កម្រង​រូបភាព​ផ្អែមល្ហែម​របស់ ច​ន ច័ន្ទ​លក្ខិណា និង គូស្នេហ៍​ថ្មី​

​ច​ន ច័ន្ទ​លក្ខិណា តារា​សម្តែង និង បង្ហាញ​ម៉ូត​សម្រស់​ស្រស់​បែប​ធម្មជាតិ កំពស់​ត្រូវ​ស្តង់ដារ​ដែល​បាន​ចារ​ជាប់​​ឈ្មោះ​ជាតា​រា​ដ៏​មាន​ទេពកោសល្យ និង ប្រជាប្រិយភាព​នៅក្នុង​វិស័យ​សិល្បៈ​ល្បី​មិន​ក្រោម​ពីរ​ទសវត្សរ៍​
​ហើយ​ដែល​បាន​លែងលះ​ស្វាមី​ជាតា​រា​ល្បីឈ្មោះ​រួម​អាជីព​ដែរនោះ ពេលនេះ ក្រៅពី​បាន​បើកចំហ​ដួងចិត្ត ទទួលយក​ស្នេហ៍​ថ្មី ហើយក៏​ហ៊ាន​បង្ហាញមុខ​បុរស​កំពូល​ស្នេហ៍​ម្នាក់​នោះ​ឱ្យ​ទស្សនិកជន​បាន​ស្គា​ល់ហើយ នាង​ក៏​មិន​ញញើត​នឹង​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​អ្នកជំនួញ​ប្រាក់​លាន​ម្នាក់​នោះដែរ ស្រប​ពេលដែល ព័ត៌មាន​រៀបការ​ក៏​លេច​ឮថា​នឹង​ឈានចូល​មកដល់​នាពេល​ឆាប់ៗ​នោះ​។​

កម្រង​រូបភាព​ផ្អែមល្ហែម​របស់ ច​ន ច័ន្ទ​លក្ខិណា និង គូស្នេហ៍​ថ្មី​

​គូស្នេហ៍​ថ្មី​ជា​បុរស​ពោះម៉ាយ​វ័យ​៣៦​ឆ្នាំ ម្នាក់នេះ ត្រូវបាន ច​ន ច័ន្ទ​លក្ខិណា សារភាព​ប្រាប់​ទស្សនិកជន និង អ្នកសារព័ត៌មាន​ឱ្យបាន​ដឹង​តាំងតែ​ពី​នាង​និង​បុរស​ម្នាក់នេះ​បាន​ស្គាល់ចិត្ត​ថ្លើម​គ្នា​ប្រមាណ​ជា​កន្លះ​ឆ្នាំ​មកម្ល៉េះ ប៉ុន្តែ​បើទោះបីជា​ពេលនោះ នាង​ហ៊ាន​បណ្តើរ​សង្សា​ថ្មី​ឆ្លងដែន​រហូតដល់​ទឹកដី​ទីក្រុង ឌូ​បៃ ក៏​នាង​មិនទាន់​ហ៊ាន​បញ្ចេញ​ភាព​ផ្អែមល្ហែម​ជា​សាធារណៈ​ឱ្យ​ទស្សនិកជន​បានឃើញ​នៅឡើយ គឺ​ទើបតែ​រយៈកាល​កន្លងមក​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ដែល​នាង​ហ៊ាន​បញ្ចេញ​ភាព​ផ្អែមល្ហែម ដូច​ជាការ​បណ្តើរគ្នា​ធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស និង ក្រៅប្រទេស ប្រកបដោយ​ភាព​ស្និ​ទ្ធិ​ស្នាល​ប្រៀប​​ដូចជា​គូ​ស្វាមី​ដែល​ទើបនឹង​រៀបការ​ថ្មោងថ្មី ហើយ​ធ្វើការ​បង្ហោះ​រូប​ទៅក្នុង​បណ្តាញ​សង្គម​មិនតិច​សន្លឹក​នោះ​​ឡើយ​។​

កម្រង​រូបភាព​ផ្អែមល្ហែម​របស់ ច​ន ច័ន្ទ​លក្ខិណា និង គូស្នេហ៍​ថ្មី​

​ការលេចចេញ​រូបភាព​ផ្អែមល្ហែម ល្អូ​ន​ល្អិន ប្រកប​ទៅ​សុភមង្គល និង ទំនុកចិត្ត​រវាង​គ្នា​នឹង​គ្នា​នេះ ហាក់​ចង់បង្ហាញ ប្រាប់​ទស្សនិកជន​ថា​រវាង​នាង និង បុរស​ម្នាក់នេះ​មិនមែនជា​ស្នេហា​ភ្លើងចំបើង​ឬក៏​ស្នេហ៍​លេងសើច​​បញ្ចើចបញ្ចើ​ដាក់​លោក យុ​ត្ថា​រ៉ា ឆា​នី ដូចដែល​ទស្សនិកជន​បាន​និយាយ​នោះឡើយ​។ ហើយ​ពេលនេះ ក៏​ជា​ពេលដែល​ទស្សនិកជន​ត្រូវ​អបអរសាទរ​ដល់​គូស្នេហ៍​មេម៉ាយ​រៀងខ្លួន​មួយគូ​នេះ ស្របពេល​ដែល​រឿង​រ៉ាង ស្នេហ៍​ចាស់​ក៏បាន​ដាច់ស្រេច​រៀងៗ​ខ្លួន​ហើយ​នោះ​៕ ភូមិន្ទ​