មុននេះបន្តិច ​សម្តេចតេជោ ​ហ៊ុន សែន ​ស្នើដល់ជនរួមជាតិ​ផ្តល់ការអាណិត​ស្រឡាញ់ជនពិការ​និងកុំរើសអើងជនពិការ

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម (Facebook)​ Page ​ផ្លូវការរបស់​សម្តេចបង្ហោះនៅប៉ុន្មាន នាទីមុននេះមា​នខ្លឹមសារទំាងស្រុងថា​ "ថ្ងៃនេះខ្ញុំ ​និង ភរិយារួមជាមួយថ្នាក់ដឹកនាំ ​ភរិយាថ្នាក់ដឹកនាំជាច្រើន​ បានមកជួបជុំសារ​ជាថ្មីទៀតជាមួយកុមារពិការភ្នែក កុមារគថ្លង់​នៃគ្រួសារថ្មី ​។ តាមទម្លាប់ខ្ញុំជួបក្មួយៗ ​កូនៗ ​ចៅៗទាំងអស់នេះ​ក្នុង១ឆ្នាំចំនួន២លើក​ ដែលជាការជួបជុំដើម្បី​សំណេះសំណាលផង និងទទួលទានអាហាររួមគ្នា​នៃមណ្ឌល​​ភ្នំពេញថ្មី និង​ មណ្ឌលច្បារអំពៅនិង​ ពេលខ្លះប្រមូលផ្ដុំកុមារនៃគ្រួសារថ្មីពី​ខេត្តបាត់ដំបង ​សៀមរាប ​និង កំពង់ចាមផងដែរ។

ខ្ញុំបានចូលរួម​ជាមួយអង្គការគ្រួសារថ្មី ​តាំងពីឆ្នាំ១៩៩៥ ​មកម្ល៉េះ។ ក្រៅពីការជួបជុំ២លើក​ក្នុងមួយឆ្នាំ ​ខ្ញុំ និងក្រុមគ្រួសារ​នៅបានជួយឧបត្ថម្ភប្រចាំ​ខែនូវអង្ករ និង ថវិកា​ដើម្បីរួមចំណែក​ដល់ដំណើរការមណ្ឌល​ទាំងអស់នេះ។

បានជួបក្មួយៗ ​កូនៗ ចៅៗ ម្ដងៗ ​ខ្ញុំពិតជាមានអារម្មណ៍រីករាយផង​ និង អាណិតអាសូរផង​ និងក៏ផ្តល់ឱយខ្ញុំនូវ​ការពិចារណារិះរក​វិធីជួយដល់ជនពិការផង។

សូមបងប្អូនជន​រួមជាតិមេត្តាផ្តល់នូវការអាណិត ​និង ការស្រឡាញ់ចំពោះជនពិការ ​ ព្រមទាំងកុំមានការរើស​អើងចំពោះជនពិការ។​ ត្រូវគិតថារូបគេ រូបយើង កូនគេកូន​យើង បងគេ​ បងយើង​ ប្អូនគេប្អូនយើង​ ចៅគេ ចៅយើង។ល។​ បើមានករណីដូចគ្នា ​ច្បាស់ជាមានទឹក​ចិត្តដូចគ្នាជាមិនខាន " ៕