រលក​បាតុកម្ម​នៅ​ក្រុង​បា​វិត​មិន​ទាន់​ស្ងប់ស្ងាត់​ឃាត់ខ្លួន​កម្មករ​-​កម្មការិនី​៥៨​នាក់​ពេល​វឹកវរ

រលក​បាតុកម្ម​នៅ​ក្រុង​បា​វិត​មិន​ទាន់​ស្ងប់ស្ងាត់​ឃាត់ខ្លួន​កម្មករ​-​កម្មការិនី​៥៨​នាក់​ពេល​វឹកវរ

ខេត្តស្វាយរៀង ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) បាន​ចេញ​លិខិត​ថ្កោលទោស​មួយ​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ដែល​ជា​ការ​ថ្កោលទោស​ចំពោះ​ក្រុម​សហជីព និង​កម្មករ​ជ្រុលនិយម​មួយ​ចំនួន ដែល​បាន​ធ្វើការ​វាយ​បំផ្លាញ​រោងចក្រ​ញុះញង់ និង​គំរាមកំហែង​ផ្នែក​សន្តិសុខ​ដល់​កម្មករនិយោជិត​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ដទៃ​ទៀត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​តា​យ​សេង​នៅ​ក្រុង​បា​វិត ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១៦ ខែធ្នូ និង​បន្ត​មក​ដល់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ។

លិខិត​ដដែល​បន្ត​ថា រោងចក្រ​សរុប​ចំនួន​៤៥​ដែល​ផលិត​សម្លៀក​បំពាក់ ស្បែកជើង កង់ ឆត្រ អំ​ពូ​ល​ភ្លើង និង​ផលិតផល​ដទៃ​ទៀត ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​ពីរ ត្រូវ​ទទួល​រង​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​យ៉ា​ង​ធ្ងន់ធ្ងរ ជា​តួ​យ៉ា​ង​ការ​ខូចខាត​ទ្រព្យសម្បត្តិ ការ​ខាតបង់​ផ្នែក​ផលិតកម្ម​ទាំងស្រុង ដែល​នាំ​ឱ្យ​មានការ​យឺត​យ៉ាវ​ដល់​ការ​បញ្ជូន​ទំនិញ​ដល់​អ្នកបញ្ជា​ទិញ ព្រមទាំង​កេរ្តិ៍ឈ្មោះ​របស់​រោងចក្រ​ពាក់ព័ន្ធ និង​ស្ថិរភាព​នៃ​ផលិតកម្ម​ក្នុង​ពេល​អនាគត ។

ស្រប​ពេល​គ្នា​នេះ​ផង​ដែរ GMAC ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​នូវ​ចំណាត់ការ​សម​ស្រប និង​ទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់​ការ​ខូចខាត កុំឱ្យ​កាន់តែ​មាន​ទំហំ​ធំ​ថែម​ទៀត ។

ចំណាត់ការ​ទាំងនេះ គឺជា​ការ​អនុវត្ត​ច្បាប់​ជា​មូលដ្ឋាន​របស់​រដ្ឋ​មួយ​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម​តែ​ប៉ុណ្ណោះ ។ ទន្ទឹម​គ្នា​នេះ​ដែរ GMAC ទាត់​ចោល​ទាំងស្រុង​នូវ​ទស្សនៈ ឬ​ការ​ចោទប្រកាន់​ទាំងឡាយ​ណា​របស់​ក្រុម​សហជីព ក៏​ដូច​ជា​ក្រុម​សិទ្ធិ​មនុស្ស​មួយ​ចំនួន ដែល​ថា​នេះ​ជា​ការ​បង្ក្រាប ឬ​ជា​ការ​គាបសង្កត់​ទៅ​លើ​សិទ្ធិ​មនុស្ស ល្គឹក​ដែល​សកម្មភាព​ហិង្សា​ទាំងនេះ​ត្រូវ​បាន​សន្មត​ថា ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្តែង ។ សិទ្ធិ​មនុស្ស​មាន​ដែន​កំណត់ ហើយ​ដែន​នៃ​ការ​អនុវត្ត​សិទ្ធិ​នេះ គឺ​ការ​មិន​បំពាន​សិទ្ធិ​អ្នក​ដទៃ ក្នុង​ករណី​នេះ​គឺជា​អ្នក​វិនិយោគ​ស្របច្បាប់​នៅ​កម្ពុជា ដែល​បាន​រួមចំណែក​យា​៉​ង​ធំធេង​ដល់​ការ​អភិវឌ្ឍ និង​និរន្តរភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា ។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុង​បា​វិត បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ កម្មករ​កម្មការិនី​ចំនួន​៤៣​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង បាន​ចូល​ធ្វើការ​វិញ​ហើយ ប៉ុន្តែ​ក៏​មាន​កម្មករ​កម្មការិនី​រោងចក្រ​មួយ​ចំនួន​មិន​ទាន់​ចូល​ធ្វើការ​ដែរ ដោយនៅ​រេរា​ខាង​មុខ​រោងចក្រ​។ ទោះជា​យ៉ាងណា ក៏​ពុំ​មានការ​ធ្វើ​សកម្មភាព​អ្វី​ឡើយ ដោយ​សមត្ថកិច្ច​ដាក់​កម្លាំង​ពង្រាយ​យាមកាម​យ៉ាង​តឹង​រ៉ឹ​ង​ដើម្បី​ឃ្លាំមើល ខ្លាច​មានការ​ចូល​ធ្វើ​សកម្មភាព​អុកឡុក​រំខាន​ដល់​កម្មករ​កម្មការិនី​មិន​ឲ្យ​ធ្វើការ​ទៀត ។

នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​កម្មករ​៤​នាក់​ដែល​សង្ស័យ​ថា ជា​អ្នក​ញុះញង់​កម្មករ​កម្មការិនី​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​គប់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រោងចក្រ ។ កម្មករ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​មាន ៖

១-​ឈ្មោះ សុខ គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ថ្នល់ទទឹង សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ធ្វើការ​នៅ​រោងចក្រ​កៅ​វ៉េ ជាប់ចោទ​គប់​រោងចក្រ​ម៉ូ​រ៉ូ​ហ្វូ​ជី ។

២-​ឈ្មោះ វ៉ា​ន់ វិចិត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត ធ្វើការ​នៅ​រោងចក្រ​ឡុ​ង​ហ្វ្រា​យ ជាប់ចោទ​គប់​រោងចក្រ​ម៉ូ​រ៉ូ​ហ្វូ​ជី ។

៣-​ឈ្មោះ ប៉ា​ល់ លី​ឌី​ន សុមាលី ភេទ​ប្រុស​ធ្វើការ​នៅ​រោងចក្រ​ឃី​ង​ម៉េ​ក​ឃើ ។

៤-​ឈ្មោះ ខេ​ង សុ​ផា ភេទ​ប្រុស ធ្វើការ​នៅ​រោងចក្រ​សាន់​ហ្វេ​ង ។

កម្មករ​ទាំង​៤​នាក់ ត្រូវ​សាលាដំបូង​ខេត្តស្វាយរៀង សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធ​គារ​ខេត្ត កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែធ្នូ ។

បើ​តាម​មន្ត្រី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​ចូល​ធ្វើការ​បាន​តែ​ជិត​២​ម៉ោង​ទេ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង ក៏​ផ្ទុះ​អំពើ​ហិង្សា​ផ្អើល​នាំ​គ្នា​គប់​ចូល​រោងចក្រ និង​បន្តដំណើរ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ដោយ​ឮ​ពាក្យ​ចចាមអារ៉ាម​របស់​កម្មករ​ថា ពួក​គេ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​សាលាដំបូង​ដោះ​លែង​កម្មករ​៤​នាក់​នោះ​មក​វិញ ។ ដូច្នេះ​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ វេលា​ម៉ោង​១០​ព្រឹក ក្រុម​កម្មករ​កម្មការិនី​នៅ​បន្ត​ធ្វើ​កូដកម្ម​និង​បាតុកម្ម​ទៀត​ទាំង​២​តំបន់ ដែល​សមត្ថកិច្ច​បាន​ព្យាយាម​ទប់ស្កាត់ ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក​បំបែកហ្វូង​កម្មករ​-​កម្មការិនី ។ ការ​រំជើបរំជួល​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កម្មករ​កម្មការិនី​ជាង​៥០​នាក់​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ថា កម្មករ​-​កម្មការិនី​ដែល​ឃាត់ខ្លួន​មាន​កម្មករ​ចំនួន​២២​នាក់ កម្មការិនី​៣៦​នាក់​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ដោយសារ​តែ​ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​រាប់រយ​នាក់​បាន​លើកគ្នា​មក​កាន់​ស្នងការដ្ឋាន ដែល​អ្នកខ្លះ​រង់ចាំ​កូន ចាំ​ប្តី ឬ ប្រពន្ធ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​មិន​ទាន់​ដឹង​ថា មាន​ចំណាត់ការ​បែប​ណា​លើ​អ្នក​ឃាត់ខ្លួន​ទាំងនេះ  ៕