ហ៊ីយ៉ាន់ដាយ​បុកទួរីស​ក្រឡាប់​ សំណាងគ្មាន​អ្នករបួស​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​បើក​បុក​គូទ​រថយន្ត​ទួ​រី​ស​ក្រឡាប់ តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស ដែល​ហេតុ​ការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​៣៦០ កែង​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-0612 មាន​មនុស្ស​ជិះ​៣​នាក់​មិន​ស្គាល់ឈ្មោះ ដោយ​បើក​ក្នុង​ទិស​ដៅ​ពី​កើត ទៅ​លិច​ក្នុង​ល្បឿន​លឿន ។ រីឯ​រថយន្ត​រង​គ្រោះ​វិញ​ម៉ាក​ទួ​រី​ស ពណ៌​សំបក​ឪឡឹក មាន​មនុស្ស​ជិះ​២​នាក់ មិន​ស្គាល់​ឈ្មោះ​ដែរ បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​រង​គ្រោះ​បាន​បើកបរ​តាម​ផ្លូវ​៣៦០ ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​បង្ក​បាន​បើក​តាម​ផ្លូវ​១៦៣ មក​ដល់​ចំណុច​ផ្លូវកែង បាន​ទៅ​បុក​គូទ​រថ​យន្ត​រង​គ្រោះ បណ្ដាល​ឱ្យ​រថយន្ត​រង​គ្រោះ​រេ​ចង្កូត​ពេញ​ផ្លូវ បណ្ដាល​ឱ្យ​ឃ្លោង​រថយន្ត​រហូត​ក្រឡាប់​ផ្ងារជើង​បែក​កញ្ចក់​ខាង​មុខ តែ​មិន​មានការ​រង​របួស​ដល់​អ្នកបើកបរ​ទាំង​សងខាង​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ដោយ​ខាង​រថយន្ត​បង្ក​ខាងលើ ព្រម​ទទួលខុស​ទាំងស្រុង ក៏​ព្រម​ទទួល​សង​ថ្លៃ​ខូចខាត​ដល់​ខាង​រថយន្ត​រង​គ្រោះ ដើម្បី​បញ្ចប់រឿង ។