សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត ចេញប្រតិបត្តិការ វាយប្រហារ ១២លើកនៅអ៊ីរ៉ាក់ និង៣លើកនៅស៊ីរី

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចេញប្រតិបត្តិការវាយប្រហារក្រុមឧទ្ទាមរដ្ឋឥស្លាមក្នុងប្រទេស អ៊ីរ៉ាក់ និងស៊ីរី រហូតដល់១៥លើក នេះបើយោងសេចក្តីរាយការណ៍ របស់សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ។

ប្រភពព័ត៌មានពីកងកម្លាំងរួម បានឲ្យដឹងថា ប្រតិបត្តិការបានវាយប្រហាររហូតដល់១២លើកនៅក្នុងប្រទេស អ៊ីរ៉ាក់ ក្បែរទីក្រុងចំនួន៤ ដោយបានវាយប្រហារទៅលើទីតាំងរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាមជាច្រើនកន្លែង ព្រមទាំងបានបំផ្លាញយាន្តជំនិះ អាវុធ និងគោលដៅផ្សេងៗទៀតជាច្រើន។

ដោយឡែក ប្រតិបត្តិការចំនួន៣លើកក្នុងប្រទេស ស៊ីរី បានធ្វើឡើងនៅក្បែរទីក្រុង Mar’a និងទីក្រុង Ayn Isa និងតំបន់គោលដៅដទៃទៀតជាច្រើន។ ជាមួយគ្នានេះដែរ កម្លាំងសម្ព័ន្ធមិត្ត ក៏បានរាយការណ៍ឲ្យដឹងផងដែរថា ពួកគេវាយប្រហារក្បែរជំរុំរបស់ពួកឧទ្ទាមISIS នៅក្នុងខេត្ត Raqqa កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដែលបានបំផ្លាញដល់ទីតាំងអណ្តូងប្រេង និងឧស្ម័នធម្មជាតិចំនួន៥កន្លែងផងដែរ។

សូមជម្រាបថា ក្នុងប្រតិបត្តិការវាយប្រហារនេះ មានការប្រើប្រាស់យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះបញ្ជាពីចំងាយ និងការវាយប្រហារដោយកម្លាំងទ័ពជើងគោកផងដែរ៕