​អ្នកមានអំណាច​ឃុបឃិត​គ្នា​រំលោភ​យក​ដី​រដ្ឋ​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​

ប្រជាពលរដ្ឋ​ស្រុក​សន្ទុក​បាន​លើកឡើងថា កន្លងមក និង​បច្ចុប្បន្ន​មានការ​ត្រូវរ៉ូវ​គ្នា​ពី​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​ជំនាញ​ក្នុងការ​ឈូក​ឆាយ​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​យកទៅ​ធ្វើជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​ជាច្រើន​កន្លែង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សន្ទុក លុះ​ពេល​ធ្លាយ​រឿង និង​មានការ​រិះគន់​ផង​ក៏​នាំគ្នា​ទៅ​ទប់ស្កាត់​វិញ​។ ប្រភព​ដដែល​នេះ បាន​បន្ត​ឲ្យ​ដឹងថា ពួកគាត់​សង្ស័យថា គឺ​លោ​កមេ​ប៉ុស្តិ៍​បឹងល្វា ឈ្មោះ ហាក់ សារ៉ាត់ បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក​សន្ទុក​លក់​ដី​នេះ​ឲ្យ​ឈ្មួញ​មាន​ឥទ្ធិពល​ឈ្មោះ​ម៉េង និង​ប្រពន្ធ​ឈ្មោះ ស្រូ​យ​។​

ជុំវិញ​បញ្ហា​នេះ លោក ហាក់ សារ៉ាត់ មេ​ប៉ុស្តិ៍​បឹងល្វា បាន​ថ្លែង​ការពារ​ខ្លួន​ថា តាមពិត​លោក​គ្រាន់តែ​ដឹង​ឈ្មោះ ម៉េង នោះគេ​ចុះមក​ទិញ​ដី​តែប៉ុណ្ណោះ ហើយ​ពេល​ចុះមក​ម្ដងៗ​គឺ​តែងតែ​ផ្ញើ​រថយន្ត​នៅ​ប៉ុស្តិ៍​គាត់​ជាហេតុ​ធ្វើ​ឲ្យ​គាត់ និង​ឈ្មោះ ម៉េង ស្គាល់គ្នា​។ មន្ត្រី​ដដែល​បាន​បន្ថែមថា​ក្នុង​រឿង​រត់ការ​ទិញ​ដី​គឺ​គាត់​បាន​ជូន​ឈ្មោះ ម៉េង ទៅ​ស៊ី​ញ៉េ​ពី​លោក​អភិបាលស្រុក​មែន ប៉ុន្តែ​សូម្បីតែ​លុយ​ចាក់​សាំង​១​រៀល​ក៏​លោក​មិនបាន​ផង​គ្រាន់តែ​ជូនទៅ​ធម្មតា​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា​ដីព្រៃ​ដែល​ត្រូវ​ឈូសឆាយ​មាន​ទំហំ​ប្រមាណ​២០០​ហិកតា នៅក្នុង​ភូមិ​អូរ​គគីរ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ ដែល​ធ្វើឡើង​ដោយ​ឈ្មួញ​ឈ្មោះ ម៉េង ប្រពន្ធ​ឈ្មោះ ស្រូ​យ លក់​គ្រឿងសំណង់​នៅ​ផ្សារ​តាំងគោក ស្រុក​បារាយណ៍ ហើយ​មាន​អ្នក​រត់ការ​ឈ្មោះ កែវ រតនៈ ក្នុងនោះ​មាន​យកឈ្មោះ​ថា្នក់ ដឹកនាំ​ជាន់ខ្ពស់​មក​អះអាង​ទៀតផង​។ ចំពោះមុខ​បញ្ហា​នេះ​លោក ឈាង មាលា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយា នៅក្នុង​ស្រុក​សន្ទុក បាន​បញ្ជាក់ថា​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​ខាងលើ​មាន​ពាក្យស្នើសុំ ប៉ុន្តែ​មិនទាន់មាន​ការអនុញ្ញាត​ច្បាប់​នោះទេ​។​

​ជុំវិញ​រឿងអាស្រូវ​ខាងលើនេះ លោក ពេជ្រ សុធា អភិបាលស្រុក​សន្ទុក បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បើ​ឃើញ​មាន​សកម្មភាព​ឈូសឆាយ​ដីព្រៃ​ដោយ​គ្មាន​ច្បាប់​សូម​ប្រាប់​មក​គាត់ ប៉ុន្តែ​នៅពេល​បញ្ជាក់​ពី​ទីកន្លែង​ឈូសឆាយ​ខាងលើ លោក​អភិបាលស្រុក​បាន​តប​ថា​លោក​ជាប់រវល់​សិក្ខា​សិលា​នៅ​ភ្នំពេញ​។ យ៉ាងណាក្តី​ប្រជាពលរដ្ឋ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​បាន​រិះគន់​ថាបើ​គ្មាន​ការ​ត្រូវរ៉ូវ​ពី​មន្ត្រី​ជំនាញ​ឈ្មួញ​ក៏​មិនអាច​ទន្ទ្រាន​យក​ដី​រដ្ឋ​បាន​ដោយ​ងាយស្រួល​នោះទេ​៕

btv-a1255-696x433btv-a1256