សញ្ញាព្រមាន ១០យ៉ាង​ដែលអ្នកត្រូវទៅរកគ្រូពេទ្យភ្លាមៗ

បញ្ហា​សុខភាព ១០យ៉ាង​ដែលអ្នក​ត្រូវយកចិត្តទុក​ដាក់ និង​គួរទៅជួប​នឹងវេជ្ជបណ្ឌិត​ឲ្យបាន​ឆាប់។ អាការៈ​ឈឺក្បាល ឬឈឺពោះ​តិចតួច​បន្ទាប់ពីធ្វើការងារ​លំបាករួច មនុស្ស​ភាគច្រើន​មិន​អើពើ​នឹងអាការៈ​បែបនេះ​កើតឡើង​ជាប្រចាំថ្ងៃ រហូត​ដល់វា​ត្រូវ​យឺតពេល។ អាការៈ​ឈឺក្បាលអាច​បណ្តាល​មកពីភាពតានតឹង ប៉ុន្តែ​ក៏អាច​បណ្តាល​មកពីជំងឺជា​ច្រើនទៀត​ដូចជា ជំងឺ​បាត់បង់​ស្មារតី។
 
សញ្ញាព្រមាន ១០យ៉ាង​ដែលអ្នកត្រូវទៅរកគ្រូពេទ្យភ្លាមៗ
សម្រក​ទម្ងន់
ប្រសិនបើអ្នក​មិនមែន​កំពុងតមអាហារ ឬធ្វើលំហាត់ប្រាណ​សម្រកទម្ងន់ ប៉ុន្តែនៅ​តែស្រក​ទម្ងន់ (ច្រើនជាង ៥គីឡូរយៈ​ពេលពី ៦-១២ខែ ឬតិច​ជាងនេះ) អ្នកគួរតែ​ទៅជួប​នឹង​វេជ្ជបណ្ឌិត​ចំពោះបញ្ហាសម្រកទម្ងន់​លឿន ព្រោះវា​អាចជាសញ្ញា​នៃជំងឺទឹកនោមផ្អែម, រោគគ្រុន, របេង និង​ជំងឺមហារីក។
ឈឺក្បាល
អាការៈឈឺមួយ​ចំហៀងក្បាល និងឈឺក្បាល​ដោយសារធ្វើការងារ​ជារឿង​មួយធម្មតា ហើយវា​នឹងធូរស្បើយ បន្ទាប់ពីអ្នក​បានសម្រាក។ តែទោះបីជា​យ៉ាងណា អាការៈ​ឈឺក្បាល​ញឹកញាប់​អាចជា​ជំងឺធ្ងន់ធ្ងរ ព្រោះវា​អាចដោយសារ​កើតជំងឺ​លើសឈាម, ជំងឺដាច់សរសៃឈាម​ខួរក្បាល, រលាក​ស្រោមខួរ, ហូរឈាម ឬរបួស​ក្នុងក្បាល។
ស្ងាប
ស្ងាបញឹកញាប់​បណ្តាលមក​ពីគេងមិន​បានគ្រប់គ្រាន់, អស់​កម្លាំង ប៉ុន្តែក៏អាច​ជាសញ្ញានៃបញ្ហាសុខភាព​ផ្សេងទៀត​ដូចជា៖ ខូចថ្លើម, ជំងឺស្កន់, ជំងឺសរសៃប្រសាទ, ដុះសាច់​ក្នុង​ខួរក្បាល, ជំងឺដាច់សរសៃ​ឈាម​ខួរក្បាល។
ហត់នឿយខ្លាំង
មនុស្សគ្រប់រូប​តែងតែ​ហត់នឿយ បន្ទាប់ពីធ្វើការងារ​ពេញមួយថ្ងៃ ហើយអារម្មណ៏​នេះនឹងបាត់​ទៅវិញក្រោយ​ពេល​សម្រាករួច។ ប៉ុន្តែប្រសិនបើ​អ្នក​មាន​អារម្មណ៏​ហត់នឿយ​ក្នុងរយៈពេល​យូរ វាអាចបណ្តាល​មក​ពីជំងឺខ្វះឈាម, តប់ប្រមល់, ឬជំងឺបេះដូង។
