តើ​បរិភោគ​សាច់​ច្រើន អាច​បង្ក​ឲ្យ​កើត​ជំងឺមហារីក​ដែរឬទេ ?

​ថ្មីៗ​នេះ​អង្គការ​សុខភាព​ពិភពលោក​បានចេញ​ផ្សាយ​លទ្ធផល​នៃ​ការសិក្សា​មួយ​ឱ្យដឹងថា ការបរិភោគ​សាច់​ក្រហម និង សាច់​កែច្នៃ​មាន​ជាប់ទាក់ទង​នឹង​លទ្ធភាព​នៃ​ការកកើត​ជំងឺមហារីក តែ​វា​ក៏​មិនចាំបាច់​ចំពោះ​អ្នក​ដែល​ត្រូវ​ឈប់​ពិសា​សាច់​ទាំងស្រុង​នោះដែរ ។

១. តើ​ការសិក្សា​បាន​រកឃើញ​អ្វីខ្លះ ?
​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ The International Agency for Research on Cancer (IARC) ដែលជា​ផ្នែក​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​បានធ្វើ​ការសិក្សា​ទៅលើ​លទ្ធផល​សិក្សា​មុនៗ​ចំនួន ៨០០ ករណី ដើម្បី​រកមើល​ទំនាក់ទំនង​នៃ​ការបរិភោគ​សាច់ ថា​តើ​វា​មាន​ជាប់ទាក់ទង​នឹង​ការបង្ក​ជំងឺមហារីក​ដែរឬទេ ? ការសិក្សា​ទាំងនោះ​បានធ្វើ​ឡើង​ក្នុងចំណោម​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ក្នុង​នោះគេ​បាន​សិក្សា​ទៅលើ​ឥរិយាបថ និង ការ​ពិសា​សាច់​ក្រហម​ត្រឹមតែ ៨៥ ក្រាម គេ​អាចមាន​លទ្ធភាព​ប្រឈម​គ្រោះថ្នាក់​ពី​ការឡើង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ និង វិ​វ​ឌ្ឍ​ទៅ​កើត​ជំងឺមហារីក ដូចជា​មហារីក​លំពែង និង ក្រពេញ​ប្រូ​ស្តា​ត ១៧ ភាគរយ ។

តើ​បរិភោគ​សាច់​ច្រើន អាច​បង្ក​ឲ្យ​កើត​ជំងឺមហារីក​ដែរឬទេ ?

ចំពោះ​ការបរិភោគ​សាច់​កែច្នៃ​ចំនួន ៤០ ក្រាម​ជា​រៀងរាល់ថ្ងៃ គេ​អាច​ប្រឈមមុខ​នឹង​ការកើត​ជំងឺមហារីក​ក្រពះ និង ពោះវៀន ១៨ ភាគរយ ។ ប្រសិនបើ​អ្នក​ពិសា​លាយ​ជាមួយ​ស្រា ជក់បារី ផង​នោះ​វារឹតតែ​បង្កើន​ភាគរយ​កាន់តែច្រើន ។ សាច់​ដែលមាន​ផ្ទុក​ជាតិពុល​កាស៊ីណូ​ហ្សែ​ន​ច្រើន​មានដូចជា សាច់គោ សាច់ជ្រូក សាច់​ចៀម ពពែ និង អាហារ​កែច្នៃ​មានដូចជា សាច់ក្រក ហ​ត​ដក និង សាច់​បន្ទះ​ហាំ​ប៊ឺ​រ​ហ្គើ​រ​ជាដើម គឺ​ត្រូវបាន​គេ​ចាត់ទុក​ក្នុង​ចំណាត់ថ្នាក់​មាន​ផ្ទុក​ជាតិពុល​ច្រើន​ចំពោះ​សុខភាព ។ ទោះជា​យ៉ាងនេះ​ក្តី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ​គ្រាន់តែ​បង្ហាញ​ឱ្យដឹងពី​ការស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ ហើយ​គ្រោះថ្នាក់​ជាក់ស្តែង​គឺ​មិនទាន់​បានដឹងថា វា​មាន​ដល់​កម្រិតណា​នោះទេ ។

២. បើ​ខ្ញុំ​ពិសា​សាច់​ច្រើន តើ​ខ្ញុំ​អាច​កើត​ជំងឺមហារីក​ដែរ​ទេ ?
​តាម​អ្នកជំនាញ​បានឱ្យដឹងថា អ្នក​ក៏​មិនគួរ​បញ្ឈប់​ទម្លាប់​ពិសា​សាច់ ស៊ុត និង សាន់​វិច សម្រាប់​អាហារ​ពេលព្រឹក​ភ្លាមៗ​នោះដែរ ។ មជ្ឈមណ្ឌល IARC ក៏​មិនបាន​ប្រាប់​ឱ្យដឹងថា បរិមាណ​សាច់​កម្រិតណា​អាច​សមល្មម​សម្រាប់​សុខភាព​អ្នក​នោះដែរ តែបើ​តាម​អ្នកជំនាញ​ខាង​សុខភាព បាន​ស្នើឱ្យ​មនុស្ស​បរិភោគ​សាច់​ក្នុង​បរិមាណ​តិចតួច ហើយក៏​មិនគួរ​ពិសា​សាច់​ក្រហម​គ្រប់ពេល​នោះដែ​រ ។ លោក​វេជ្ជបណ្ឌិត Dariush Mozaffarian អ្នកសិក្សា​ផ្នែក​អាហារូបត្ថម្ភ ក៏បាន​ឱ្យដឹង​ដែរ​ថា វា​មិនមាន​ភ័ស្តុតាង​គ្រប់គ្រាន់​ថា តើ​បរិមាណ​សាច់​ទំហំ​ប៉ុនណា​គ្រប់គ្រាន់​នោះទេ តែ​លោក​បាន​ស្នើថា ការ​ពិសា​សាច់​ត្រឹមតែ​ពី ១ ទៅ ២ ដង ក្នុង​មួយខែ គឺ​វា​សមល្មម បើ​ពិសា​សាច់​ច្រើន​ពី ២ ទៅ ៣ ដង ក្នុង​មួយ​សប្តាហ៍​ពិតជា​មិនល្អ​សម្រាប់​សុខភាព​ទេ ។

