អាវុធហត្ថ រាជធានីភ្នំពេញ បង្ហាញមេខ្លោង ក្រុមចោរលួច ប្លន់ម្នាក់ទៀត និងដកហូតបាន ម៉ូតូ៩គ្រឿង

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ហាញ មេខោ្លង ក្រុមចោរលួច ប្លន់ម្នាក់ ទៀត ដែលត្រូវអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចាប់បានកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច ផ្ទះជួល បន្ទប់លេខ២៥ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់តុលាការ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ការឃាត់ខ្លួនមេខ្លោងរូបនេះ ធ្វើឡើងតាមរយៈការចង្អុលបង្ហាញ របស់បក្សពួកដៃជើង ៦នាក់ ដែល អាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន កាលពីដើមខែធ្នូ ឆ្នាំ២០១៥។ តាមចមើ្លយសារភាព មេខ្លោងម្នាក់នេះ មានឈ្មោះថា យ៉ាន រស្មី ហៅ ណុយ អាយុ៣៣ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ (ម១) ចំនួន៦ខែ ពីបទលួច កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ហើយចេញវិញក្នុងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤។ មន្រ្តីអាវុធហត្ថបានឲ្យដឹងទៀតថា មុនពេលជាប់គុកមេខ្លោង ម្នាក់នេះ មានឈ្មោះថា គឿន ណុយ ក្រោយពេលចេញពីគុក ក៏ប្តូរឈ្មោះមកជា យ៉ាន រស្មី ហើយប្រម៉ែប្រមូល បក្សពួកទាំងចាស់ទាំងថ្មី ដើរលួច ប្លន់ គ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ រីឯទ្រព្យសម្បត្តិ ដែលលួច ប្លន់បាននោះ គឺមេខ្លោងម្នាក់នេះយកមក ដោះដូរ កែច្នៃ រួចទើបយកទៅលក់ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងទទួលទិញផលចោរកម្ម ពីក្រុមចោរលួច ឆក់ ប្លន់ គ្រប់ប្រភេទដើម្បីយកទៅលក់បន្តផងដែរ។

អាវុធហត្ថដដែលបានបន្តទៀតថា  ជាក់ស្តែងវត្ថុតាងដែលបានមកពីការលួច ប្លន់ ត្រូវសមត្ថកិច្ចអាវុធហត្ថដកហូតបានមានម៉ូតូ ចំនួន ៩គ្រឿង និងសម្ភារៈផលចោរកម្មផ្សេងៗទៀតជាច្រើន។ ម៉ូតូទាំង៩នោះរួមមាន ទី១. ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-3139, ទី២.ម៉ូតូម៉ាក វេវ ចិន ពណ៌ក្រហម គ្មានស្លាកលេខ, ទី៣.ម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AC-0155, ទី៤.ម៉ូតូម៉ាក ស៊ីរ៉ូស ពណ៌ក្រហម-ស គ្មានស្លាកលេខ, ទី៥.ម៉ូតូម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-6693, ទី៦.ម៉ូតូម៉ាក ហុងដា សេ125 ចិន ពាក់ស្លាកលេខ 1AB-7860, ទី៧.ម៉ូតូម៉ាក ហុងដា សេ100 កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ, ទី៨.ម៉ូតូម៉ាក គុបជ្រុង50 ពណ៌ខៀវ ពាក់ស្លាកលេខ 1ម-2399 ភព1 និងទី៩.ម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ។

បច្ចុប្បន្នម៉ូតូទាំង៩គ្រឿង ត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយអាវុធហត្ថ ក៏បានអំពាវនាវផងដែរ សូមឲ្យប្រជាពលរដ្ឋដែលត្រូវបានចោរ លួច និង ប្លន់ម៉ូតូកន្លងមក សូមយកឯកសារពាក់ព័ន្ធ ទៅផ្ទៀងផ្ទាត់ដើម្បីទទួលយកម៉ូតូ ត្រឡប់ទៅវិញ៕

អាវុធហត្ថ រាជធានីភ្នំពេញ បង្ហាញមេខ្លោង ក្រុមចោរលួច ប្លន់ម្នាក់ទៀត និងដកហូតបាន ម៉ូតូ៩គ្រឿង

អាវុធហត្ថ រាជធានីភ្នំពេញ បង្ហាញមេខ្លោង ក្រុមចោរលួច ប្លន់ម្នាក់ទៀត និងដកហូតបាន ម៉ូតូ៩គ្រឿង

អាវុធហត្ថ រាជធានីភ្នំពេញ បង្ហាញមេខ្លោង ក្រុមចោរលួច ប្លន់ម្នាក់ទៀត និងដកហូតបាន ម៉ូតូ៩គ្រឿង