់​ដើម្បី​យកមក​អប់រំ ។​

​    ​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង រាប់ពាន់នាក់​បានធ្វើ​បាតុកម្ម​ជាថ្មី ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម ២០​ដុល្លារ លើ​ប្រាក់​ឈ្នួល​អប្ប​បរិ​មា​កំណត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​១៤០​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៦៕ 

​ដោះលែង​កម្មករ​៥៨​នាក់​ដែល​ធ្វើបាតុកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុង​បាវិត
​ដោះលែង​កម្មករ​៥៨​នាក់​ដែល​ធ្វើបាតុកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុង​បាវិត
​ដោះលែង​កម្មករ​៥៨​នាក់​ដែល​ធ្វើបាតុកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុង​បាវិត