លោកស្រី គឹម សដ្ឋានី ចូលរួមទិវាពិភពលោកលាងសម្អាតដៃ នៅសាលចៅពញាហុក

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី គឹម សដ្ឋានី តំណាងដ៏ខ្ពង់ខ្ពស់ រដ្ឋមន្ត្រីក្រសួងអប់រំ លោកហង់ ជួន ណារ៉ុន នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ បានអញ្ជើញចូលរួមក្នុងទិវា ពិភពលោកលាងសម្អាតដៃ និង ទិវាអនាម័យ តាមគ្រឹះស្ថានសិក្សា ដែលរៀបចំដោយក្រសួងអប់រំ សហការជាមួយអង្គការ Unicef នៅសាលាបឋមសិក្សា ចៅពញាហុក ខណ្ឌចំកាមន ។

ទិវាពិភពលោកលាងសម្អាតដៃនេះ ត្រូវរៀបចំជារៀងរាល់ឆ្នាំដោយក្រសួងអប់រំ និងស្ថាប័នផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់សុខភាព នៅតាមសាលារៀន ដូចជាការអប់រំបង្ការជំងឺឆ្លង ជំងឺមិនឆ្លង សុវត្ថិភាព សុខុមាលភាពចំណីអាហារ អនាម័យ ដែលជាការ រួមចំណែក យ៉ាងសំខាន់ នៅក្នុងការពង្រឹងគុណភាពអប់រំ តាមបណ្ដាគ្រឹះស្ថានសិក្សានានា។
ក្នុងឱកាសនោះលោកស្រី គឹម សដ្ឋានី បានមានប្រសាសន៍ថា ទិវាពិភពលោកលាងសម្អាតដៃ និងងអនាម័យ នៅតាមគ្រឹះស្ថានសិក្សានាពេលនេះ នឹងផ្ដល់វិភាគទានយ៉ាងសំខាន់បន្ថែមទៀត សម្រាម់លើកកម្ពស់គុណភាព និងប្រសិទ្ធិភាពអប់រំ ដែលជាកត្ដាចូលរួមកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ពិសេសអត្រាមរណភាពរបស់កុមារ ដោយសារជំងឺរាក រលាកផ្លូវដង្ហើម និងបញ្ហាកង្វះអាហាររូបត្ថម្ភជាដើម ។

លោកស្រីបានបន្ដថា ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ និងកុមារ ចូលរួមជាមួយនឹងទិវាពិភពលោកលាងសម្អាតដៃ និងអនាម័យតាមគ្រឹះស្ថាន ក្រសួងតែងតែរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ក្រោមប្រធានបទ «ខ្ញុំឆ្លាត! ខ្ញុំលាងដៃនឹងសាប៊ូ» សម្រាប់ទិវាពិភពលោកលាងសម្អាតដៃ និង «អនាម័យល្អ ផ្ដើមចេញពីអ្នក» សម្រាប់ទិវាអនាម័យ ដែលជាប្រធានបទដ៏សំខាន់ ដើម្បីការងារសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ។
រដ្ឋលេខាធិការក្រសួងអប់រំដដែល បានជំរុញឲ្យមន្ទីរអប់រំរាជធានីខេត្ត ផ្សព្វផ្សាយពីទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យឲ្យបានទូលំទូលាយ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រួមទាំងបំពាក់សម្ភារៈរូបវ័ន្ដផ្នែកអនាម័យផ្សេងៗ ដើម្បីផ្ដល់ភាពងាយស្រួលជូនកុមារ នៅក្នុងការថែរក្សាសុខភាពរបស់ពួកគេផងដែរ ៕