សមត្ថកិច្ច​និង​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត​បន្ត​ប៉ះ​ទង្គិច​គ្នា​សាជាថ្មី

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ នេះ សមត្ថកិច្ច​និង​កម្មករ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេហាតធេន (Manhattan) នៃ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បន្ត​ប៉ះទង្គិច​គ្នា​សាជាថ្មី។

ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​កម្មករ​រាប់ពាន់​នាក់ បាន​នាំ​គ្នា​វាយ និង​គប់​រថយន្ត​បាញ់​ទឹក​១​គ្រឿង របស់​សមត្ថកិច្ច​ឲ្យ​ខូចខាត ខណៈ​ដែល​សមត្ថកិច្ច​ព្យាយាម​វាយ​បំបែក​ក្រុម​បាតុករ​ដែល​កំពុង​តវ៉ា។

រហូត​មក​ដល់​ពេល​នេះ កម្មករ និង​សមត្ថកិច្ច​មួយ​ចំនួន​បាន​រង​របួស។ ចំណែក​សកម្ម​ហិង្សា​នៅ​បន្ត​នៅ​ឡើយ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ក៏​មាន​កម្មករ​ជិត​៦០នាក់ ត្រូវ​អាជ្ញាធរ​ប្រើ​ឡាន​បាញ់​ទឹក​បួន​គ្រឿង​បំបែក​កម្មករ និង​ឈាន​ដល់​ចាប់​ខ្លួន ក្នុង​ពេល​តវ៉ា តែ​ពួកគេ​ត្រូវ​បាន​ដោះលែង​វិញ នា​ល្ងាច​ថ្ងៃ​ទី​២១ ធ្នូ ដោយ​ភ្ជាប់​កិច្ច​សន្យា​ឲ្យ​ពួកគេ​ឈប់​តវ៉ា។

កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) និង​តាយសេង(Tai Seng) ក្នុង​ក្រុង​បាវិត បាន​ចេញ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល ២០​ដុល្លារ​បន្ថែម តាំង​ពី​ថ្ងៃ​ទី​១៦ ធ្នូ មក ហើយ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។

ការ​តវ៉ា​ប៉ុន្មាន​ថ្ងៃ​នេះ​​កម្មករ ៤​នាក់​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​២០ ធ្នូ ដោយ​ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ និង​ញុះញង់​ឲ្យ​មាន​ការ​តវ៉ា​ហិង្សា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។