​រថយន្ត​បុក​ម៉ូតូ​​ជិះឆ្លង​ផ្លូវ​បណ្តាល​ឱ្យ​​​យុវសិស្ស​​ម្នាក់​ស្លាប់​​​ និ​​ម្នាក់​​​របួស​ធ្ងន់​ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤

​​ខេត្ត​ព្រះ​សីហនុ ៖ ​មន្ត្រី​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងរវាង​​​រថយន្ត​បុក​ជា​មួយ​ម៉ូតូ​​ ខណៈ​ដែល​ម៉ូតូ​ជិះ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​មួយ​គ្រឿងបុក​ពេញ​ទំហឹង បណ្តាល​ឱ្យ​ក្មេង​ស្រី​​ជា​សិស្ស​សាលា​ម្នាក់​​ស្លាប់​​​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​ក្មេង​ស្រី​​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ​កាល​ពី​វេលាម៉ោង​​​១០​ព្រឹក​ថ្ងៃទី​២២ ធ្នូ ​នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ​៤ ​ស្ថិតនៅ​ភូមិ​បិតត្រាង ឃុំ​បិត្រាង ​ស្រុក​ព្រៃនប់ ​។ ក្រោយ​កើត​ហេតុ​អ្នក​បើក​បរ​រថយន្ត​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ​៕

ប្រភព​បន្ត​ថា ​​ក្មេង​ស្រី​​ដែល​រង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​គន្លីនិក​ឯក​ជន​មួយ​​នៅ​ខេត្ត​ព្រះសីហនុ ចំណែក​ក្មេង​ស្រី​ដែល​ស្លាប់​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

​គួររំឭក​​ដែរ​ថា ​​​នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៤​​​ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​​ស្រុក​ព្រៃនប់ ​នៃ​ខេត្ត​ព្រះសីហនុ គេ​​​សង្កេត​ឃើញ​ថា ចាប់​ពី​ដើមខែ​ធ្នូ រហូត​​ជិត​ដំណាច់​ខែ​ធ្នូ ២០១៥ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​បានកើត​ឡើង​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ៕