សម្តេចតេជោ ស្ញើចសសើរ ភាពឆ្លាតវៃ របស់កុមារពិការភ្នែក និងគថ្លង់ ចេះប្រើប្រាស់បណ្តាញសង្គម ប្រសើរជាងមន្រ្តីមួយចំនួន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃ អង្គារ ទី២២ ខែធ្នូ ឆ្នាំ ២០១៥ បានសម្តែងការស្ញើចសរសើរ ពីភាពវាងវៃរបស់កុមារពិការភ្នែក និងគថ្លង់ នៃសាលាភាសាពិការភ្នែក និងគថ្លង់គ្រួសារថ្មី ដែលមានសមត្ថភាពពិសេស ក្នុងការប្រើប្រាស់បណ្តាញសង្គម ខណៈមេដឹកនាំ និងមន្រ្តីមួយចំនួន នៅមិនទាន់ចេះប្រើប្រាស់នៅឡើយ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយកុមារពិការភ្នែក និងគថ្លង់ សម្តេចតេជោ បានមានប្រសាសន៍ថា “មានមេដឹកនាំមួយចំនួន មន្រ្តីមួយចំនួន អត់ចេះប្រើបច្ចេកវិទ្យា ព័ត៌មានទេ សូម្បីតែបញ្ជូនសារ តាមការផ្ញើសារ ការបញ្ជូនទៅតាមWhatapp Telegram Line និងអ្វីទៀត អត់ចេះទេ កុំនិយាយដល់ហ្វេសប៊ុក រឺក៏Twitter ប៉ុន្តែឥឡូវនេះ ក្មួយៗ ចៅៗ ដែលពិការភ្នែក ចេះលេងហ្វេសប៊ុក ហើយមានcomments likes។ ដល់ពេលយើង តបទៅវិញទៅ គាត់ស្តាប់បានសំឡេងដែរ”។

យ៉ាងណាក៏ដោយ សម្តេចតេជោ បានហៅភាពប៉ិនប្រសព្វរបស់កុមារទាំងនោះ បានមកពីបណ្តុះបណ្តាល និងហ្វឹកហ្វឺន បានយ៉ាងល្អពីសាលាគ្រួសារ ទីដែលសម្តេច បានសន្យាជួបកុមារពិការនៅទីនោះ ចំនួន២ដងរៀងរាល់ឆ្នាំ។

សម្តេច តេជោ បានមានប្រសាសន៍ថា “ទំនាក់ទំនងសង្គមហ្នឹង មិនមែនសម្រាប់តែអ្នក មិនពិការទេ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា បើយើងគ្មានការបណ្តុះបណ្តាល គ្មានការយកមកហ្វឹកហាត់ យកមកចិញ្ចឹមបីចាច់ថែរក្សាទេ ក្មួយៗចៅៗ មិនអាចមានភព្វសំណាង អាចចេះ អក្សរ រឺចេះប្រើនូវព័ត៌មានវិទ្យាជាកុំព្យូទ័រនោះទេៗ”។

ប្រទេសកម្ពុជា ត្រូវបានគេវាយតម្លៃ ជាប្រទេសកំពុងអភិវឌ្ឃន៍មួយ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដទៃ ដែលរំលេចខ្លួនឯងយ៉ាងខ្លាំងក្លា នៅក្នុងឆាកអន្តរជាតិ តាមរយៈវឌ្ឍនភាពសង្គម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងមនុស្សធម៌(ក្របខណ្ឌអ.ស.ប)៕