តើ​បរិភោគ​សាច់​ច្រើន អាច​បង្ក​ឲ្យ​កើត​ជំងឺមហារីក​ដែរឬទេ ?

៣. តើ​ប្រភេទ​សាច់​ណាខ្លះ​មាន​សុវត្ថិភាព​ជាង ?
​សាច់​សុទ្ធ​គ្មាន​ជាប់​ខ្លាញ់ សាច់មាន់ ទា និង សាច់​បក្សី​មួយចំនួន​អាច​ចាត់ទុកថា​ប្រសើរ​ជាង​សាច់ជ្រូក និង សាច់គោ ព្រោះ​សាច់​ដែលមាន​ជាប់​ខ្លាញ់​ច្រើន​អាច​បង្ក​ឱ្យ​កើត​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង អាច​បង្ក​ឱ្យស្លាប់​មុន​អាយុ ។ ពេល​អ្នកទិញ​សាច់​មក​បរិភោគ​ត្រូវ​ជ្រើសរើស​សាច់​សុទ្ធ និង សាច់​ដែល​មានគុណ​ភាពល្អ ។ ត្រូវ​កាត់បន្ថយ​ទម្លាប់​បរិភោគ​សាច់​កែឆ្នៃ និង អាហារ​សាច់​កំប៉ុង ព្រោះ​វា​មាន​ផ្ទុក​កម្រិត​ជាតិ​ខ្លាញ់ និង សូ​ដ្យូ​ម​ខ្ពស់​ដែល​អាច​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​រាងកាយ​ទាំងមូល ។

តើ​បរិភោគ​សាច់​ច្រើន អាច​បង្ក​ឲ្យ​កើត​ជំងឺមហារីក​ដែរឬទេ ?

៤. តើ​វា​អាច​បណ្តាលមកពី​របៀប​ចម្អិន​សាច់​ដែរឬទេ ?
​ជាការ​ពិត តាម​ការសិក្សា​នានា​បានឱ្យដឹងថា របៀប​ចម្អិន​សាច់​ដូចជា​អាំង ឬ​ដុត​សាច់​ក្នុង​សីតុណ្ហភាព​ខ្ពស់​អាច​បង្កឱ្យមាន​កម្រិត​ការ​ស៊ី​ណូ​ហ្សែ​ន (Carcinogenic) ខ្ពស់​អាចធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​អាស៊ីដ​អាដេ​អ៊ិន​ក្នុង​រាងកាយ និង បង្ក​ទៅជា​ជំងឺមហារីក ។ តាម​ការសិក្សា​មួយ​នៅ​សាកលវិទ្យាល័យ Minnesota បាន​រកឃើញថា ការបរិភោគ​សាច់​អាំង​អាច​បង្ក​ជំងឺមហារីក ៦០ ភាគរយ ជាង​វិធី​ចម្អិន​សាច់​ដទៃទៀត ។

តើ​បរិភោគ​សាច់​ច្រើន អាច​បង្ក​ឲ្យ​កើត​ជំងឺមហារីក​ដែរឬទេ ?

៥. តើ​ខ្ញុំ​ត្រូវតែ​បរិភោគ​បន្លែ​គ្រប់ពេល ដើម្បី​ចៀសវាង​ជំងឺមហារីក ?
​វា​មិនចាំបាច់​គ្រប់ពេល​នោះទេ ។ សាច់​គឺជា​ប្រភព​ល្អ​ដែល​ផ្តល់នូវ​ជាតិ​ប្រូតេអ៊ីន វីតាមីន និង រ៉ែ​ខនិជ​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ ខួរក្បាល សាច់ដុំ និង ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ។ បើ​អ្នក​ឈប់​បរិភោគ​សាច់​ទាំងស្រុង​អ្នកនឹង​មាន​បញ្ហា​កង្វះ​នូវ​អាហារូបត្ថម្ភ​ចាំបាច់​មួយចំនួន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ។ ដូច្នេះ​អ្នក​គួរ​ចាំ​ថា ត្រូវ​បរិភោគ​សាច់​ក្នុង​បរិមាណ​តិច ទើប​ប្រសើរ ៕​សុផល​

 

​ ​ ​ ​ ​ ​ ​ ​