លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ មិនគួរ​មើលរំលង​អំពើពុករលួយ​នៅ​មន្ទីរអប់រំ​នៅ​ខេត្ត​ព្រះសីហនុ​នោះទេ​

រឿងអាស្រូវ​ពុករលួយ​នៅក្នុង​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះសីហនុ ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ ហើយ​បញ្ហា​នេះ​លោក កែវ ឡាយ ដែលជា​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះសីហនុ មិនអាច​ដោះសា​យករួចខ្លួន​បានឡើយ​។ ជាមួយគ្នានេះ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា មិនត្រូវ​មើលរំលង​អំពើពុករលួយ​នៅក្នុង​មន្ទីរអប់រំ​ខេត្ត​ព្រះសីហនុ​ទេ ហើយ​មន្ត្រី​ពុករលួយ​ខិលខូច​គួរ​ទទួលរង​ពិន័យ​តាមច្បាប់​។ បើ​មិន​ដូច្នេះ​ទេ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ ក្លាយទៅជា​រឿង​គ្មាន​ន័យ​អ្វី​ទាំងអស់​ព្រោះ​អំពើពុករលួយ​ក្នុង​វិស័យ​អប់រំ​នៅតែ​បន្ត​កើតឡើង​ដដែល​។

រឿងអាស្រូវ​ពុករលួយ​នៅ​មន្ទីរអប់រំ​ខេត្ត​ព្រះសីហនុ គឺ​ផ្ដើមចេញពី​លោកគ្រូ អ្នកគ្រូ មួយចំនួន​ចង់បាន​កន្លែង​បង្រៀន​ដែល​ល្អ ហើយ​ពឹងពាក់​ឈ្មោះ អ៊ឹម បូរិទ្ធ អនុប្រធាន​ការិយាល័យ​រដ្ឋបាល​និង​បុគ្គលិក​នៃ​មន្ទីរអប់រំ​ខេត្ត​ឲ្យ​ជួយ​រត់ការ​ដោយ​ចំណាយលុយ​យ៉ាងច្រើន​។ លោកគ្រូ អ្នកគ្រូ និង​មន្ត្រី​ក្នុង​មន្ទីរអប់រំ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ចាញ់បោក​ឈ្មោះ អ៊ឹម បូរិទ្ធ អស់​លុយ​ម្នាក់ៗ​២០០​ទៅ​រាប់ពាន់​ដុល្លារ ដើម្បី​ផ្លាស់ប្ដូរ​ទីកន្លែង​បង្រៀន ទីកន្លែង​ធ្វើការ និង​ឡើង​កម្រិត​បង្រៀន​ជាដើម​។ ប៉ុន្តែ​នៅពេលដែល​ពួកគាត់​បង់លុយ​រួច គឺ​បុគ្គល អ៊ឹម បូរិទ្ធ មិនអាច​ជួយ​អ្វី​បានទេ ហេតុនេះហើយ​ទើប​ពួកគាត់​នាំគ្នា​ទៅ​តវ៉ា​ដល់​មន្ទីរអប់រំ​ខេត្ត​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ លោក កែវ ឡា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះសីហនុ បាន​ដោះសា​ថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើនេះ​ទេ ហើយ​អះអាងថា ជា​រឿង​បុគ្គល អ៊ឹម បូរិទ្ធ ដែល​ឈ្លាត​ឱកាស​រកស៊ី​ក្រៅ​។ ប៉ុន្តែ​មន្ត្រី​មន្ទីរអប់រំ​និង​លោកគ្រូ អ្នកគ្រូ មួយចំនួន​បានបញ្ជាក់​ថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក កែវ ឡា ទេនោះ​គឺ​បុគ្គល អ៊ឹម បូរិទ្ធ ដែលមាន​ឋានៈ​ជា​អនុប្រធាន​ការិយាល័យរ​ដ្ឋ​បាល​និង​បុគ្គលិក មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។ ហេតុនេះ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋ​ម​ន្ត្រី្ក​ក្រសួង​អប់រំ​យុវជន​និង​កីឡា មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់ការ​តាមច្បាប់​ទៅលើ​មន្ត្រី​ខិលខូច​ពុករលួយ​ជាបន្ទាន់​បំផុត​៕

hangchounnarun620