អគ្គិភ័យលេបត្របាក់ ផ្ទះពលរដ្ឋ ១ខ្នង នៅបាត់ដំបង រួមនឹងទ្រព្យសម្បត្តិ និងប្រាក់សុទ្ធជិត ១ម៉ឺនដុល្លារ

ភ្នំពេញ៖ ផ្ទះធ្វើពីឈើប្រក់ ស័ង្កសី ជញ្ជាំងស្លឹក ១ខ្នង របស់ស្ត្រីចំណាស់ម្នាក់ ត្រូវបានអគ្គិភ័យ លេបត្របាក់ឆេះអស់ គ្មានសល់ ក្នុងករណីឆ្លងចរន្តខ្សែភ្លើង និងបានបំផ្លាញសម្ភារៈប្រើប្រាស់ និងប្រាក់សុទ្ធជិត ១ម៉ឺនដុល្លារ។

យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានលើកយកសម្តីរបស់លោក វរសេនីយ៍ត្រី ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំថា កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅចំនុចក្រុម១ ភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ មានករណីអគ្គីភ័យ ១លើក បណ្តាលឲ្យឆេះផ្ទះមួយខ្នង របស់ឈ្មោះ លី ទិប ភេទស្រី អាយុ៨០ឆ្នាំ ទំហំ ៨ម៉ែត្រ គុណនិង៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹកឆេះអស់ទាំងស្រុង ។

លោកអធិការ បានបន្តថា មូលហេតុដែលបង្ករឲ្យមានអគ្គិភ័យខាងលើ គឺដោយសារឆ្លងចរន្តខ្សែភ្លើង និងបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិជាច្រើន រួមមាន ម៉ាស៊ីនបូមទឹក ១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿង, ធុងបាញ់ថ្នាំ ១, ស្រូវ ៤ការ៉ុង, ជី ៤ការ៉ុង, ទុយូបូមទឹក ២០គីឡូក្រាម, កង់ ១គ្រឿង, គ្រែ ២, ប្រាក់ខ្មែរ ២៤លានរៀល, ប្រាក់ដុល្លារ ១.៥00ដុល្លារ និងសំភារៈប្រើប្រាស់មួយចំនួនទៀត ។

ក្រោយអគ្គិភ័យបានរលត់ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ កន្លែងកើតហេតុ និងជួយរៀបចំសណ្តាប់ធ្នាប់ឡើងវិញ ៕

អគ្គិភ័យលេបត្របាក់ ផ្ទះពលរដ្ឋ ១ខ្នង នៅបាត់ដំបង រួមនឹងទ្រព្យសម្បត្តិ និងប្រាក់សុទ្ធជិត ១ម៉ឺនដុល្លារ