ចាប់​បាន​អាចោរ​សី​ុ​មាន់​ទាំង​ថ្ងៃក្រោយ​បាត់​បន្តបន្ទាប់

ចាប់​បាន​អាចោរ​សី​ុ​មាន់​ទាំង​ថ្ងៃក្រោយ​បាត់​បន្តបន្ទាប់

រាជធានី​ភ្នំពេញ ៖ អ្នក​ចិញ្ចឹម​មាន់​ម្នាក់​ចេះ​តែ​ឆ្ងល់ និង​ខឹង​ខ្លាំង​ណាស់​ព្រោះ​តែងតែ​បាត់​មាន់​ស្ទើរ​រាល់ថ្ងៃ ។ លុះ​មិនយូរ​ប៉ុន្មាន​ដោយសារ​ព្យាយាម​តាម​ឃ្លាំមើល​រាល់​យប់​រាល់ថ្ងៃ ក៏​ចាប់​បាន​ចោរ​មួយ​ក្បាល នោះ​គឺ​ពស់ថ្លាន់​ធំ​មួយ​មាន​ទម្ងន់​១៥​គីឡូក្រាម និង​មាន​ប្រវែង​២​ម៉ែត្រ នៅ​វេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ហើយ​បាន​យក​មក​រក្សា​ទុក​រហូត​ដល់​ថ្ងៃ​ទី​២១ ខែធ្នូ ទើប​ប្រគល់​ឲ្យ​មន្ដ្រី​អភិរក្ស​សត្វព្រៃ​យក​ទៅ​រក្សា​ការពារ ។ ពស់ថ្លាន់​មួយ​ក្បាល​នេះ ចាប់​បាន​នៅផ្ទះ​លេខ​៥៥៣ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ គាត់​ថា ពេល​ឃើញ​វា​លូន​មក​ដល់​ដោយ​កំហឹង​ខ្លាំង​ផង ក៏​ស្ទុះ​ទៅ​ចាប់​ជាប់​ក្បាល ។ ពស់ថ្លាន់​នេះ​មាន​កម្លាំង​ខ្លាំង​ណាស់​បាន​រុំ​ដៃ​គាត់​ជាប់ ប៉ុន្ដែ​មិន​រិ​ត​ទេ ដោយ​គាត់​កាន់​ក្បាល​ជាប់​មិន​អាច​លើក​រួច​ស្រួល​ទេ ព្រោះ​វា​មាន​ទម្ងន់​ដល់​ទៅ​១៥​គីឡូក្រាម​ឯណោះ ។
អ្នក​ចាប់​ពស់ថ្លាន់​បាន​នេះ​ឈ្មោះ ណុ​ប ប៉ុណ្ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ។ នៅ​ខាងក្រោយ​ផ្ទះ​គាត់​មាន​បឹង​មួយ ហើយ​កន្លង​មក​ថ្មី​ៗ​នេះ​គាត់​តែង​បាត់​មាន់​ជា​បន្តបន្ទាប់​អស់​៤​ក្បាល​ហើយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ​នោះ គាត់​ឮ​សូរ​មាន់​ផ្អើល​ឈុ​ល​ស្រែក​ក៏​ទៅ​មើល ស្រាប់តែ​ឃើញ​អាចោរ​ពស់ថ្លាន់​មួយ​ក្បាល​កំពុង​រក​ចាប់​មាន់​របស់​គាត់​ស៊ី ទើប​គាត់​ចាប់​យក​មក​ច្រក​បាវ​ទុក មិន​ហ៊ាន​ប្រគល់​ទៅ​ឲ្យ​អ្នក​ណា​ផ្សេង​ទេ ខ្លាច​គេ​យក​ទៅ​ស៊ី និង​បាន​រក្សា​ទុក​ដើម្បី​ប្រគល់​ឲ្យ​ខាង​អភិរក្ស​សត្វព្រៃ ៕