ស្រ្តីដែលជនដៃដល់ ជិះម៉ូតូចូលបាញ់ ដល់ផ្ទះ បានចេញពីមន្ទីរពេទ្យ ដោយគ្មានដំណឹង

ភ្នំពេញ៖ ស្ត្រីអាជីវករដែលត្រូវ ជនដៃដល់ជិះម៉ូតូ ចូលបាញ់ដល់ផ្ទះ ខណៈនិយាយទូរស័ព្ទ នៅក្នុងបុរីពិភពថ្មី  រួចត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃនេះ តាមសេចក្តីរាយការណ៍ នៅព្រឹក ថ្ងៃទី២២ ខែធ្នូ នេះ បានឲ្យដឹងថា ស្រ្តីអាជីវកររូបនេះ បានលួចចាកចេញពីបន្ទប់ សម្រាកព្យាបាល ដោយពុំមាន អ្នកដឹងដំណឹងទេ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ជនរងគ្រោះ ហាក់ដូចជាមិនចង់ សហការជាមួយខាងកម្លាំងសមត្ថកិច្ច ហើយការរត់គេចខ្លួនចេញ ពីមន្ទីរពេទ្យរបស់ស្រ្តីរូបនេះ គឺរឹតតែបាត់ដំណឹង បាត់តម្រុយក្នុងការតាមរក ចាប់ខ្លួន ជនល្មើសផងដែរ។

សូមបញ្ជាក់អំពីសាវតាររឿង៖ ស្ត្រីអាជីវករម្នាក់ត្រូវបាន ជនប្រដាប់អាវុធ បាញ់ប៉ងសម្លាប់ នៅក្នុងផ្ទះលេខ៦ ផ្លូវលេខ២៣ នៅក្នុងបុរីពិភពថ្មី ស្ថិតក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នេះ ដែលករណីសមត្ថកិច្ច ដាក់ការសង្ស័យថា ជាករណីគំនុំ និងស្នេហាត្រីកោណ មិនមែនជាករណី ប្លន់នោះទេ។

អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ចាន់ ដាអាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ២៣ ក្នុងបុរីពិភពថ្មី ស្ថិតនៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពេលនេះកំពុងត្រូវជួយសង្រ្គោះ នៅមន្ទីពេទ្យព្រះកុសុម: ហៅពេទ្យលោកសង្ឃ បន្ទាប់ពីត្រូវជនមិនស្គាល់មុខ បានជិះម៉ូតូC125 មកឈប់មុខផ្ទះ រួចដកកាំភ្លើងខ្លី បាញ់សំដៅចំនួន២គ្រាប់ បណ្តាលឱ្យរងរបួស។

អាជ្ញាធរ បានបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ជារឿងគំនុំ ឬស្នេហាត្រីកោណ មិនមែនជា ករណីប្លន់ទេ។

យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថា ជាករណីអ្វីប្រាកដនោះទេ ជាមួយគ្នានោះ កម្លាំងជំនាញ កំពុងខិតខំស្រាវជ្រាវស្វែងរក ជនដៃដល់ មកផ្តន្ទាទោស និងដើម្បីបញ្ជាក់អំពីករណី ឈានដល់ការ បាញ់ប្រហារនេះ៕

ស្រ្តីដែលជនដៃដល់ ជិះម៉ូតូចូលបាញ់ ដល់ផ្ទះ បានចេញពីមន្ទីរពេទ្យ ដោយគ្មានដំណឹង