ឡង់​គ្រី​ស្ស័​រ​៥៧០​បួង​ចង្កូត​មិន​ទាន់ បុក​ខឿន​សួនច្បារ និង​ភ្លើង​បំភ្លឺ​ផ្លូវ ម្ចាស់​មិន​ព្រមឱ្យ​សមត្ថកិច្ច​ស្ទូច

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​អាយុ​ជាង​៣០​ឆ្នាំ បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស្ស័​រ​៥៧០ ក្នុង​ល្បឿន​លឿន​ពេក បួង​ចង្កូត​មិន​ទាន់ ជ្រុល​បុក​ខឿន​ឡើង​ទៅ​លើ​សួនច្បារ​រង្វង់​មូល​ជ្រោយចង្វារ ហើយ​បុក​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​មួយ​ដើម ធ្វើ​ឱ្យ​រថយន្ត​បែក​កង់​មុខ​និង​កង់​ក្រោយ​ខាងឆ្វេង​ទៅ​មុខ​លែង​រួច កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ធ្នូ ២០១៥ ស្ថិត​ក្នុង​ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ​៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-7776 បើកបរ​ដោយ​បុរស​ម្នាក់​ម្នាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​រង្វង់​មូល​ជ្រោយចង្វារ​ត្រើយ​ខាងកើត ជា​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន បួង​ចង្កូត​មិន​ទាន់​បាន​ជ្រុល​ទៅ​បុក​ឡើង​លើ​ខឿន​រង្វង់​មូល​ជ្រោយចង្វា​របុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​មួយ​ដើម សំណាងល្អ មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន ដែល​នៅ​ប្រចាំការ​ក្បែរ​នោះ បាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ និង​ធ្វើការ​វាស់វែង​ស្ទូច​រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ តែ​ម្ចាស់​រថយន្ត​មិន​ចង់ឱ្យ​សមត្ថកិច្ច​ស្ទួ​ច​រថយន្ត​ទេ​បាន​ព្យាយាម​ទូរស័ព្ទ ហៅ​អ្នក​មក​ជួយ​អន្តរាគមន៍ តែ​ទោះបីជា​យ៉ាងណា ត្រូវ​នគរបាល​ជំនាញ​ចរាចរណ៍​ក្រុង​បាន​ស្ទួ​ច​រថយន្ត​យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះស្រាយ ។