Booysen Shane ​រំភើប​ចិត្ត​ខ្លាំង ពេល​មាន​ឈ្មោះ​ជា​មួយ​ Cambodian All Stars

Booysen Shane ​រំភើប​ចិត្ត​ខ្លាំង ពេល​មាន​ឈ្មោះ​ជា​មួយ​ Cambodian All Stars

ខ្សែ​ប្រយុទ្ធ​សំបូរ​បច្ចេកទេស Booysen Shane ​របស់​ក្រុម​ភ្នំពេញ​ក្រោន​រំភើប​ចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​ដឹង​ថា ​ខ្លួន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទាំង​៣០​នាក់​របស់​លោក ប្រាក់ សុវណ្ណារ៉ា ​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​​​ក្រុម K-Cement Cambodian All Stars ​ជាមួយ​ក្រុម​ថៃ​នៅ​ខែ​មករា​ខាង​មុខ​នេះ។

 

Booysen Shane ​រំភើប​ចិត្ត​ខ្លាំង ពេល​មាន​ឈ្មោះ​ជា​មួយ​ Cambodian All Stars

Booysen Shane អាវខៀវ

 

បញ្ចេញ​អារម្មណ៍​ពី​អាហ្វ្រិក​ខាង​ត្បូង​មក កីឡាករ Booysen Shane ​បាន​ប្រាប់ Sabay ​ថា ​ខ្លួន​ពិត​ជា​រំភើបរក​និយាយ​មិន​ត្រូវ​នោះ​ទេ ​នៅ​ពេល​ដែល​ដឹង​ថា​មាន​ឈ្មោះ​និង​ឱកាស​បង្ហាញ​ខ្លួន​តំណាង​ឱ្យ​ក្រុម​កម្ពុជា​លេង​ជាមួយ​ក្រុម​​ខ្លាំង​របស់​ថៃដូចជា SCG Muangthong United ​និង Buriram United ​។ ត្បិត​តែ​បច្ចុប្បន្ន​កំពុង​តែ​នៅ​ស្រុក​កំណើត ​ខ្សែ​ប្រយុទ្ធ​មាឌ​ល្អិត ល្បឿន​លឿន​រូប​នេះ​បាន​បញ្ជាក់​ថា ​រូបគេ​នឹង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ដើម​ឆ្នាំ​២០១៦​នេះ ពោល​គឺ​មក​ឱ្យ​ទាន់​ពេល​វេលា​ដើម្បី​ចូល​រួម​ហ្វឹកហាត់​ជាមួយ​កីឡាករ​ដទៃ​ទៀត។

 

អតីត​កីឡាករ​លេង​នៅ​ប្រទេស​ថៃ ​បាន​បន្ថែម​ទៀត​ថា​ខ្លួន​ធ្លាប់​លេង​ទល់​នឹង​ក្រុម Buriram United ​រួច​មក​ហើយ ដូច្នេះ​វា​ជា​ពេល​ល្អ​មួយ​ដែល​បាន​លេង​ទល់​នឹង​ក្រុម​ខ្លាំង​របស់​ថៃ​នេះ​ម្ដង​ទៀត​ក្នុង​នាម​ជា​កីឡាករ​របស់​កម្ពុជា ​ហើយ​លេង​នៅ​ទឹក​ដី​កម្ពុជា​ទៀត​នោះ។ គោល​បំណង​ធំ​របស់ Booysen ​គឺ​ចង់​ឱ្យ​បរទេស​យល់​ច្បាស់​ពី​ការ​រីក​ចំរើន​របស់​កីឡា​បាល់ទាត់​នៅ​ស្រុក​ខ្មែរ។

 

Booysen Shane ​រំភើប​ចិត្ត​ខ្លាំង ពេល​មាន​ឈ្មោះ​ជា​មួយ​ Cambodian All Stars

 

កីឡាករ​មាន​សង្សារ​ជា​តារា​សម្ដែង​នៅ​កម្ពុជា​រូប​នេះ ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រុម​ភ្នំពេញ​ក្រោន ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​ក៏​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​គេ​ផង​ដែរ ​ដោយ​រំពឹង​ថា​ក្រោន​នឹង​បន្ត​កុងត្រា​ឱ្យ​រូបគេ​នៅ​កម្ពុជា​បន្ត​ទៀត​នៅ​ពេល​ខាងមុខ។

 

ក្រុម​ Cambodian All Stars ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​លេខ​២​នៃ​លីក​បាល់ទាត់​កំពូល​ថៃ​ Muangthong United នៅ​ថ្ងៃ​ទី​១៦​ ខែ​មករា និង​បន្ទាប់​មក​ទទួល​ក្រុម​ជើង​ឯក​លីក​ថៃ​ Buriram United នៅ​ថ្ងៃ​ទី​២៣​ ខែ​មករា ឆ្នាំ​២០១៦ ដែល​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទាំង​ពីរ​ជើង​នេះ​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ៕

 

អត្ថបទ៖ មុន្នី រម្យ