កម្មករសំណង់​ម្នាក់​ខ្យល់គរ​ស្លាប់​នៅក្នុង​ការដ្ឋាន

​រាជធានី​ភ្នំពេញ​៖​បុរស​ជា​កម្មករសំណង់​ម្នាក់​បាន​ខ្យល់គ​ស្លាប់​នៅក្នុង​ការដ្ឋាន​សំណង់​ផ្ទះល្វែង​មួយកន្លែង​នៅ​ខាងត្បូង​វត្ត​ទួល​សុភា​ឃួន កាលពី​វេលា​ម៉ោង ៩​និង​១០​នាទី​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ ២០១៥ ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​មានឈ្មោះ កែ សារឿន អាយុ ៣៧​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលា​ផ្អៀ​រ ខេត្តកំពង់ឆ្នាំង និង​ប្រពន្ធ​ឈ្មោះ ថោង សារ៉ាន់ អាយុ​៣៥ មានកូន​៤​នាក់​ប្រុស​៣ ស្រី​១ ។​

​តាម​ប្រភពពី​សាច់ញាតិ​នៃ​សព ដែល​មក​ធ្វើ​កម្មករសំណង់​ជាមួយគ្នា​អោយដឹងថា នៅ​ម៉ោង​ប្រមាណ ជាង​៦​ល្ងាច ពួក​គាក់​បាន​ជួបជុំគ្នា​ហូបបាយ ល្ងាច​ជាមួយគ្នា លុះ​ពេល​ហូប​រួច ជនរងគ្រោះ​បាន​ទៅ​អង្គុយលេង​នៅលើ​កញ្ចុះ ក្នុង​ការដ្ឋាន​សំណង់ ខណៈនោះ​ជនរងគ្រោះ​ដកដង្ហើម​ខុសពី​ធម្មតា ពួកគាត់​នាំគ្នា​ទៅ​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ដួល និង​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។ ប្រភព​ដដែល​បាន​បន្តថា ជនរងគ្រោះ​គាត់​មាន​ជម្ងឺ​បូស​ថ្លើម ហើយ​ជនរងគ្រោះ បាន​សំរាក​ពី​ការងារ​មួយរយៈ​មកហើយ ទើប​ដល់​ថ្ងៃកើតហេតុ​នេះ​គឺ​គាត់​ទើបតែ​មក ធ្វើការ​បានតែ​កន្លះ​ថ្ងៃ​ប៉ុ​ណ្តោះ ។​

​ក្រោយពេល​កើតហេតុ សាច់ញាតិ​បាន​ទូរស័ព្ទ​ប្តឹង​ប៉ូលីស​ប៉ុស្តិ​ចោមចៅ និង​កម្លាំង​ជំនាញ​ពិនិត្យ បច្ចេកទេស​មក​ធ្វើការ​កោសល្យវិច័យ ឃើញថា​ជនរងគ្រោះ​បាន​ស្លាប់ ដោយសារ​ខ្យល់គរ ពិត​ប្រា​ដក​មែន ។ ក្រោយពេល​ពិនិត្យ​រួច សព​ត្រូវ​បានប្រគល់​ដោយ​ប្អូនជីដូនមួយ​ជនរងគ្រោះ ដឹក​តាម​រថយន្ត​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕ 

កម្មករសំណង់​ម្នាក់​ខ្យល់គរ​ស្លាប់​នៅក្នុង​ការដ្ឋាន