សមាជិក​ព្រឹទ្ធសភាអាមេរិក​ដកខ្លួន​ពី​ការប្រកួត​ប្រជែង​ដើម្បី​តំណែង​ប្រធានាធិបតី​

សមាជិក​ព្រឹទ្ធសភាអាមេរិក​ដកខ្លួន​ពី​ការប្រកួត​ប្រជែង​ដើម្បី​តំណែង​ប្រធានាធិបតី​

រូបឯកសារ ៖ សមាជិក​ព្រឹទ្ធសភាអាមេរិក Lindsey Graham ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​ប្រកាស​​ដកខ្លួន​ពី​ការប្រកួត​ប្រជែង​ដើម្បី​តំណែង​ប្រធានាធិបតី​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ ដោយ​មាន​ការគាំទ្រ​ខាង​ផ្នែក​នយោបាយ​តិច​តួច។​

លោក Lindsey Graham សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.ប្រចាំ​រដ្ឋ​ South Carolina ដែល​ជា​អ្នកគាំទ្រដល់​វត្តមាន​យោធាស.រ.អា. ​ដ៏​ខ្លាំង​ក្លា​នៅ​បរទេស​នោះ បាន​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ដើម្បី​តំណែង​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ឆ្នាំ​២០១៦​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​លោក​បាន​ទទួល​ស្គាល់​ថា​លោក​មាន​ការគាំទ្រ​ខាង​នយោបាយ​តែ​បន្តិច​បន្តួច។

លោក Graham ដែល​មាន​វ័យ​៦០​ឆ្នាំ​ ​បាន​គ្រប​ដណ្តប់​ជា​ញឹក​ញាប់លើ​ការ​ជជែក​ដេញ​ដោល​គ្នា​នៃ​ក្រុម​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​ការ​គាំទ្រ​តិចតួច​ក្នុង​ការ​ស្ទង់​មតិ​ នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​ដែល​បាន​ធ្វើ​នៅ​មុន​ការ​ជជែក​ដេញ​ដោល​គ្នា​៥​លើក​នៃ​ក្រុម​បេក្ខជន​មាន​ការ​គាំទ្រ​ច្រើន​ ហើយ​ត្រូវ​បាន​ទស្សនា​ដោយ​ក្រុម​អ្នក​បោះឆ្នោត​អាមេរិកាំង​រាប់លាន​នាក់​កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗនេះ។​

ក៏​ប៉ុន្តែ​លោក​ Graham មិន​បាន​ទទួល​ការគាំទ្រ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ស្ទង់​មតិ​ជាតិ​នៃ​ក្រុម​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ​ ដើម្បី​ឱ្យ​លោក​អាចចូល​រួម​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​ធំៗ​ទេ។

​លោក​ Graham ដែល​ចាកចេញ​ពី​ការ​ប្រកួត​ប្រជែង​នេះ បាន​និយាយ​ប្រាប់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ CNN ថា​លោក​មាន​ជំនឿ​ថា «បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​យើង​នឹង​អនុលោម​តាម​ផែនការ​របស់​ខ្ញុំ​ ​ពី​ការ​ធ្វើ​បែបណា​ដើម្បី​បំផ្លាញ «​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម»។

លោក​បាន​គាំទ្រ​ការ​ប្រើប្រាស់​ក្រុម​ទាហាន​ស.រ.អា.​នៅ​លើ​ទឹកដី​ភូមិភាគ​មជ្ឈិមបូព៌ា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​កម្លាំង​រដ្ឋ​ឥស្លាម​ ដែល​ជា​គោល​ជំហរ​មួយ​មាន​ការ​គាំទ្រ​ពី​បេក្ខជន​ប្រធានាធិបតី​ខ្លះ​ខាង​គណបក្ស​សាធារណរដ្ឋ​ ក៏​ប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ និង​លោកស្រី​ Hillary Clinton អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.និង​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ៕