អាជ្ញាធរ​ឥណ្ឌូនេស៊ី​ដោះលែង​ពលករ​ខ្មែរ​១០​នាក់​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ

អាជ្ញាធរ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ដោះលែង​ពលករ​ខ្មែរ​ចំនួន ១០​នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​រក្សា​ទុក​នៅ​ការិយាល័យ​អន្តោប្រវេសន៍ តារេមប៉ា (Tarempa) នៃ​កោះ រ៉ាយអូ (Riau) នៃ​ប្រទេស​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឲ្យ​ដឹង​ថា ការ​ដោះលែង​នេះ​តប​តាម​ការ​ស្នើ​សុំ​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី។

អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ចាប់​ទូក​នេសាទ​ម៉ាឡេស៊ី ដែល​បាន​ចូល​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ទឹក​ឥណ្ឌូនេស៊ី ក្នុង​ពេល​កន្លង​មក​នេះ ហើយ​បាន​ឆែក​រក​ឃើញ​ពលករ​ខ្មែរ​ធ្វើការ​ខុស​ច្បាប់​នៅ​លើ​ទូក​នេសាទ​នោះ។

សេចក្តី​ប្រកាស​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ពលករ​ខ្មែរ​ទាំង ១០​នាក់​នោះ នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ខាង​មុខ​នេះ តាម​ការ​រៀបចំ​របស់​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី និង​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ព្រម​ទាំង​អាជ្ញាធរ​អន្តោប្រវេសន៍​ឥណ្ឌូនេស៊ី និង​ក្រុមហ៊ុន​ទូក​នេសាទ​ម៉ាឡេស៊ី។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ក៏​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ពលករ​ខ្មែរ​រង​គ្រោះ​ចំនួន ៣​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​ជួញដូរ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​គ្រោង​បញ្ជូន​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។