កាមេរ៉ា​បំពាក់​នៅតាម​ភ្លើងស្តុប​ដើម្បី​តាមដាន​បទល្មើស ដាក់​ដំណើរការ​នៅថ្ងៃនេះ​

​កាមេរ៉ា​សុវត្ថិភាព​ជាង​២០០ ត្រូវបាន​តម្លើង​តាម​ភ្លើងស្តុប​នៃ​មហាវិថី​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​បទល្មើស​នានា​។ ការដាក់​កាមេរ៉ា​សុវត្ថិភាព​នេះ គឺ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មានការ​សហការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​។​

​ផ្នែក​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សាលា​រាជធានី​ភ្នំពេញ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​ប្រកាស​បើក​ដំណើរការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សុវត្ថិភាព​អ្នកធ្វើដំណើរ នៅតាម​ដងផ្លូវ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​កន្លែង​ទទួល​ពាក្យបណ្តឹង​បទល្មើស​ចរាចរណ៍​នៅ​ទូទាំងប្រទេស នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​នេះ​។

​កន្លងមក​លោក សោម ធា​រិ​ទ្ធ នាយការិយាល័យ​ទូរស័ព្ទ នៃ​នាយកដ្ឋាន​វិទ្យុទាក់ទង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ក្រសួងមហាផ្ទៃ ធ្លាប់បាន​បញ្ជាក់ថា ការបំពាក់​កាមេរ៉ា​ទាំងនេះ ក្នុង​គោលបំណង​ទប់ស្កាត់​បទល្មើស​លួច ឆក់ ប្លន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ការមិន​គោរព​ច្បាប់​ចរាចរណ៍ ដែល​អាច​ឲ្យ​សមត្ថកិច្ច​ងាយស្រួល​ធ្វើការ​ផាកពិន័យ​ទៅតាម​ភស្តុតាង​ជាក់ស្តែង តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​នេះ​។​

​ភ្លើងស្តុប​សំខាន់ៗ​តាម​ដង​វិថី​ដែល​ត្រូវបាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ទាំង​២០​គោលដៅ​ធំៗ រួមមាន​១.​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ ២.​ស្តុ​ប​ក្រសួងមហាផ្ទៃ ៣.​ស្តុ​ប​ចំការមន ៤.​ស្តុ​ប​បូកគោ ៥.​ស្តុ​ប​ពេ​ទ្រ​ចិន​៦.​ស្តុ​ប​ទូត​អាលឺម៉ង់ ៧.​ស្តុ​ប​ផ្សារ​អូរ​ឬ​ស្សី ៨.​ស្តុ​ប​ផ្សារ​ថ្មី ៩.​ស្តុ​ប​សួន​កាណាឌីយ៉ា ១០.​ស្តុ​ប​សណ្ឋាគារ​ណាន​ជី​ង ១១.​ស្តុ​ប​ដេ​អិន ១២.​ស្តុ​ប​វិទ្យាល័យ​សន្ធរ​មុខ ១៣.​ស្តុ​ប​ទេព​ផន ១៤.​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់ ១៥.​ស្តុ​ប​ផ្សារ​ដើម​គរ ១៦.​ស្តុ​ប​អាងទឹក​អូរ​ឡាំ​ពិ​ច ១៧.​ស្តុ​ប​នាង​គ​ង្ហី​ង ១៨.​ស្តុ​ប​ផ្សារ​ដេប៉ូ ១៩.​ស្តុ​ប​អូ​ឡាំ​ពិ​ច និង​២០​ស្តុ​ប​ច្បារអំពៅ​២៕