កាមេរ៉ាសុវត្ថិភាព ជាង២០០គ្រឿង ត្រូវបានដាក់ឲ្យដំណើរការ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងថា កាម៉េរាសុវត្ថិភាពជាង ២០០គ្រឿង នៅតាមស្តុប ដងវិថី តំបន់ទេសចរាចរណ៍ និងគោលដៅជាច្រើនកន្លែងទៀត ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីពេលនេះតទៅ ពិសេសគោលដៅសំខាន់ៗ ដែលមន្រ្តីនគរបាល បាននិងកំពុងបន្តដាក់ ក្នុងរាជធានីភ្នំពេញ ។

ក្នុងពិធីប្រគល់ និងទទួលនូវសម្ភារៈនិងកាម៉េរាសុវត្ថិភាព នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥រ វាងលោកឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈចិន ដែលដឹកនាំដោយលោក ហ៊ូ ប៊ិនជេន អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិក្រសួងសន្តិសុខសាធារណៈចិន លោកឧត្តមសេនីយ៍ឯក ប៉ោ ភក្រ្ត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងមហាផ្ទៃ បានលើកឡើងថា ថ្ងៃនេះជាពិធីប្រគល់ និងទទួលជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ក្រសួងសន្តិសុខសាធារណៈរដ្ឋប្រជាមានិត ជាសម្ភារៈសម្រាប់ប្រព័ន្ធកាម៉េរាសុវត្ថិភាព ដែលត្រូវបំពាក់ តាមស្តុប តំបន់ទេសចរ និងគោលដៅសំខាន់ៗ ដើម្បីបម្រើដល់ការគ្រប់គ្រងទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

លោកឧត្តមសេនីយ៍បន្តថា ភាគីទាំងពីរ បានពិភាក្សា និងបានព្រមព្រៀងចុះហត្ថលេខាឯកភាព អនុវត្តរួមគ្នា នៅក្នុងឆ្នាំ២០១៦នោះ គឺជាផ្តោតសំខាន់ ការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់និងសន្តិសុខ ឲ្យមានភាពស៊ីជំរៅ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ក៏ដូចជាពង្រឹងវិស័យសន្តិសុខផ្ទៃក្នុង ស្រាវជ្រាវ ស៊ើបអង្កេត បទល្មើសព្រហ្មទណ្ឌ ការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក បង្ក្រាបអំពើចោរកម្មឆ្លងដែន និងដោះស្រាយនូវរាល់បញ្ហាកើតមានឡើង ។ លោកឧត្តមសេនីយ៍បានឲ្យដឹងថា សម្ភារៈដែលត្រូវប្រគល់និងទទួលនៅថ្ងៃនេះមាន សម្ភារៈពាក់ព័ន្ធទៅនិងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ និងទូរស័ព្ទទាន់ហេតុការ ដែលយើងបាននិងកំពុងបន្តដំឡើង និងបានដាក់ឲ្យប្រើប្រាស់ជាបណ្តើចាប់ពីពេលនេះ។ ជំនួយនេះដែរជាការស្នើសុំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងឳកាសអញ្ជើញទៅបំបេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនកាលពីពេលកន្លងទៅនោះ។

ជាមួយគ្នានោះ លោក ហ៊ូ ប៊ិនជេន អនុប្រធាននាយកដ្ឋាន កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ដើម្បីអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការនេះ បានជោគជ័យ ភាគីចិន បានផ្តល់ជំនួយជាថវិកាប្រមាណ ៥លានយ័ន ក្នុងនោះក៏ មានផ្តល់សំភារៈនគរបាល សម្រាប់ប្រតិបត្តិការការងារកិច្ចសហប្រជាប្រតិបត្តិការ ជាច្រើនទៀតផងដែរ។ ភាគីចិនមានគម្រោងផ្តល់ជំនួយបន្ថែមទៀត ដល់ភាគីកម្ពុជា នៅក្នុងឆ្នាំ២០១៦នេះ ក្នុងនោះមានដូចជារថយន្តពន្លត់អាគ្គិភ័យ កាំភ្លើងបាញ់ទឹក និងកាម៉េរា អេសឌី ជាដើម។ លោកថា ក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងក្រសួងសន្តិសុខសាធារណៈចិន បានចាត់ទុកគ្នាជាមិត្តដ៏ល្អ ជាដៃគូជិតស្និត ការផ្តល់ជំនួយដល់មិត្តភក្រល្អ ក៏ដូចជាយើងជួយខ្លួនឯងដែរ។ លោកមានជំនឿថាកិច្ចសហការនេះនិងដើរតួនាទីដ៏សំខាន់សម្រាប់ការពារសន្តិសុខដល់ប្រជាជននៃប្រទេសទាំងពីរ។

លោក ឆៃ ស៊ីណារិទ្ធ បានថ្លែងថា កម្ពុជាពិតជាអរគុណខ្លាំងណាស់ដល់មិត្តចិន ដែលតែងតែជួយដល់កម្ពុជា នៅគ្រប់កាលទេសៈ ពិសេសបានជួយលើផ្នែកការការពារសន្តិសុខ សណ្តាប់ ធ្នាប់ និងនៅចំបោះមុខនេះទៀត មិត្តចិនបានផ្តល់ជំនួយឥតសំណង លើប្រព័ន្ធគ្រប់គ្រងចរាចរណ៍ សុទ្ធសឹងតែជាតម្រូវការចាំបាច់ ក្នុងការជួយការពារសេចក្តីសុខរបស់ប្រជាជន ក្រសួងមហាផ្ទៃនិងយកជំនួយទាំងនេះ ទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការការពារសន្តិសុខ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា ផងដែរ៕