សមត្ថកិច្ច​ស្នើ​ឲ្យ​អ្នក​បើកបរ​យានជំនិះ​ដាក់​ឯកសារ​ជាប់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់

សមត្ថកិច្ច​ស្នើ​ឲ្យ​អ្នក​បើកបរ​យានជំនិះ​ដាក់​ឯកសារ​ជាប់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់

នៅ​សល់​ពេល​តែ៩​ថ្ងៃ​ទៀត សមត្ថកិច្ច​នឹង​ផ្ដើម​អនុវត្ត​វិធាន​ការ​តឹងរ៉ឹង​ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ថ្មី។ ដូច្នេះ​ហើយ​សមត្ថកិច្ច​ស្នើ​ឲ្យ​អ្នក​បើកបរ​យាន​ជំនិះ​គ្រប់​ប្រភេទ​ផ្ដើម​មាន​ឯកសារ​គ្រប់គ្រាន់​ បើ​ពុំ​ដូច្នេះ​ទេ ប្រឈម​នឹង​ការ​ផាក​ពិន័យ។

 

លោក ពៅ ម៉ាលី អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ បាន​ប្រាប់ Sabay នៅ​មុន​នេះ​ថា ចាប់​ពី​ថ្ងៃ​ទី ១ មករា ២០១៦ សមត្ថកិច្ច​នឹង​ផ្ដើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ហើយ។ សព្វថ្ងៃ​នេះ​មាន​យាន​ជំនិះ​មួយ​ចំនួន​នៅ​មិនទាន់​មាន​ឯកសារ​គ្រប់​គ្រាន់​នៅ​ឡើយ ដូច្នេះ​ច្បាប់​ថ្មី​នឹង​មិន​មាន​ការ​លើក​លែង​ទៀត​ហើយ។

 

សមត្ថកិច្ច​ស្នើ​ឲ្យ​អ្នក​បើកបរ​យានជំនិះ​ដាក់​ឯកសារ​ជាប់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់

 

 

ទាក់ទង​នឹង​ឯកសារ​ដែល​អ្នក​បើកបរ​ត្រូវ​មាន​​ជា​ចាំ​បាច់​ រួមមាន៖

 

អ្នក​បើកបរ​ម៉ូតូ៖ ប័ណ្ណបើកបរ​ និង ផ្លាក​លេខ
អ្នក​បើកបរ​ឡាន៖ ប័ណ្ណបើកបរ​ឡាន​, កាត​គ្រី, ផ្លាក​លេខ និង​ ឈៀក​ ជាដើម
អ្នក​បើក​ឡាន​អាជីវកម្ម៖ ប័ណ្ណបើកបរ​ឡាន​, កាត​គ្រី, ផ្លាក​លេខ, ឈៀក និង ច្បាប់​អាជីវកម្ម,

 

ចង់ដឹង​ពី​តម្លៃ​ផាក​ពិន័យ​ចុចអាន​ត្រង់​នេះ 

 

អ្វី​ដែល​លើក​ឡើង​ខាង​លើ​នេះ គ្រាន់​តែ​ជា​ការ​លើក​ឡើង​ត្រួសៗ​ប៉ុណ្ណោះ ហើយ​អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​រូប​នេះ​បាន​បញ្ជាក់​ថា៖ “អ្នក​បើកបរ​រាល់​ថ្ងៃ​ គឺ​ដឹង​ហើយ​ថា នៅ​ពេល​បើកបរ​ គឺ​ត្រូវ​មាន​អ្វី​ខ្លះ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ថា បើ​តាម​ខ្ញុំ​ចាំ​មិន​ច្រឡំ ​គឺ​បទ​ល្មើស​ចរាចរណ៍​ប្រមាណ​ជាង ៥០ ឯណោះ ដែល​សមត្ថកិច្ច​នឹង​ត្រូវ​រឹត​បន្តឹង ដូច្នេះ​គ្រប់​គ្នា​ត្រូវ​គោរព​ច្បាប់​ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍”។

 

លោក​ ពៅ ម៉ាលី បាន​អំពាវនាវ​ឲ្យ​អ្នក​បើកបរ​​យាន​យន្ដ​ទាំង​អស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ស្នើ​ឲ្យ​គ្រប់​គ្នា​មាន​ឯកសារ​គ្រប់គ្រាន់​​​ផងដែរ។ ការ​ចូលរួម​​គោរព​ច្បាប់​ គឺជា ការ​ចូលរួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​​ចរាចរណ៍៕
សូមចុចអាន៖ កម្ពុជា​នឹង​ចំណេញ​ជីវិត​មនុស្ស ៥៦១ នាក់ ​និង​ថវិកា​ប្រមាណ ៩៨ លាន​ដុល្លារ បើ​ច្បាប់​​…
អត្ថបទ៖ ប៊ិន ប៊ុណ្ណា