ខ្សឹបដាក់ត្រចៀក៖ មេគយច្រកស្រែអំបិល ល្បីខាងឃុបឃិត ឲ្យឈ្មួញនាំចូលទំនិញ គេចពន្ធ

ភ្នំពេញ៖ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកស្រែអំបិល បានបង្ហើបឲ្យដឹងថា លោក គុយ ឆាយ ដែលជា មេគយច្រកនេះ គឺជាអ្នកឃុបឃិត បើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ រាប់សិបតោនក្នុង១ថ្ងៃៗ ដែលជាហេតុធ្វើ ឲ្យបាត់បង់ចំណូលពន្ធរដ្ឋ យ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែៗ។

ប្រការនេះ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវពិនិត្យឡើងវិញ ជាបន្ទាន់ ដើម្បីកុំឲ្យ លោក គុយ ឆាយ ធ្វើអី្វៗតាម អំពើចិត្តទៀត។ ដោយហេតុថា ច្រើនឆ្នាំមកហើយ ដែល លោក គុយ ឆាយ ធ្វើជាមេគយច្រកស្រែអំបិល ហើយបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីប្រជាពលរដ្ឋ រស់នៅតំបន់ កំពង់ផែស្រែអំបិល បានឲ្យដឹងថា នៅកំពង់ផែថ្មី នៃច្រកស្រែអំបិល ឈ្មួញបាននាំចូលទំនិញ តាមទូកធំៗ ដែលមានចំណុះរាប់សិប តោន ហើយភាគច្រើន នៃទំនិញទាំងនោះ គឺជាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់។ មានក្រុមហ៊ុនពីរ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូល តាមច្រកកំពង់ផែស្រែអំបិល ខេត្តកោះកុង ដោយសារតែមាន ការបើកដៃពី លោក គុយ ឆាយ ។ ទំនិញគេចពន្ធ ដែលឈ្មួញនាំចូល មានដូចជា គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក ស្រាថ្លៃៗ ទូរស័ព្ទ និងទំនិញជាច្រើនប្រភេទទៀត ដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់។

ប្រភពខ្លះបានឲ្យដឹងថា តាមរយៈការបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ តាមអំពើចិត្ត គឺ លោក គុយ ឆាយ ប្រធានស្នាក់ការ គយច្រកស្រែអំបិល អាចប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ យកទៅធ្វើមាន ធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួលបំផុត។

សមត្ថកិច្ចពាក់ព័ន្ធ នៅច្រកស្រែអំបិល បានអះអាងថា ឈ្មួញដែលនាំចូលទំនិញគេចពន្ធ តាមច្រកនេះ គឺសុទ្ធតែជាម៉ូយចាស់របស់ លោក គុយ ឆាយ ដោយមានការបែងចែក ផលប្រយោជន៍គ្នា យ៉ាងរលូន។ ដូច្នេះអង្គភាពប្រឆាំង អំពើពុករលួយ ក៏គួរស៊ើបអង្កេតទៅលើ ករណីមេគយច្រកស្រែអំបិល ឃុបឃិតបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ជាបន្ទាន់ផងដែរ ព្រោះបញ្ហានេះ នាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់៕

ខ្សឹបដាក់ត្រចៀក៖ មេគយច្រកស្រែអំបិល ល្បីខាងឃុបឃិត ឲ្យឈ្មួញនាំចូលទំនិញ គេចពន្ធ