កម្ពុជា​ចំណាយ​ប្រហែល ៦​ម៉ឺន​ដុល្លារ រៀប​ចំ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី

កម្ពុជា​ចំណាយ​ប្រហែល ៦​ម៉ឺន​ដុល្លារ រៀប​ចំ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើង​ឯក​អាស៊ី បាន​ចាប់​ផ្ដើម​​តាំង​ពី​ថ្ងៃ​ទី១៧ និង​បញ្ចប់​ទៅ​វិញ​កាល​ពី​ថ្ងៃ​ទី១៩ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស១២។ បន្ទុក​ចំណាយ​លើ​ការ​ស្នាក់​នៅ និង​ទទួល​ទាន​របស់​ប្រតិភូ​កីឡាករ-កីឡា​ការិនី​ទាំង​អស់​ត្រូវ​ធ្លាក់​មក​លើ​ម្ចាស់​ផ្ទះ​កម្ពុជា ដែល​ត្រូវ​ចាយ​លុយ​អស់​ប្រហែល ៦​ម៉ឺន​ដុល្លារ។

 

កម្ពុជា​ចំណាយ​ប្រហែល ៦​ម៉ឺន​ដុល្លារ រៀប​ចំ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី
លោក អ៊ិន គឹម​ស្រ៊ុន​

 

លោក អ៊ិន គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​និយាយ​ថា តាម​ការ​ព្រមព្រៀង ប្រទេស​ដែល​ចូល​រួម​ត្រូវ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​ទាំង​​មក​និង​ត្រលប់​ទៅ​វិញ ចំណែក​ខាង​ម្ចាស់​ផ្ទះ​កម្ពុជា​ចេញ​ថ្លៃ​ស្នាក់​នៅ និង​ទទួល​ទាន​រហូត​ដល់​ចប់​ការ​ប្រកួត​ទាំង​ស្រុង។

 

ប្រតិភូ​ចូល​រួម​របស់​ប្រទេស​ទាំង១២ បូក​រួម​ទាំង​ម្ចាស់​ផ្ទះ​កម្ពុជា មាន​សរុប ១៩០​នាក់ ដែល​ត្រូវ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បែក​ចែក​ឲ្យ​ស្នាក់​នៅ​តាម​សណ្ឋាគារ៤ នៅ​​ជិត​ពហុកីឡដ្ឋាន​ជាតិ។ សណ្ឋាគារ​ទាំង ៤​នោះ​មាន ថោនវីយូរ រ៉ូសអ៊ីម៉ឺរ៉ល សំពៅ​មាស និង​សណ្ឋាគារ​ឌីម៉ូ។ លោក អ៊ិន គឹម​ស្រ៊ុន បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​ចាយ​លុយ​ប្រហែល ៦​ម៉ឺន​ដុល្លារ​សម្រាប់​ការ​រៀប​ចំ​ទាំង​អស់​នេះ។

 

ដោយ​សារ​ការ​ចំណាយ​មាន​ចំនួន​ច្រើន ទើប​ប្រទេស​នានា​មិន​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​​ប៉េតង់​ឡើយ ព្រោះ​គ្មាន​​ការ​ឧបត្ថម្ភ​គ្រប់​គ្រាន់​ដូច​កីឡា​បាល់​ទាត់ ឬ​ប្រដាល់។ ប្រទេស​ម៉ាឡេស៊ី​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ពួក​គេ​បាន​បោះ​បង់​ចោល ទើប​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​អាស៊ី ស្នើ​ឲ្យ​កម្ពុជា​ជា​អ្នក​រៀប​ចំ។

 

ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី​លើក​ទី២០ ឆ្នាំ​២០១៧ មិន​ទាន់​មាន​ប្រទេស​ណា​ចេញ​មុខ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឡើយ​ទេ។ ដោយសារ​បែប​នេះ​ហើយ ទើប​មាន​ព័ត៌មាន​លេច​ឮ​មក​ថា ការ​ប្រជុំ​គ្នា​រវាង​សមាជិក​ទាំង​អស់ គ្រោង​សម្រេច​ចែក​គ្នា​ចំណាយ​រៀង​ខ្លួន ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​ហាក់​មិន​យល់​ស្រប​ឡើយ ដោយ​អះ​អាង​ថា​ខ្លួន​គ្មាន​ធនធាន​ចូល​រួម​គ្រប់​គ្រាន់។ គេ​នៅ​មិន​ទាន់​ច្បាស់​​​ពី​ជោគវាសនា​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ប៉េតង់​អាស៊ី​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ខណៈ​ការ​ប្រកួត​ប៉េតង់​អាស៊ាន​ដែល​ទើប​ចាប់​ផ្ដើម ២លើក ក៏​ស្ងប់​ស្ងាត់​ដូច​គ្នា៕

 

កម្ពុជា​ចំណាយ​ប្រហែល ៦​ម៉ឺន​ដុល្លារ រៀប​ចំ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី

 

អត្ថបទ៖ គង់ វិសាល