បាញ់ប្រហារ​2​គ្រាប់​លើ​ស្ត្រី​ម្នាក់​សង្ស័យ​ស្នេហា​ត្រីកោណ

បាញ់ប្រហារ​2​គ្រាប់​លើ​ស្ត្រី​ម្នាក់​សង្ស័យ​ស្នេហា​ត្រីកោណ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​ដោយសារ​ការ​បាញ់ប្រហារ​ដោយ​កាំភ្លើងខ្លី​ចំនួន​ពីរ​គ្រាប់ ខ​ណះ​ពេល​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ប្រភព​ច្បាស់​ការណ៍​ប្រាប់​ថា មាន​ខ្មាន់កាំភ្លើង​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​បាញ់ប្រហារ​ដល់​មុខ​ផ្ទះ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ធ្នូ ។
ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​ការ​បាញ់ប្រហារ​នេះ បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ចិន្តា អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ មាន​ប្តី​ឈ្មោះ លី នី ហៅ​យ៉ុ​ង អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​វៀតណាម ជា​អ្នកទិញ​ក្រណាត់​នៅ​រោងចក្រ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ជា​ប្តី​មាន​ប្រពន្ធដើម​ជា​ជនជាតិ​វៀតណាម ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ហើយ​ជា​ញឹកញាប់​ស្ត្រី​ជា​ប្រពន្ធដើម និង​នារី​រង​គ្រោះជា​ប្រពន្ធចុង តែងតែ​ឈ្លោះ​គ្នា​តាម​ទូរស័ព្ទ​រឿង​ចែក​ប្ដី​គ្នា​មិន​ស្មើ ។
ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ខាងលើ​កំពុង​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​ផ្ទះ​ជាមួយ​បងប្អូន​របស់​នាង​២​ទៅ​៣​នាក់​ទៀត ដោយ​អត់​ដឹង​ថា​មាន​យមរាជ​ប៉ង​យក​ជីវិត​ឡើយ ស្រាប់តែ​ឃើញ​ខ្មាន់កាំភ្លើង​ម្នាក់​ពាក់​អាវធំ​ពី​ក្រៅ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ដល់​ជិត​ប្រហែល​៥​ទៅ​៦​ម៉ែត្រ បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​បាញ់​មក​លើ​ស្ត្រី​រង​គ្រោះជា​ច្រើន​គ្រាប់ ។ ការ​បាញ់​នេះ​បណ្តាល​ឱ្យ​ត្រូវ​ស្ត្រី​រង​គ្រោះ​ចំនួន​២​គ្រាប់ គឺ​ចំ​ដើមដៃ​ខាងស្តាំ​១​គ្រាប់ កំភួនជើង​ឆ្វេង​១​គ្រាប់ ដេក​ដួល​ទៅ​ដី រួច​ខ្មាន់​កាំ​ភ្លើ​ត​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ទៅ ។ ភ្លាម​ៗ​នោះ​ក្រុម​គ្រួ​សារបាន​ដឹក​យក​ស្ត្រី​រង​គ្រោះ​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ជំ​ុ​វី​ញ​ករណី​ខ្មាន់កាំភ្លើង​បាញ់​ស្ត្រី​ម្នាក់​ដល់​មុខ​ផ្ទះ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​នេះ សមត្ថកិច្ច​បន្លុយ​ឱ្យ​ដឹង​ថា មាន​តម្រុយ​ខ្លះ​ៗ​ហើយ ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​និង​តាម​ប្រមាញ់​ចាប់​ទាំង​ខ្មាន់កាំភ្លើង ទាំង​អ្នក​នៅ​ពីក្រោយ​ខ្នង​ផង​ដែរ ។ នេះ​បើ​តាម​លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ «​កោះសន្តិភាព​» ដឹង​ជំ​ហ៊ាន​ដំបូង ។ សមត្ថកិច្ច​សង្ស័យ​ថា អាច​ជា​រឿង​ស្នេហា​ត្រីកោណ ហើយ​ខ្មាន់កាំភ្លើង​អាច​ជា​ឃាតករ​សី​ុ​ឈ្នួល ។ សមត្ថកិច្ច​បាន​លួច​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា នារី​រង​គ្រោះ​ឈ្មោះ ចិន្តា អាយុ​៣៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​ជាមួយ​ប្តី​មុន​តែ​បាន​ឈប់​ទាក់ទង​ជាមួយ​ប្តី​មុន​យូរ​ឆ្នាំ​ហើយ ។ ក្រោយមក​ក៏​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ឈ្មោះ លី នី ហៅ​យ៉ុ​ង អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​វៀតណាម ជា​អ្នករក​សី​ុ​ទិញ​ក្រណាត់​នៅ​រោងចក្រ បាន​រយៈពេល​ប្រមាណ​៥​ឆ្នាំ​មក​ហើយ ។ ចំណងស្នេហា​នេះ រហូត​មានកូន​ស្រី​តូច​ម្នាក់​ទៀត​ផង ហើយ​ថ្មី​ៗ​ឈ្មោះ លី នី ហៅ​យ៉ុ​ង ប្តី​ក្រោយ​នោះ​ក៏​បាន​ទិញ​ផ្ទះ​កន្លែង​កើតហេតុ​ឲ្យ​នារី​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​នាម​ជា​ប្រពន្ធចុង ។ ចំណែក​បុរស​ជនជាតិ​វៀតណាម​ឈ្មោះ លី នី ហៅ​យ៉ុ​ង នេះ​មាន​ប្រពន្ធដើម​រស់នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​សព្វ​ថ្ងៃនេះ​ទៀត​ផង គឺ​ស្មា​មួ​ួ​យ​មាន​អ​ម្រែ​ក​ពីរ ។

សមត្ថកិច្ច​បាន​បន្ត​ថា ពេល​សមត្ថកិច្ច​បាន​ទៅ​សួរនាំ​ស្ត្រី​ជា​ម្ដាយ​របស់​នារី​រង​គ្រោះ ត្រូវ​ស្ដ្រី​ជា​ម្ដាយ បាន​ស្រែក​ខ្លាំង​ៗ​នៅ​មន្ទីរពេទ្យ​ថា គាត់​ស្គាល់​អ្នក​បាញ់​ហើយ ប៉ុន្តែ​មិន​ប្រាប់​ដល់​សមត្ថកិច្ច និង​អ្នកកាសែត​ភ្លាម​ៗ​ទេ គ្រាន់តែ​និយាយ​ថា​បាន​ស្គាល់​ហើយ​អ្នក​បាញ់​នោះ ។ ករណី​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​ខ្មាន់កាំភ្លើង និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្នុង​អំពើ​បាញ់ប្រហារ​ឆៅ​ៗ​នេះ​ផង​ដែរ ថា​តើ​ជា​ករណី​អ្វី​ឱ្យ​ពិតប្រាកដ ។

ខណៈ​ពេល​ដែល​មានការ​រឹត​បន្តឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម ប្រឆាំង​នឹង​អំពើ​ចោរកម្ម​ពី​សំណាក់​សមត្ថកិច្ច ការ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​ប៉ុនប៉ង​ធ្វើឃាត​បែប​នេះ ក៏​ជា​ការ​ផ្គើន​ទៅ​នឹង​វិធានការ​របស់​សមត្ថកិច្ច​ផង​ដែរ ។ ចាំ​មើល​តើ​ខ្មាន់កាំភ្លើង​នេះ​ជា​អ្នក​ណា ឬ​ក៏​ជា​ឃាតករ​សុ​ី​ឈ្នួល​ដូច​ការ​សន្ធិ​ដ្ឋា​ន​របស់​សមត្ថកិច្ច0x017d7