ហែក​ជញ្ជាំង​បន្ទប់​នារី​ក្រមុំ​ម្នាក់​ចូល​ប៉ង​រំលោភ នាង​ដឹងខ្លួន​ទាន់​ស្រែក​ផ្អើល

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​កម្មករ​នៅ​ឃ្លាំង​ធំ​មួយ​ក្នុង​កោះ​ពេជ្រ ធ្វើ​សកម្មភាព​លួច​ហែក​ជញ្ជាំង​បន្ទប់​ចូល​ទៅ​ចាប់​សម្រាត​ខោអាវ​នារី​ម្នាក់ កំពុង​ដេក​លង់លក់​ក្នុង​បន្ទប់​ជាមួយ​ឪពុក​-​ម្តាយ តែ​នៅ​ពេល​ដែល​កំពុង​តែ​ស្ទាបអង្អែល ត្រូវ​នាង​ដឹងខ្លួន​ទាន់ហើយ​​ស្រែក​ផ្អើល​ឱ្យ​គេ​ជួយ​ទាន់ និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ក្នុង​បន្ទប់​ការដ្ឋាន​សំណង់​ឃ្លាំង​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​វី​រៈ ជាតិ អាយុ​១៧​ឆ្នាំ ជា​កម្មករ​នៅ​ឃ្លាំង​ធំ​កោះ​ពេជ្រ ស្នាក់​នៅ​បន្ទប់​លេខ​១៧​ជាន់​ទី​២​ក្នុង​ឃ្លាំង​ធំ​មួយ​នៅ​កោះ​ពេជ្រ ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៦​ឆ្នាំ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​កំពុង​តែ​គេង​លង់លក់​យ៉ាង​ស្រួល​ជាមួយ​ឪពុក​ម្តាយ​នៅ​ក្នុង​បន្ទាប់ ដោយ​នារី​រង​គ្រោះ​នោះ​ដេក​នៅ​លើ​គ្រែ ហើយ​ឪពុក​-​ម្តាយ​គេង​នៅ​ក្រោម លុះ​នៅ​វេលា​កើតហេតុ ជនសង្ស័យ​ដែល​ស្នាក់​នៅ​បន្ទប់​លេខ​១៧​ដែល​​រំលង​គ្នា​២​បន្ទប់​នោះ បាន​ដើរ​ស្លៀក​តែ​លី​អូ រួច​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​លេខ​១៥ ដែល​មនុស្ស​ក្នុង​បន្ទប់​នោះ​បាន​ដេក​លក់​អស់​ហើយ ។ យុវជន​នោះ​ក៏​បាន​ឡើង​ជញ្ជាំង រួច​ចូល​ទៅ​ប្រលោះ​តូច​នោះ ដើម្បី​ចូល​ទៅ​ក្នុង​បន្ទប់​លេខ​១៤ ក្រោយមក ក៏​បាន​ហែក​ជញ្ជាំង​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នារី​រង​គ្រោះ និង​បាន​ចូល​ទៅ​ក្នុង​មុង​ដែល​នារី​នោះ កំពុង​តែ​ដេក ។

បន្ទាប់​មក បាន​ប្រឡេះ​ឡេវអាវ​របស់​នារី​រង​គ្រោះ​នោះ និង​សំរាត​ខោ​នោះ ត្រូវ​នាង​ដឹងខ្លួន​ទាន់​ពេល ក៏​ស្រែក​ឱ្យ​ឪពុក​-​ម្តាយ​ជួយ ។​ក្រោយមក ឪពុក​ម្តាយ​ស្រែក​ផ្អើល ពេល​នោះ​ជនសង្ស័យ​បាន​រត់​ចេញ​តាម​ប្រឡោះ​បង្អួច​ដែល​ខ្លួន​បាន​ចូល​មក ក៏​នាំ​គ្នា​ដេញចាប់ បាន​តែ​ម្តង ។