ឯកឧត្តម សម រង្ស៊ី អះអាងថានឹងធ្វើឲ្យ កម្ពុជាជឿនលឿនដូចប្រទេសបារាំង

ភ្នំពេញ៖ឯកឧត្តមសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ(CNRP)បានថ្លែងបង្ហាញក្ដីសង្ឃឹម យ៉ាងមុតមាំថា នឹងអាចធ្វើឲ្យ ប្រទេសកម្ពុជាសព្វថ្ងៃប្រែក្លាយទៅជាប្រទេសមួយដែលពោរពេញទៅដោយភាពយុត្តិធម៌ ស្អាតស្អំ និងជឿនលឿន ដូចប្រទេសបារាំង បាន។

ការថ្លែងអះអាងរបស់ឯកឧត្តមសម រង្ស៊ី ដូចនេះបានធ្វើឡើងកាលពីថ្ងៃ ១៩ ខែធ្នូ ឆ្នាំ ២០១៥ កន្លងទៅ ក្នុងកម្មវិធីរាត្រីសមោសរមួយ នៅជិតទីក្រុងប៉ារីស ក្នុងគលបំណងដើម្បីជួយបង្រួបបង្រួមក្រុមទាំងអស់ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង។ក្នុងវីដេអូឃ្លីបមួយដែលមានរយៈពេលប្រមាណជាង៦នាទីដែលផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ ឯកឧត្តមសម រង្ស៊ី កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥បានឲ្យដឹងថា គោលដៅរបស់CNRPគឺការពារប្រជារាស្រ្ត ពិសេសប្រជារាស្រ្តរងគ្រោះ ប្រជារាស្រ្តក្រីក្រ ប្រជារាស្រ្តដែលបាត់បង់ ដីធ្លី ស្រែ ចំការ ផ្ទះសម្បែង ព្រៃឈើ ព្រៃភ្នំ បឹង បួរ ស្ទឹងទន្លេ ដែលពួកគាត់រងគ្រោះ រស់នៅយ៉ាងត្រដាបត្រដួសឲ្យពួកគាត់ទទួលបានភាពយុត្តិធម៌ និងភាពជៀនលឿនដូចប្រទេសបារាំង។

ប្រភពដដែលបន្ថែមថា “ ដូច្នេះយើងមានបំណងតែមួយគឺផ្ដល់យុត្តិធម៌ជូនប្រជារាស្រ្តខ្មែររងគ្រោះ ដើម្បីឲ្យប្រជារាស្រ្តខ្មែរទទួល បានដីធ្លី ស្រែ ចំការ ផ្ទះសម្បែង ទឹកដីប្រទេសកម្ពុជាប្រគល់ជូនប្រជារាស្រ្តខ្មែរវិញ ហើយបន្ទាប់ពីនេះឲ្យមានភាពស្អាតស្អំ ឲ្យមានភាពយុត្តិធម៌ ឲ្យមានភាពជឿនលឿនដូចប្រទេសបារាំងដែលយើងស្រឡាញ់ យើងចូលចិត្តរស់នៅ”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តមសម រង្ស៊ីបានរំពឹង ដោយជឿជាក់ថា គណបក្សប្រឆាំង នឹងទទួលបាន អាសនៈ ក្នុងរដ្ឋសភាចំនួន ៦២អាសនៈ ពេលបោះឆ្នោតជាតិ នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ។