បាតុកម្មនៅ​តំបន់សេដ្ឋកិច្ចក្រុងបាវិត​ឈានដល់សមត្ថកិច្ចប្រើគ្រាប់បែកផ្សែង​ ដោយសារហិង្សា​ផ្ទុះកាន់តែ​ខ្លំាង

ខេត្តស្វាយរៀង ៖​ កម្មករកម្មការិនីរាប់ពាន់​នាក់ធ្វើការនៅក្នុងរោងចក្រតំបន់​សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត ​បានតវ៉ាឈាន​ដល់ថ្ងៃទី៦​ហើយនៅព្រឹក​ថ្ងៃទី២២ធ្នូ​នេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​ការតវ៉ារបស់ក្រុមកម្មករនៅព្រឹកនេះ​ បានឈានដល់​អំពើហិង្សាកម្មករ​គប់ដុំថ្ម​ដាក់គ្នា​រ​វាងក្រុមកម្មករចង់ធ្វើការ​និងកម្មករមិនព្រមចូលធ្វើការ​ និងក្រុមកម្មករបានវាយ​កម្ទេចរថយន្តកងរាជអាវុធ​ហត្ថមួយគ្រឿង ។

សេចក្តីរាយការណ៍បានបន្តថា​ ដោយសារតែអំពើហិង្សា​បានផ្ទុះកាន់ខ្លំាង ​បង្ខំឲ្យសមត្ថកិច្ចប្រើគ្រាប់បែក​ផ្សែងនិងរថយន្តពន្លត់​អគ្គិភ័យ៣គ្រឿង​ដើម្បីបំបែកក្រុមអ្នកតវ៉ា ។

យ៉ាងណាក៍ដោយ​ ព្រឹត្តិការណ៍មិនទាន់​របាយការណ៍បឋមពី​មនុស្សរបួសនោះនៅឡើយទេ ​គិតត្រឹមម៉ោង​ជាង១០ព្រឹកថ្ងៃអង្គារដដែលនេះ ។

ប្រភពបន្តថា ​នៅពេលនេះ ​ថៅកែរោងចក្រនៅ​តំបន់សេដ្ឋកិច្ចពិសេសមេន​ហាតធេនបានបង្ខំចិត្តបិទទ្វារ​រោងចក្រចំនួន២៦ ​រីឯកម្មករនៅតំបន់​សេដ្ឋកិច្ចពិសេស​តាយសេង​ជាប់គ្នានិងដែល​បានចូលធ្វើការវិញ​ជាធម្មតាឡើងវិញនោះ​ នៅម៉ោង៩និង១៣នាទីព្រឹកនេះក៍ផ្ទុះហិង្សាដែរ ​ហើយមកដល់ម៉ោង១០និង១៦នាទី​​ រោងចក្រចំនួន៥បាន​បិទទ្វារ ៕

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