ប្លន់ម៉ូតូពីក្រុងខេមរភូមិន្ទ គេចខ្លួនបានកន្លះម៉ោង ត្រូវអាវុធហត្ថ ស្រុកថ្មបំាង ឃាត់ខ្លួន

កោះកុង៖ជនសង្ស័យក្នុងករណីប្លន់ម៉ូតូ ពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថ ស្រុកថ្មបាំង ស្ទាក់ចាប់បាន ខណៈពួកគេទំាងពីរនាក់ ព្យាយាមរត់គេចខ្លួន មកដល់ចំណុចផ្លូវបំបែកស្រុកថ្មបាំង ខេត្តកោះកុង នៅម៉ោង ជិត១១យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។

បើតាមសាក្សីបានឲ្យដឹងថា ករណីប្លន់ប្លន់ម៉ូតូនេះ គឺកើតឡើងនៅ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្រោយធ្វើសកម្មភាព បានសម្រេច ជនសង្ស័យបាន ជិះគេចខ្លួនតាមផ្លូវជាតិ លេខ៤៨ ប៉ុន្តែបានប្រហែលកន្លះម៉ោង ក៏ត្រូវកម្លាំងអាវុធហត្ថ ស្រុកថ្មបាំងស្ទាក់ចាប់បាន នៅចំណុចផ្លូវបំបែកថ្មបាំង។

សាក្សីបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យទំាងពីរនាក់នេះ បានហៅជនរងគ្រោះ មកទទួលទានគ្រឿងសមុទ្រ រួចលួចដាក់ថ្នំា ក្រោយជនរងគ្រោះទទួលទាន ក៏ទន់ដៃទន់ជើង អស់កម្លាំង ហើយក្រុមជនសង្ស័យ ក៏បាននាំជនរងគ្រោះ ទៅកន្លែងស្ងាត់ វាយយកម៉ូតូតែម្តងទៅ។

សូមបញ្ជាក់ថា ជនរងគ្រោះកំពុងសម្រាក ព្យាបាលនៅក្នុង ខេមរភូមិន្ទ ស្ថានភាពមិនសូវជាធ្ងន់ធ្ងរនោះទេ ដោយឡែក ក្រុមជនសង្ស័យ កំពុងតែឃាត់ខ្លួន បណ្តោះអាសន្ន នៅទីបញ្ជាការអាវុធហត្ថ ស្រុកថ្មបំាង ដើម្បីរង់ចំាមន្ត្រីជំនាញ កសាងសំណុំរឿង បញ្ជូនទៅចាត់ការ តាមនីតិវិធីច្បាប៕

ប្លន់ម៉ូតូពីក្រុងខេមរភូមិន្ទ គេចខ្លួនបានកន្លះម៉ោង ត្រូវអាវុធហត្ថ ស្រុកថ្មបំាង ឃាត់ខ្លួន