បន្ទាប់​ពី​បារ​ខែម​កំពង់ចាម សែ​ល​កាត និង​បារ​ខែម​កម្ពុជា កំពុង​គ្រោង​រៀបចំ​គំនិត​ផ្ដួចផ្ដើម​សម្រាប់​ឆ្នាំ​២០១៦

បន្ទាប់​ពី​បារ​ខែម​កំពង់ចាម សែ​ល​កាត និង​បារ​ខែម​កម្ពុជា កំពុង​គ្រោង​រៀបចំ​គំនិត​ផ្ដួចផ្ដើម​សម្រាប់​ឆ្នាំ​២០១៦

ព្រឹត្តិការណ៍​បារ​ខែម​ចុង​ក្រោយ​សម្រាប់​ឆ្នាំ​២០១៥ គឺ​បារ​ខែម​កំពង់ចាម ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៥-៦ ​ខែ​ធ្នូ ដោយ​គ្រប់​ស៊េរី​នីមួយៗ​មាន​ការចូលរួម​ដ៏​ច្រើន​កុះករ បាន​ជំរុញ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​បារ​ខែម​កម្ពុជា និង សែ​ល​កាត កាន់តែ​មាន​ទឹកចិត្ត​ឈាន​ទៅ​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​សម្រាប់​ឆ្នាំ​ក្រោយៗ​ទៀត។

 

​ព្រឹត្តិការណ៍​បារ​ខែម​កំពង់ចាម មាន​អ្នកចូលរួម​ប្រមាណ​ជិត​៤០០​នាក់ សម្រាប់​ការ​រៀបចំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ខេត្ត​កំពង់ចាម​។ ក្នុងឱកាស​នោះ​ ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ថ្នាក់ដឹកនាំ​ពាណិជ្ជកម្ម អ្នក​ច្នៃ​បង្កើត​ថ្មី សហគ្រិន អ្នក​មាន​គំនិត​ច្នៃប្រឌិត អង្គការ​ក្រៅ​រាជរដ្ឋាភិបាល សាស្ត្រាចារ្យ និង​សិស្ស​និស្សិត​ជា​ច្រើន ក្នុង​បំណង​ស្វែងយល់​ពី​សក្ដានុពល​បច្ចេក​វិទ្យា​ព័ត៌មានវិទ្យា ព្រមទាំង​បាន​សិក្សា និង​ចូលរួម​សហការ​ជាមួយ​អ្នកជំនាញ​បច្ចេកវិទ្យា និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​។

 

បន្ទាប់​ពី​បារ​ខែម​កំពង់ចាម សែ​ល​កាត និង​បារ​ខែម​កម្ពុជា កំពុង​គ្រោង​រៀបចំ​គំនិត​ផ្ដួចផ្ដើម​សម្រាប់​ឆ្នាំ​២០១៦

អ្នក​ចូលរួម​ទាំងអស់​ពិតជា​មិន​ខក​បំណង​ឡើយ ដោយសារ​ក្នុង​បារ​ខែម​កំពង់ចាម មាន​វត្តមាន​វាគ្មិន​២០​រូប និង​ប្រធានបទ​ពាក់ព័ន្ធ​ដល់​ទៅ​៣៤​ប្រធានបទ។ កិច្ចពិភាក្សា​ក្រុម​ដែល​មាន​សមាជិក​៤​រូប​លើ​ប្រធានបទ “​ការងារ និង​សមាហរណកម្ម​អាស៊ាន​” បាន​ទទួល​ការគាំទ្រ​ស្វាគមន៍ និង​ចាប់អារម្មណ៍​បំផុត​ពី​សំណាក់​អ្នកចូលរួម ហើយ​ប្រធានបទ​នេះ​ក៏​ស្រប​តាម​គោលដៅ​របស់​ព្រឹត្តិការណ៍​ផងដែរ គឺ “​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន​”​។ ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ជា​ស៊េរី​នេះ បាន​ជំរុញ​និង​លើក​ទឹកចិត្ត​អ្នក​ចូលរួម​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ចំណេះដឹង ជំនាញ និង​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​។​

 

​ប្រធានបទ​មួយ​ចំនួន​គួរឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ដែល​បាន​លើក​ឡើង​ក្នុង​បទ​បង្ហាញ​នៅ​ខេត្ត​កំពង់​ចាម មាន​ដូច​ជា កិច្ចពិភាក្សា​អំពី​ការ​សរសេរ​គម្រោង​អាជីវកម្ម ការ​ស្រាវជ្រាវ​តាម​អ៊ី​ន​ធើ​ណិ​ត​បាន​លឿន​បំផុត​ជា​មួយ Google វិធីសាស្ត្រ​ស្វែងរក​ការងារ និង​ការ​ទាញ​យក​អត្ថប្រយោជន៍​ជា​ច្រើន​ពី​អ៊ីន​ធើ​ណិ​ត ជាដើម​។​

 

បន្ទាប់​ពី​បារ​ខែម​កំពង់ចាម សែ​ល​កាត និង​បារ​ខែម​កម្ពុជា កំពុង​គ្រោង​រៀបចំ​គំនិត​ផ្ដួចផ្ដើម​សម្រាប់​ឆ្នាំ​២០១៦

