ប្តី​ស្រវឹងស្រា​កាប់​ប្រពន្ធ​២​ខ្វែវ​របួសធ្ងន់​ ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន

ខេត្តសៀមរាប​ ៖ បុរស​ម្នាក់​ត្រូវ​​កម្លាំង​នគរបាល​អធិការ​ស្រុក​វ៉ា​រិ​ន​​ឃាត់ខ្លួន បន្ទាប់​ពីត្រឡប់​មក​ផឹកស៊ី​ជាមួយ​មិត្ត​ភក្តិ​ស្រវឹង​ជោក​ជាំ​​ទាញ​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​​​រង​របួស​ធ្ងន់​ ​។

ហេតុការណ៍​ប្តី​កាប់​ប្រពន្ធ​នេះ​បាន​កើតឡើង​កាល​ពី​វេលាម៉ោង៨ ​និង៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ធ្នូ ​នៅ​ក្នុង​ក្រុមហ៊ុនចំការកៅស៊ូ​សំរោង​រ៉ា​ម​ប័​រ ភូមិ​អណ្តូង​ចាន់ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ​។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២១​ ធ្នូ​​ថា ​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ហាត រស់ ហៅ​ឆ​ន មុត អាយុ៥៤ឆ្នាំ មុខរបរ​កម្មករ​ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង​។

​លោក​បន្ត​ថា ជនសង្ស័យបាន​កាប់​ប្រពន្ធ​ឈ្មោះ ផៃ អិត អាយុ​៤៨ឆ្នាំ ត្រូវ​របួសក្រោម​ចង្កា​ឆ្វេង​១កាំ​បិត​ លើ​កញ្ចឹង.ក ឆ្វេង​១កាំ​បិត​ របួសធ្ងន់ ដោយ​សារ​ជនសង្ស័យស្រវឹង​ជោក ​ហើយ​ខឹង​ប្រពន្ធ។​

លោក​បន្ត​ទៀត​ថា ​​បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​​ត្រូវ​​កម្លាំង​ជំនាញ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ឃាត់ខ្លួន​ភ្លាម​ៗ និង​ដកហូត​វត្ថុ​តាង​កាំបិត​ខ្វែវ ដង​ដែក​មួយ​ដើម​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​មក​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​​ រហូត​មក​ដល់​ថ្ងៃ​ទី​២១​ ធ្នូ ២០១៥​​ ជន​រង​គ្រោះ​បាន​រួច​ផុត​ពី​សេចក្តីស្លាប់​ហើយ ដោយ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​អស់ពី​កម្លាំងកាយ​ចិត្ត​៕​​