លោក ជៀង អំ៖ កម្មករគប់ឡានទឹករបស់នគរបាល សងសឹកគំនុំចាស់ និងមន្រ្តីអ.ហ ម្នាក់រងរបួស, សមត្ថកិច្ចមិនតបតដាក់កម្មករវិញទេ កម្មករខ្លះវិលត្រឡប់ទៅវិញអស់ហើយ

ភ្នំពេញ៖ អភិបាលខេត្តស្វាយរៀង លោក ជៀង អំ បានថ្លែងបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅមុននេះបន្តិចថា ស្ថានការណ៍បាតុកម្មហិង្សា ប៉ុនដង្ហើមចង្រិត បានបិទបញ្ចប់វិញហើយ នាព្រឹកថ្ងៃអង្គារ នេះ បើទោះជាមានការគប់ឡានទឹក របស់នគរបាល ខេត្តស្វាយរៀង ខូចខាតបន្តិចបន្តួច និងបណ្តាលឲ្យមន្រ្តីកងរាជអាវុធហត្ថ (អ.ហ) ម្នាក់របួស គ្រាដែលកម្មករ បានបញ្ចេញកំហឹងដាក់ឡានទឹក ដោយសារខឹងវាបាញ់ទឹកដាក់កម្មករ កាលពីថ្ងៃចន្ទម្សិលមិញ។

លោក អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះព្រឹត្តការណ៍បាតុកម្ម នៅខេត្តស្វាយរៀង បានបញ្ជាក់ទៀតថា មានកម្មករមួយក្រុមតូច នៅពេលឃើញឡានពន្លត់អគ្គីភ័យរបស់នគរបាល ដែលឈប់សំចត នៅក្បែរតំបន់សេដ្ឋកិច្ចពិសេសនោះ ក៏កើតការគុំគួននិងសងសឹក ចំពោះឡានទឹកនោះ ហើយក៏បានគប់ដុំថ្ម ប្រសាចដាក់ឡាននោះ។

លោក បន្តថា ក្នុងពេលគប់នោះ មន្រ្តីអ.ហ បានទៅឃាត់កុំឲ្យគប់ ប៉ុន្តែកម្មករមិនស្តាប់ និងបន្តគប់ និងក៏ត្រូវមន្រ្តីអ.ហម្នាក់ បណ្តាលឲ្យរបួសធ្ងន់ត្រូវក្បាល និងម្នាក់របួសស្រាល។

យ៉ាងណាក៏ដោយ លោក អភិបាលខេត្ត បានដាក់បញ្ជារួចហើយ មិនឲ្យសមត្ថកិច្ចទាំងអស់ ប្រើកម្លាំងតបត ដាក់កម្មករទាំងនោះទេ។

“បងប្អូន(កម្មករ)យើង ភាគច្រើន មកពីផ្ទះ សំដៅមកធ្វើការទេ ប៉ុន្តែវាមានអ្នកដឹកនាំ ឲ្យធ្វើអីចឹង។ យើងពិបាកមែនទែន។ យើងមិនហ៊ានប្រើកម្លាំងអ្វី ប៉ះពាល់ដល់បងប្អូនទេ។ ប៉ុន្តែធ្វើម៉េច កុំឲ្យមានអំពើហិង្សា។”

យ៉ាងណាក៏ដោយ លោក អភិបាលខេត្តបានថ្លែងការអង្វករដល់កម្មករថា  “ប្រសិនបើមិនធ្វើការ សូមត្រឡប់ទៅវិញទៅ។ បងប្អូនកម្មករភាគច្រើន សុទ្ធតែល្អទេ គឺគាត់មកចង់ធ្វើការ”។

បើតាមលោក អភិបាលខេត្ត មិនមានការចាប់ខ្លួនកម្មករណាម្នាក់នោះទេ ហើយសភាពបានវិលត្រលប់ទៅសភាពធម្មតាវិញហើយ បន្ទាប់ពីកម្មករ ធ្វើដំណើរតាមឡានទៅវិញ៕