 

​អ្នក​ចូលរួម​ក៏​បាន​ចំណាយ​ពេល​ទៅ​ទស្សនា​តាម​ស្ដង់​ជាច្រើន​ដែល​រៀបចំ​ដោយ សែ​ល​កាត  System Expert ODC និង​ក្រុមហ៊ុន​ផ្សេងៗ​ជាច្រើន​ទៀត​។ ចំណុច​មួយទៀត​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ការ​ចូល​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម ដែល​មាន​ការ​ចូលរួម​ជាមួយ​អ្នក​ស្ម័គ្រ​ចិត្ត​ជាតិ និង​អន្តរជាតិ​។ អ្នក​ចូល​រួម​ទាំង​អស់ បាន​ផ្ដល់​ជា​សម្ភារៈ​សិក្សា និង​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​ដល់​មជ្ឈមណ្ឌល​នេះ និង​ជួយ​សម្អាត​បរិវេណ​ជុំវិញ ព្រម​ទាំង​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​នៅ​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម​។​

 

“​យើង​មាន​ក្ដី​រីករាយ​ចំពោះ​ព្រឹត្តិការណ៍​ស៊េរី​ចុងក្រោយ​ប្រចាំ​ឆ្នាំ​នេះ​ជាមួយ​ភាព​ជោគជ័យ​ក្នុង​ការ​រៀប​ចំ​នៅ​ខេត្ត​កំពង់ចាម​នេះ​។ ការ​បញ្ចប់​ទៅ និង​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បារ​ខែម​ប្រចាំ​ឆ្នាំ​នេះ ពិត​ទទួល​បាន​លទ្ធផល​លើស​ពី​ការ​រំពឹង​ទុក​។​” នេះ​ជា​ការ​លើក​ឡើង​របស់​តំណាង​បារ​ខែម​កម្ពុជា ហើយ​លោក​ក៏​បាន​បន្ថែម​ទៀត​ថា “​មុន​នឹង​ការងារ​ចាស់​បញ្ចប់​ទៅ យើង​កំពុង​ត្រៀម​រៀបចំ​គម្រោង​សម្រាប់​គំនិត​ផ្ដួចផ្ដើម​បារ​ខែម​ក្នុង​ឆ្នាំក្រោយ​ទៀត ដោយ​មាន​សុទិដ្ឋិនិយម​ផង​ដែរ​ថា​គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​បន្សល់​នូវ​វេទិកា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​សារប្រយោជន៍​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​យុវជន​ប្រកប​ដោយ​គំនិត​បង្កើត​ថ្មី និង​កសាង​អនាគត​អ្នក​ជំនាញ​បច្ចេក​វិទ្យា​ព័ត៌មានវិទ្យា​។​

 

ដោយ​បាន​លើកឡើង​អំពី​ការប្ដេជ្ញាចិត្ត​ក្នុង​បារ​ខែម​កម្ពុជា​ដើម្បី​បំផុស​វិស័យ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា លោក អៀន វ៉ាត​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត បាន​ថ្លែងឲ្យដឹងថា សែ​ល​កាត​នឹង​នៅតែ​បន្ត​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ​ឲ្យ​កាន់​តែ​រឹងមាំ​ឡើង​ថែម​ទៀត​។​
​លោក​បាន​បន្ត​ទៀត​ថា “​យើង​មាន​ទស្សន​វិស័យ​ប្រហាក់​ប្រហែល​គ្នា ហើយ​កំពុង​គ្រោង​នឹង​នាំ​យក​គំនិត​ផ្ដួចផ្ដើម​នេះ​ឲ្យ​បាន​ជ្រួតជ្រាប​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​នៅ​ឆ្នាំក្រោយ​។ បារ​ខែម​កម្ពុជា និង​សែ​ល​កាត ប្រឹងប្រែង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការបង្ហាញ​ពី​បច្ចេកវិទ្យា និង​គំនិត​បង្កើត​ថ្មីៗ ដើម្បី​ជា​មធ្យោបាយ​នាំ​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​តាម​រយៈ​ចំណេះដឹង​បច្ចេកវិទ្យា និង​គំនិត​ច្នៃប្រឌិត​របស់​កម្ពុជា​។ យើង​សង្ឃឹមថា​គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ត្រូវ​បាន​រៀបចំ​រួចរាល់​សម្រាប់​ឆ្នាំ​ក្រោយ​ដើម្បី​ផ្ដល់​នូវ​ការគាំទ្រ​ផ្សេងៗ​ដែល​យើង​អាច​ជំរុញ​គម្រោង​នេះ​ឲ្យ​ឈាន​ឡើង​ទៅ​កាន់​កម្រិត​បន្ទាប់​។​”

 

ព្រឹត្តិការណ៍​បារ​ខែម​កម្ពុជា​កន្លង​ទៅ​ក្នុង​ឆ្នាំនេះ បាន​រៀបចំ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា កំពត បាត់ដំបង តាកែវ និង ភ្នំពេញ​។​

 

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​បារ​ខែម​កម្ពុជា សូម​ចូល​ទៅ​កាន់ www.2015.barcampcambodia.org ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម