ក្រុមហ៊ុន​​​​ឥណ្ឌូណេស៊ី​ជាង​៥០​​ ​រង​​ពិន័យ​​​ពី​​រដ្ឋាភិបាល​ ប្រឈម​នឹង​ការ​​​ដក​​​​​អាជ្ញាប័ណ្ណ​

ក្រុមហ៊ុន​​​​ឥណ្ឌូណេស៊ី​ជាង​៥០​​ ​រង​​ពិន័យ​​​ពី​​រដ្ឋាភិបាល​ ប្រឈម​នឹង​ការ​​​ដក​​​​​អាជ្ញាប័ណ្ណ​

ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ច្រើន​ជាង​៥០​ក្រុមហ៊ុន​កំពុង​រង​ការ​ដាក់​ពិន័យ​ទណ្ឌកម្ម​​ពី​រដ្ឋាភិបាល ​ចំពោះ​ការ​បង្ក​ឲ្យ​មាន​​​ផ្សែង​អ័ព្ទ​​​​​ ជា​ហេតុ​នាំ​ឲ្យ​បណ្ដា​​តំបន់​នៅ​អាស៊ី​អាគ្នេយ៍​រង​​ផល​ប៉ះ​ពាល់​កាល​​ពី​ដើម​ឆ្នាំ​២០១៥​នេះ។

 

ក្រុមហ៊ុន​​​​ឥណ្ឌូណេស៊ី​ជាង​៥០​​ ​រង​​ពិន័យ​​​ពី​​រដ្ឋាភិបាល​ ប្រឈម​នឹង​ការ​​​ដក​​​​​អាជ្ញាប័ណ្ណ​
 

ភ្លើង​ឆេះ​ព្រៃ​​ដែល​បង្ក​ជា​ផ្សែង​​ជា​លទ្ធផល​នៃ​​ការ​កាប់​បំផ្លាញ​និង​ដុត​ព្រៃ​ឈើ​​សម្រាប់​ការ​ទន្ទ្រាន​យក​ដី​ដាំ​ដំណាំ​ដូង​ប្រេង​ និង​យក​សាច់​ឈើ​​​​​ទៅ​ផលិត​ធ្វើ​ជា​ក្រដាស។ វិធាន​ការ​ដំបូង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​​​​​គឺ​កំពុង​ដក​ហូត​អាជ្ញាប័ណ្ណ​​​ក៏​ដូច​ជា​​បង្កក​​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​​ ដែល​គេ​រក​ឃើញ​ថា​​ទទួល​ខុស​ត្រូវ​​​ចំពោះ​​សកម្មភាព​​ខាង​លើ។

 

រដ្ឋាភិបាល​មិន​បាន​​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​​នឹង​បញ្ហា​ខាង​លើ​នោះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ត្រួស​ៗ​អំពី​​ទីតាំង​​​ក្រុមហ៊ុន​ពាក់​ព័ន្ធ​ចំនួន​៣០​កន្លែង​​ហើយ​ក្នុង​ចំណោម​​ក្រុមហ៊ុន​ចំនួន​៥៦​​ក្រុមហ៊ុន​ ដែល​​​ទទួល​រង​ពិន័យ។ ក្រុមហ៊ុន​​​តែ​មួយ​ប៉ុណ្ណោះ​​ត្រូវ​បាន​បញ្ជាក់​ថា ​ជា​ក្រុមហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​ម្ចាស់​​​​មិន​មែន​ជា​ជន​ជាតិ​ឥណ្ឌូណេស៊ី ចំណែក​ក្រុម​ហ៊ុន​ផ្សេង​ៗ​ទៀត​គឺ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​​ដល់​​ក្រុមហ៊ុន​ផលិត​ក្រដាស​ធំ​​មួយ​លំដាប់​ពិភពលោក​គឺ​ Asia Pulp & Paper។

 

រដ្ឋ​មន្ត្រី​ក្រសួង​ព្រៃ​ឈើ លោក​ស្រី​​ Siti Nurbaya បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផ្សេង​នឹង​ទទួល​រង​ពិន័យ​ដូច​គ្នា​​​ចំពោះ​ការ​បង្ក​ឲ្យ​​​មាន​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់។ លោក​​ស្រី​​រដ្ឋ​មន្ត្រី​ក៏​បាន​​បន្ថែមថា​​ ពេល​​នេះ​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ក៏​កំពុង​​ស្ថិត​ក្រោម​​ការ​ស៊ើប​អង្កេត​ផង​ដែរ។

 

គួរ​បញ្ជាក់​​​ផង​ដែរ​ថា​​ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​​ ការ​ដុត​រុក​រាន​ដី​ព្រៃ​ច្រើន​ជាង​២​ហិចតា​ចាត់​ទុក​ជា​​អំពើ​​ខុស​ច្បាប់។ ការ​បំពុល​​ក្នុង​​ប្រទេស​ឥណ្ឌូណេស៊ី​ភាគ​ច្រើន​​​កើត​​ឡើង​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ ​​ដែល​កើត​ឡើង​​ជា​ច្រើន​ឆ្នាំ​ ហើយ​ការ​បំពុល​ដោយ​ផ្សែង​អ័ព្ទ​​ជះ​ឥទ្ធិពល​អាក្រក់​​ក្នុង​ឆ្នាំ​២០១៥​នេះ៕

 

ចុចអាន៖ ព្រៃ​​អាថ៌កំបាំង​នៅ​​ប៉ូឡូញ​​​ នៅ​តែ​ស្ថិត​ក្នុង​ចម្ងល់​អ្នក​វិទ្យាសាស្ត្រ

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​

​​​​​​​​​