អភិបាលខេត្ត​ស្ទឹងត្រែង គួរពិនិត្យមើល​ករណី​មន្ត្រី​យោធា​ការពារ​ព្រំដែន​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ខ្លះ​ផង​

​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា មិន​យកចិត្តទុកដាក់​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​នោះទេ ហេតុនេះហើយ​ទើប​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​បទល្មើស​គ្រឿងញៀន​រាលដាល​ក្នុង​ខេត្ត​នេះ​កាន់តែខ្លាំង​ឡើងៗ​។ ជាមួយគ្នានេះ​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​១០១​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា ជំរិត​យកលុយ​ពី​ពួកគាត់​នៅពេល​ចូល​ព្រៃ​អារឈើ​យកមក​ធ្វើ​លំនៅដ្ឋាន ដូច្នេះ​លោក កុល សំអុល ជា​អភិបាលខេត្ត គួរពិនិត្យមើល​ខ្លះ​ផង​។ ដោយហេតុថា នៅពេល​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង បែរជា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បង្ក្រាប ហើយ​នៅពេល​ប្រជាពលរដ្ឋ​ចូល​ព្រៃ​អារឈើ​បន្តិចបន្តួច​មក​សាងសង់​លំនៅដ្ឋាន​បែរជា​ប្រឈម​នឹង​ការ​ធ្វើបាប​យ៉ាងធ្ងន់ធ្ងរ​។

សូមបញ្ជាក់ថា ថ្មីៗ​នេះ​អ្នកភូមិ​មួយ​គ្រួ​សារបាន​ស្នើសុំ​លិខិតអនុញ្ញាត​ពី​អជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដើម្បី​ចូល​អារឈើ​យកមក​ធ្វើ​លំនៅដ្ឋាន​ជា​លក្ខណៈ​គ្រួសារ ហើយ​ត្រូវ​យោធា​ការពារ​ព្រំដែន​ហាមឃាត់​និង​រឹបអូស​យក​ម៉ាស៊ីន​អារឈើ​ពី​ពួកគាត់​។ ប្រជាពលរដ្ឋ​ដែលជា​ជនជាតិដើម​ភាគតិច​ខិះ នៅ​ភូមិ​ខិះ​ក្រោម ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង បាន​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ទាប់ពី​មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​១០១ ឈ្មោះ ប៉េង ហៅ​តា​ប៉េង រឹបអូស​យក​ម៉ាស៊ីន​អារឈើ​របស់​ពួកគាត់​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៥​។ បញ្ហា​នេះ​លោក កុល សំអុល ជា​អភិបាលខេត្ត គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​១០១​អនុវត្តន៍​ខុស​តួនាទី​របស់ខ្លួន​ហើយ​។

តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ព្រែ​កមាស បាន​ឲ្យ​ដឹងថា ជនជាតិ​ខិះ​មួយ​គ្រួសារ​ដែលមាន​ភាពក្រីក្រ​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ និង​អាជ្ញាធរ​ស្រុក ព្រមទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដើម្បី​សុំចូល​អារឈើ​ក្នុងព្រៃ​យកមក​សាងសង់​លំនៅដ្ឋាន​មួយ​ខ្នង​។ ពេល​ទទួលបាន​ការអនុញ្ញាត​ជនជាតិ​ខិះ​មួយ​គ្រួសារ​នោះ បាន​ចូល​ព្រៃ​ដើម្បី​អារឈើ​យកមក​ធ្វើ​ផ្ទះ ប៉ុន្តែ​ត្រូវបាន​កម្លាំងយោធា​វរ​ការពារ​ព្រំដែន​លេខ​១០១​ចំនួន​៦​នាក់​មាន​អាវុធ​គ្រប់​ដៃ​មកឃាត់ និង​ដកហូតយក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ទុក​។ ជាងនេះទៅទៀត​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​១០១​ឈ្មោះ ប៉េង ហៅ​តា​ប៉េង បាន​ជំរិត​យកប្រាក់​៥០​ម៉ឺន​រៀល ដើម្បី​ជា​ថ្នូរ​នឹង​ការ​ប្រុគ​ល់​ម៉ា់ស៊ីន​ត្រង់​ស៊ី​ន័​រវិ​ញ ប៉ុន្តែ​ជនជាតិដើម​ភាគតិច​ខិះ​មួយ​គ្រួសារ​នោះ​គ្មាន​លុយ​បង់​ឲ្យ​ឡើយ​។ រឿងរ៉ាវ​នេះ​មេបញ្ជាការ​យោធា​ខេត្តស្ទឹងត្រែង គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​ឈ្មោះ ប៉េង ហៅ​តា​ប៉េង មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​១០១​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ជន​នោះ​ប្រព្រឹត្ត​ខុស​តួនាទី​របស់ខ្លួន​តទៅទៀត​៕

កុល-សំអុល1​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​ ​