ដកដង្ហើម​បានខ្លីៗ
ប្រសិនបើអ្នក​មានបញ្ហា​ដង្ហើម សូម្បីតែ​នៅពេលដើរ ត្រូវការ​យកចិត្តទុកដាក់​ចំពោះសុខភាព​ឲ្យបាន​ច្រើន ព្រោះវាអាច​ជាសញ្ញានៃជំងឺបេះដូង ឬជំងឺ​ផ្លូវដង្ហើម, ដូចជា៖ ជំងឺ​សួតរ៉ាំរ៉ៃ ឬរលាក​ទងសួត។
ជ្រុះសក់
ស្ត្រីភាគច្រើនតែងតែ​ត្អូញត្អែ​ពីបញ្ហាសក់ជ្រុះ ប៉ុន្តែគួរ​តែទៅធ្វើតេស្ត​ដើម្បី​ស្វែង​រកមូលហេតុ។ នៅក្នុង​ករណីខ្លះ បញ្ហាជ្រុះសក់ច្រើន​អាចជាសញ្ញា​នៃដុះដុំគីសក្នុងស្បូន, ជំងឺ​ខ្វះ​ឈាម, ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត។
ឈឺខ្លួន
អាការៈឈឺខ្លួនញឹកញាប់​ទាមទារឲ្យ​មានការ​យកចិត្តទុកដាក់​ជាពិសេស ព្រោះវាអាច​ជាសញ្ញា​នៃជំងឺ​អស់កម្លាំងរ៉ាំរ៉ៃ, រោគឈឺគន្លាក់ឆ្អឹង, ភាពតានតឹងខ្លាំង​ និង​ខូចសរសៃ​ប្រសាទ។ យោងតាមការសិក្សាស្រាវជ្រាវ​នៅក្នុង​ទស្សនាវដ្តី​ចំណីអាហារ​របស់ សហរដ្ឋអាមេរិច បានឲ្យ​ដឹងថា អាការៈឈឺចាប់​រាងកាយ​បណ្តាលមក​ពីខ្វះវីតាមីន D។
ស្ពឹក ឬស្កៀបៗ
ប្រសិនបើអ្នក​ធ្វើការ​ជាមួយនឹងកុំព្យូទ័រ​ពេញមួយថ្ងៃ ហើយស្ពឹកម្រាម​ដៃ នេះអាច​ជាសញ្ញានៃជំងឺ​ឈឺកដៃ។ អ្នកកើត​ជំងឺទឹកនោម​ផ្អែម, ឆ្កួតជ្រូក និង​ជំងឺសរសៃប្រសាទ​ក៏អាច​បណ្តាល​ឲ្យ​ស្ពឹកដៃ ស្ពឹក​ជើងដែរ។
ដួលសន្លប់ និង​មានអារម្មណ៏​វិលមុខ
ប្រសិនបើអ្នក​ឧស្សាហ៏មាន​អារម្មណ៏​វិលមុខញឹកញាប់ អ្នកគួរតែ​ប្រុងប្រយ័ត្ន ព្រោះវាអាចជាសញ្ញានៃ​សម្ពាធឈាមចុះ​ខ្សោយ, ចង្វាក់បេះដូង​លោតខុស​ចង្វាក់, ជាតិស្ករតិច និង​ជំងឺ​សរសៃប្រសាទ។
ហើមពោះ
អាការៈហើមពោះ​អាចបណ្តាល​មកពីជំងឺពោះវៀន។ វាកម្រជា​សញ្ញា​នៃជំងឺមហារីក​ស្បូន៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សញ្ញាព្រមាន ១០យ៉ាង​ដែលអ្នកត្រូវទៅរកគ្រូពេទ្យភ្លាមៗ