សម្តេច​តេ​ជោ​ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​សម្ពោធ​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ ​ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃទី​២៣​ធ្នូ​

ភ្នំពេញ: ​បើ​គ្មានអ្វី​ប្រែប្រួល​ទេ នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ វា​រី​អគ្គិសនី ស្ទឹង​តា​តៃ កម្លាំង ២៤៦ មេ​ហ្គា​វ៉ា​ត់ ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង​។

​ទំនប់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ នៅ​ខេត្តកោះកុង វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម ឆាយ​ណា ណេ​ស៊ិន​ណ​ល ហេ​វី ម៉ាស៊ីន​ណា​រី ( China National Heavy Machinery Corporation ) របស់​ចិន ដែល​បានចាប់ផ្តើម​សាងសង់ នៅ​ឆ្នាំ​២០១០​។ នៅ​ឆ្នាំ​២០១៤ ទំនប់​វា​រី​អគ្គិសនី​នោះ បាន​ដំណើរការ​សាកល្បង​នូវ​ទំនប់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ​។​

សូម​រម្លឹកថា រហូតមកដល់​ពេលនេះ​ ប្រទេសកម្ពុជាយើង​​ ​មាន​កិច្ចព្រមព្រៀង​សាង​សង់​​ទំនប់​វា​រី​អគ្គិសនី ចំនួន ១១ រួចមកហើយ​ ​ដែលមាន​អនុភាព​ ​ផ្គត់ផ្គង់​សរុប​ ​ចំនួន​ ២.១២៣ មេ​ហ្គា​វ៉ា​ត់​។​ ​ក្នុងចំណោម​ប្រភព​អគ្គិសនី​ទាំង ១១​នោះ​ ​មាន​ប្រភព​អគ្គិសនី ចំនួន​ ៨ ​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​រួចរាល់​ហើយ​ ​ដែល​អនុភាព​ផ្គត់ផ្គង់​អគ្គិសនី សរុប​ ១.០៧២ មេ​ហ្គា​វ៉ា​ត់​ ​រួមមាន ទី​១៖ ​វា​រី​អគ្គិសនី​គិរី​រម្យ​១ ( ១២​មេ​ហ្គា​វ៉ា​ត់ ) ​ទី​២៖ វា​រី​អគ្គិសនី កំចាយ​ ( ១៩៤,១​មេ​ហ្គា​វ៉ា​ត់ ) ​ទី​៣៖ ​វា​រី​អគ្គិសនី​គិរី​រម្យ​៣ ( ១៨​មេ​ហ្គា​វ៉ា​ត់ ) ទី​៤៖ ​វា​រី​អគ្គិសនី​ស្ទឹង​ ​អា​តៃ​ ( ១២០​មេ​ហ្គា​វ៉ា​ត់ ) ទី​៥៖ វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ក្រោម​ ( ៣៣៨ មេ​ហ្គា​វ៉ា​ត់​) និង​ទី​៦៖ វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​ ( ២៤៦ មេ​ហ្គា​វ៉ា​ត់ )​។​

​ក្រៅពីនោះ កម្ពុជា ក៏មាន​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​ ​នៅ​ខេត្ត​ព្រះសីហនុ ( ១០០ មេ​ហ្គា​វ៉ា​ត់ ) ព្រមទាំង​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម កម្លាំង ៤០៥ មេ​ហ្គា​វ៉ា​ត់ ចំនួន ៣ គ្រឿង​ ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០១៥ មួយគ្រឿង​ ​ឆ្នាំ​២០១៦ ​មួយគ្រឿង​ ​និង​ឆ្នាំ​២០១៧ មួយគ្រឿង​។​

​ជាមួយគ្នា​នោះ ប្រទេស​កម្ពុជា​យើង ក៏បាន​នាំចូល​អគ្គិសនី​ពី​ប្រទេស​វៀតណាម តាម​ច្រក​ ​ភ្នំ​ដិ​ន​ ​ខេត្តតាកែវ​ ( ១៧០ មេ​ហ្គា​វ៉ា​ត់ ) ​ព្រមទាំង​ការនាំ​ចូល​ពី​ប្រទេស​ថៃ ចំនួន ១២០ មេ​ហ្គា​វ៉ា​ត់​។​

​ក្រៅពីនោះ កម្ពុជា ក៏​នៅមាន​គម្រោង​វា​រី​អគ្គិសនី សេ​សាន​ក្រោម​ ​នៅ​ខេត្តស្ទឹងត្រែង ដែលមាន​កម្លាំង ៤០០ មេ​ហ្គា​វ៉ា​ត់​ ​គ្រោង​ដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ​២០១៨៕​