​ក្រុមយុវជន​​ជិត​៣០នាក់ និង​ម៉ូតូ​ជាង​១០​គ្រឿង​​ដេញ​វាយ​គ្នា​​ប្រសេចប្រសាច​ពេញ​ផ្លូវ​

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម​មានគ្នា​ជិត​៣០នាក់ និង​ម៉ូតូ​ជាង​១០គ្រឿង ​ដេញ​វាយ​គ្នា​ប្រសេច​ប្រសាច​ពេញ​ផ្លូវ ត្រូវ​​បាន​​កង​រាជ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ចុះ​អន្តរាគមន៍​​ឃាត់ខ្លួន​បាន​ម្នាក់ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២១ ​ធ្នូ ត្រង់​ចំណុច​​ផ្សារ​ដើម​អំពិល ផ្លូវ​បេតុង ក្រុម៦​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា យុវជន​​​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​​​​ ឈ្មោះ សុខ ភក្ដី អាយុ២២​​ឆ្នាំ ​ជា​សន្តិសុខ​តាម​ផ្ទះសំណាក់ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​សំរោង​អណ្ដែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុកកំ​ណើត​​ ក្នុងភូមិ​រំដួល ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ និង​ដកហូត​បាន​ម៉ូតូ​៣​គ្រឿង ម៉ាក​ស៊ុ​យ​ស៊ូ​គី​លែ​ត ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ 1CA-1363 ម៉ាក​ស៊ុ​យ​ស៊ូ​គី​លែត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1BU-7713 និង​មួយ​គ្រឿង​ទៀត​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ1FK-5553 ព្រមទាំង​ដកហូត​បាន​ដាវ​សាមូរ៉ៃ២ដើម​និង​បំពង់​ទីប​ដែក​ជ្រុង២ដើម​ផង​ដែរ ។

តាម​សម្តី​របស់​យុវជន​ដែល​ឃាត់ខ្លួន​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ​បក្សពួក​​ខ្លួនមាន​គ្នា៦​​នាក់ ជិះ​ម៉ូតូ​៣​​គ្រឿង​ខាងលើ​នេះ ស្រាប់តែ​មាន​ជន​មួយ​ក្រុម​ទៀត​មាន​គ្នា​២០​​នាក់​ជិះ​ម៉ូតូ​​​ជិត១០គ្រឿង​បាន​ដេញ​វាយ​ពួក​​ខ្លួន​ តាំងពី​ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​រហូត​ដល់​ចំណុច​​ខាងលើ​ ពួក​គេ​បាន​រត់​ចូល​ក្នុងផ្ទះ​​យក​ដាវ​សា​មូ​រ៉ៃ​បំណង​​​យក​ទៅ​សង​សឹក​វិញ ក៏​ត្រូវ​កម្លាំងកងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ល្បាត​ដល់​ចំណុច​នោះ​​​ចូល​ទៅ​អន្តរាគមន៍​​ ហើយ​​ក្រុម​ជន​បង្ក​​គេចខ្លួន​អស់ នៅ​សល់​តែ​រូបគេ​ត្រូវ​​កង​រាជ​អាវុធហត្ថ​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​តែម្តង ។

ក្រោយ​ពេល​កើតហេតុ​ កម្លាំងកង​រាជ​​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ ​​នាំ​យុវជន​ខាងលើ​យក​ទៅ​សាកសួរ​ និង​ធ្វើការ​អប់រំ​ណែនាំ​ហើយ​ហៅ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា​និង​ដោះ​លែងវិញ​ហើយ ៕